អ្នកទិញឡាននៅវៀតណាមចំណេញលុយរាប់ពាន់ដុល្លារ ក្រោយរដ្ឋាភិបាលធ្វើរឿងមួយ

  • 2020-05-22 07:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​​មន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​យល់​ព្រម​កាត់​បន្ថយ​ថ្លៃ​ចុះ​បញ្ជី​សម្រាប់​រថយន្ត​​ដំឡើង និង​ផលិត​ក្នុង​ស្រុក​ចំនួន ៥០%​ ដែល​ពី​មុន​មក​​ថ្លៃ​ចុះ​បញ្ជី​អាច​ស្មើ​នឹង ១២% នៃ​តម្លៃ​រថយន្ត​ឯណោះ។ ការ​សម្រេច​បែប​នេះ​គឺ​​ដើម្បី​ឲ្យ​ទីផ្សារ​រថយន្ត​នៅ​វៀតណាម​មាន​សន្ទុះ​ឡើង​វិញ ​អំឡុង​ពេល​ដែល​តម្រូវ​ការ​មាន​ការ​ថយ​ចុះ។

ច្បាប់​នា​ពេល​បច្ចុប្បន្ន​​ ការ​ចុះ​បញ្ជី​សម្រាប់​រថយន្ត​គ្រួសារ​ធម្មតា ឬ​រថយន្ត​ដែល​មាន​កៅអី​តិច​ជាង ៩កៅអី នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​ ៨ គឺ​គិត​ថ្លៃ ១២% នៃ​តម្លៃ​រថយន្ត។ ខេត្ត​​ក្រុង​ទាំង ៨ រួម​មាន​ Hanoi, Quang Ninh, Hai Phong, Lao Cai, Cao Bang, Lang Son, Son La និង Can Tho។ ចំណែក​នៅ​ខេត្ត​ Ha Tinh គឺ​គិត​ថ្លៃ ១១% ហើយ​នៅ​ Ho Chi Minh, Danang និង​ក្រុង​ដទៃ​ទៀត​គិត​ថ្លៃ ១០%។

សម្រាប់​រថយន្ត​ភីកអាប់​វិញ ក្នុង​ខេត្ត​ ៨ ដែល​រៀប​រាប់​ដំបូង​គេ​គឺ​គិត​ថ្លៃ ៧,២%, នៅ​ខេត្ត Ha Tinh គិត​ថ្លៃ ៦,៦% និង​នៅ​ខេត្ត​ក្រុង​ដទៃ​ទៀត​គិត​អត្រា ៦%។ ដូច​នេះ​សម្រាប់​រថយន្ត​ Toyota Fortuner ដែល​មាន​តម្លៃ​ប្រមាណ ៥៧ ៨២០ដុល្លារ អតិថិជន​ត្រូវ​ចំណាយ​ប្រមាណ ៦៩៥៥ដុល្លារ​ លើ​ថ្លៃ​ចុះ​បញ្ជី ប៉ុន្តែ​​ក្រោយ​មាន​ការ​ចុះ​ថ្លៃ ៥០% ដូច​នេះ​ការ​ចុះ​បញ្ជី​​​នៅ​សល់​ត្រឹម ៣៤៧៨ដុល្លារ ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ការ​កាត់​បន្ថយ​ថ្លៃ​ចុះ​បញ្ជី​នេះ​មាន​ប្រសិទ្ធភាព​​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ដែល​អាច​ជួយ​ឲ្យ​អតិថិជន​សន្សំ​លុយ​បាន​រាប់​ពាន់​ដុល្លារ។ ​យ៉ាងណាក្ដី​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​ការ​ចុះ​តម្លៃ​ពាក់​កណ្ដាល​នេះ នឹង​ចាប់​ផ្ដើម​មាន​ប្រសិទ្ធភាព​ពី​​ថ្ងៃ​ណា​នោះ​ទេ។

​បន្ថែម​ពី​លើ​ការ​ចុះ​បញ្ជី​អស់​តិច​ជាង​មុន អតិថិជន​នៅ​វៀតណាម​ក៏​រំពឹង​ថា​អាច​ទទួល​បាន​នូវ​ប្រម៉ូសិន​ទាក់ទាញ​ពី​ហាង​លក់​រថយន្ត​ដែល​ចង់​ស្រោច​ស្រង់​ដើម​ឡើង​វិញ​ពី​ការ​ខូច​ខាត​ព្រោះ​ជំងឺ​កូវីដ​១៩។

អ្នក​វិភាគ​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ដោយ​ថ្លៃ​ចុះ​បញ្ជី​គឺ​កាត់​បន្ថយ​សម្រាប់​តែ​រថយន្ត​ដំឡើង និង​ផលិត​ក្នុង​ស្រុក ដូច​នេះ​រថយន្ត​ដែល​នាំ​ចូល​ពី​បរទេស​អាច​នឹង​ត្រូវ​កាត់​បន្ថយ​តម្លៃ​របស់​ខ្លួន​ដើម្បី​ប្រកួតប្រជែង៕

ប្រភព៖ Vietnamnet   ប្រែ​សម្រួល៖ សុខហេង