ក្រសួងប្រៃសណីយ៍ បញ្ជាក់រឿងកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ

  • 2020-05-25 07:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងជំរុញឲ្យនិយ័តករទូគមនាគមន៍កម្ពុជា​(TRC)សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ពន្លឿនការអនុវត្តន៍លេខកូដរួមដើម្បីកុំឲ្យមានបញ្ហាកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ដោយសារមានការត្អូញត្អែរពីបញ្ហាកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងបានជំរុញឲ្យនិយ័តករទូគមនាគមន៍កម្ពុជា​(TRC)សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ពន្លឿនការអនុវត្តលេខកូដរួមដែលបានបង្កើតរួចហើយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត។

ក្នុងសេចក្តីជូនដំណឹងនោះក៏បានអំពាវនាវឲ្យអ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាពលើកការប្រើប្រាស់សេវាកម្ម និងសេវាកម្មបន្ថែមរបស់បណ្តាក្រុមហ៊ុននីមួយៗឲ្យបានច្បាស់លាស់ មានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានច្បាស់លាស់ផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា