រំជួលចិត្ត! ប្រវត្តិសុនខភក្ដី Hachiko ដ៏កម្សត់របស់ជប៉ុន
- 2020-05-25 15:17:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! ប្រវត្តិសុនខភក្ដី Hachiko ដ៏កម្សត់របស់ជប៉ុន
ចន្លោះមិនឃើញ
នៅស្ថានីយរថភ្លើង Shibuya សារមន្ទីរ Akita និងនៅសាកលវិទ្យាល័យតូក្យូប្រទេសជប៉ុន គេឃើញមានរូបសំណាកសត្វសុនខមួយក្បាល។ រូបសំណាកនោះ ត្រូវគេធ្វើឡើងដើម្បីតំណាងឲ្យសត្វសុនខឈ្មោះ Hachiko ដែលមានភក្ដីភាពចំពោះម្ចាស់របស់វា។ វាបានក្លាយជានិមិត្តសញ្ញានៃភាពស្មោះត្រង់ និងស្ថិតជាប់ក្នុងបេះដូងប្រជាជនជប៉ុនទាំងឡាយ។
រូបសំណាក Hachiko
ប្រវត្តិសុនខ Hachiko
Hachiko បានកើតនៅឆ្នាំ១៩២៣ ក្នុងកសិដ្ឋានមួយ នៅក្រុង Odate នៃខេត្ត Akita។ វាត្រូវបានសាស្ត្រាចារ្យម្នាក់ឈ្មោះ Hidesaburo Ueno យកមកចិញ្ចឹម និងចាត់ទុកវាដូចសមាជិកក្រុមគ្រួសារដែរ។ ជារៀងរាល់ថ្ងៃ Hachiko តែងជូនដំណើរម្ចាស់វាទៅដល់ស្ថានីយរថភ្លើង Shibuya ហើយក៏តែងរង់ចាំពេលលោកសាស្ត្រាចារ្យត្រលប់មកពីធ្វើការវិញដែរ។
រង់ចាំម្ចាស់ មិនឃើញត្រលប់មកវិញ
ក្នុងឆ្នាំ១៩២៥ ជាអកុសលលោកសាស្ត្រាចារ្យដែលជាម្ចាស់របស់ Hachiko បានស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ដែលមិនអាចវិលត្រលប់មកជួបគ្រួសារ ព្រមទាំងសុនខ Hachiko ជារៀងរហូត។ Hachiko បានរង់ចាំម្ចាស់របស់ខ្លួនរៀងរាល់ថ្ងៃ រយៈពេល១០ឆ្នាំ មិនដែលខានមួយថ្ងៃណាឡើយ បើទោះបីជាវាត្រូវបានមើលថែរក្សាពីក្រុមគ្រួសារលោកសាស្ត្រាចារ្យក្ដី។ វាតែងតែទៅរង់ចាំយ៉ាងអន្ទះសារ នៅពេលរថភ្លើងស្ថានីយ ប៉ុន្តែការរង់ចាំជួបម្ចាស់របស់ខ្លួន ពុំបានក្លាយជាការពិតនោះឡើយ។
ភាពស្មោះត្រង់របស់ Hachiko ទទួលបានការចាប់អារម្មណ៍ពីប្រជាជនជប៉ុន
រឿងរបស់សុនខដែលមានភក្ដីភាពចំពោះម្ចាស់ ទទួលបានការចាប់អារម្មណ៍ពីអ្នកដំណើរ រហូតល្បីដល់ប្រជាជនជប៉ុនជាច្រើនទៀត ដែលធ្វើឲ្យពួកគេនាំគ្នាមកមើលសុនខ Hachiko ដល់ស្ថានីយ៍រថភ្លើង។ អ្នកដំណើរ និងបុគ្គលិកស្ថានីយរថភ្លើង ដែលធ្លាប់ដឹងរឿងរបស់ Hachiko និងម្ចាស់ សុទ្ធតែរំជួលចិត្ត ពេលឃើញវាចាំម្ចាស់ដែលមិនអាចត្រលប់មកជួបបែបនេះ។ ក្នុងខែមិនាឆ្នាំ១៩៣៥ ពោលគឺ១០ឆ្នាំនៃការរង់ចាំ សត្វសុនខដែលមានភក្ដីភាពនេះ ត្រូវបានគេប្រទះឃើញងាប់នៅលើដងផ្លូវនៃសង្កាត់ Shibuya។ ក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ និងបុគ្គលិកនៃស្ថានីយរថភ្លើង បានធ្វើបុណ្យកាន់ទុក្ខ ឯរូបសំណាកក៏ត្រូវបានគេធ្វើឡើង ដើម្បីរំលឹកពីភក្ដីភាពរបស់វា។
ក្នុងឆ្នាំ២០០៩ រឿងរ៉ាវសត្វសុនខស្មោះត្រង់ ត្រូវបានបរិយាយក្នុងភាពយន្តហូលីវូដមួយដែលមានចំណងជើងថា Hachi: A dog's Tale ដែលផ្អែកលើរឿងពិតរបស់សត្វសុនខ Hachiko។
សព្វថ្ងៃរូបសំណាករបស់សត្វសុនខមួយនេះត្រូវបានគេធ្វើឡើង នៅតាមទីកន្លែងជាច្រើន ដូចជាស្ថានីយរថភ្លើង Shibuya និងនៅសារមន្ទីរ Akita ជាដើម ហើយផ្នូររបស់វា ក៏ត្រូវបានគេធ្វើជិតផ្នូររបស់លោកសាស្ត្រាចារ្យ Ueno ផងដែរ។ សត្វសុនខ Hachiko បានក្លាយជានិមិត្តរូបនៃភាពស្មោះត្រង់ សម្រាប់ប្រជាជនជប៉ុនដោយសារភក្ដីភាពរបស់វាចំពោះម្ចាស់៕
ខ្សែភាពយន្ត Hachi: A dog's Tale ដែលលេងតាមរឿងពិតរបស់សុនខ Hachiko៖