ភ្ញាក់ផ្អើល! អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្លាប់​បញ្ចូល​សំឡេង​ក្នុង​ The Simpsons

  • 2020-05-25 09:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស លោក Tony Blair ធ្លាប់​បាន​បញ្ចូល​សំឡេង​នៅ​ក្នុង​រឿង​តុក្កតា​ចំណាស់​ជាង ៣០ឆ្នាំ The Simpsons កាល​ពី​លោក​នៅ​កាន់​តំណែង​តែ​ម្ដង​ កាល​ពី​ឆ្នាំ​២០០៣។

លោក Tony Blair នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស (១៩៩៧-២០០៧)

លោក​បាន​បញ្ចូល​សំឡេង​ក្នុង​វគ្គ "The Regina Monologue'' ដែល​និយាយ​អំពី​គ្រួសារ​ត្រកូល Simpsons ទៅ​ដើរ​លេង​នៅ​ចក្រភពអង់គ្លេស​។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN បាន​ឲ្យ​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ ចូលចិត្ត​មើល​រឿង​តុក្កតា​នេះ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​មើល​ជាមួយ​កូនៗ​របស់​លោក​ទៀត​ផង​។

ចំណែក​រឿងរ៉ាវ​ក្រៅ​ឆាក​វិញ លោក Blair បាន​ថត​សំឡេង​តាំង​ពី​ខែ​មេសា ឯ​វគ្គ​នោះ​វិញ​ចាក់​បញ្ចាំង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៣។ នៅ​កាល​នោះ​ដែរ នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​លោក​នាយករដ្ឋមន្ត្រី Blair បាន​សង្កត់​ធ្ងន់​ទៅ​កាន់​អ្នក​ផលិត​រឿង​ថា ការ​បង្ហាញ​ខ្លួន​របស់​លោក Blair ក្នុង​តុក្កតា​គឺ​ ចង់​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​អង់គ្លេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង​ The Simpsons ជា​រឿង​តុក្កតា​ជា​កំណត់ត្រា​ពិភពលោក ខាង​មាន​តារា​កិត្តិយស​ច្រើន​ជាង​គេ​លើ​លោក ដោយ​សរុប​ទាំង​អស់​មាន ៨១០​រូប​ ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​របស់​លោក។ ក្នុង​នោះ​ដែរ មាន​តែ​នាយករដ្ឋមន្ត្រី Tony Blair ប៉ុណ្ណោះ​ ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​តែ​មួយ​គត់​ ដែល​បាន​បង្ហាញ​ក្នុង​រឿង​នេះ៕

ខាង​ក្រោម​នេះ​ជា​ឈុត​របស់​លោក Tony Blair៖

ប្រភព៖ CNN | guinnessworldrecords   ប្រែ​សម្រួល៖ ហ៊ីម រស្មី