Range Rover Evoque នឹងមានប្រភេទតួវែង បំពាក់កៅអី ៣ជួរដែរ

  • 2020-05-22 05:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រុមហ៊ុន Land Rover កំពុងតែរវល់ធ្វើតេស្តរថយន្ត Range Rover ជំនាន់ថ្មី ប៉ុន្តែក៏មិនភ្លេចពី SUV ខ្នាតតូចដែលលក់ដាច់បំផុតរបស់ខ្លួនដែរ គឺ Range Rover Evoque។

យោងតាមរបាយការណ៍កាលពីខែមករា បង្ហាញឲ្យឃើញថា ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ នឹងធ្វើការអាប់ដេតដ៏ធំមួយលើម៉ាស៊ីន Evoque។ ក្នុងនោះដែរ រូបថតដែលគេទើបប្រមាញ់បានថ្មីៗបង្ហាញថា រថយន្ត Evoque នឹងមានប្រភេទតួវែង បំពាក់កៅអី ៣ជួរ ឬ ៧កៅអី។

ទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ឡើយថា Range Rover Evoque ប្រភេទ ៧កៅអីនេះ នឹងមានលក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបឬអត់ ប៉ុន្តែច្បាស់ណាស់ថាទីផ្សារចិន និងអាស៊ីដទៃទៀត ក៏ដូចជារុស្ស៊ីដែរនោះ ប្រាកដជាមានលក់ ដោយសារតែទំនោរពេញនិយមលើរថយន្តកៅអី ៣ជួរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Land Rover ទើបតែបានបញ្ចេញរថយន្ត Range Rover Evoque P300e ដែលបំពាក់ម៉ាស៊ីន Plug-in Hybrid ចំណុះ ១,៥លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៩៧សេះ គាំទ្រដោយម៉ូទ័រអគ្គិសនីកម្លាំង ១០៧សេះ និងអាគុយកម្លាំង ១៥គីឡូវ៉ាត់ម៉ោងមួយទៀត ដែលមានកម្រិតស៊ីសាំងត្រឹម ១,៤លីត្រក្នុង ១០០គ.ម៉ ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦៦គីឡូម៉ែត្រ និងអាចសាកភ្លើងពី ០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ៕

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សេង ឡុង