Jungkook រងភាពភ័យ​ខ្លាច​ ពេលគិត​ដល់ថ្ងៃ​ BTS ត្រូវ​រំសាយ​ក្រុម និងទម្លាយ​ចំណុច​ប៉ះពាល់​ខ្លាំង

  • 2020-05-28 01:33:35
  • ចំនួនមតិ 4 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


BTS មិន​ត្រឹម​តែ​ជា​ក្រុម​ចម្រៀង​ទេ ពួកគេ​ក៏​ជា​គ្រួសារ​តែ​មួយ​ដែល​រស់​នៅ​ រួម​សុខទុក្ខ​ជាមួយគ្នា​អស់​រយៈពេល​ជាយូរ ដោយ​បាន​ចាប់​ដៃ​គ្នា​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ សឹង​ស្មាន​មិន​ដល់​នាពេល​កន្លងមក។ ដើរ​ជាមួយ​គ្នា​រយៈពេល​ជាយូរ​មក​នេះ​ វា​ពិត​ជា​ពិបាក​នឹង​ស្រមៃ​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ខ្លះ​ ពេល​ថ្ងៃ​ណា​មួយ​​ដែល​ក្រុម​ត្រូវ​បំបែកមក​ដល់ ហើយ​នឹក​ដល់​រឿង​នេះ​ Jungkook ព្រួយ​​ខ្លាំង។

នៅ​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០២០ BTS បាន​បង្ហាញភាគ​ថ្មី​របស់​ «Break The Silence»។ ក្នុង​ភាគ​ទី ៦​នេះ​ សមាជិក​ក្រុម​ទាំង​អស់​បាន​ពិភាក្សា​គ្នា​ នូវគម្រោង​មួយ​ចំនួន​នា​ពេល​អនាគត មាន​តាំងពី​ពេល​ត្រូវ​ចូល​និវត្ត​ និង​រឿង​ជា​ច្រើន​ទៀត។

ទាក់ទង​នឹង​ប្រធាន​បទ​នេះ​ Jungkook បាន​លើក​ឡើង​ថា៖ «យ៉ាងណា​ទៅ បើ​ BTS ស្រាប់​តែ​ត្រូវ​រំសាយ​ក្រុម? តើខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ ​ដោយ​ខ្លួន​ឯង? ពេល​គិត​ដល់​រឿង​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​គ្មានអ្វី​ក្នុង​ខ្លួន​សោះ គ្មាន​អ្វី​ដែល​ខ្ញុំ​អាច​សម្រេច​បានទេ។ គ្រប់ពេល​ឲ្យ​តែ​នឹកឃើញ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់។ ពេល​ណា​ដែល​ខ្ញុំ​នៅ​ម្នាក់ឯង​ ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​ភ័យ​ខ្លាច​ទាំង​នោះ​មក​លង​ខ្ញុំ​រហូត»។

Jungkook ធ្លាប់​បាន​និយាយ​ថា​ សមាជិក​ទាំង​អស់​មិន​មែន​ត្រឹមតែ​ជា​មិត្តភ័ក្តិ​ អ្នក​រួម​ការងារទេ ពួកគេ​សុទ្ធ​សឹង​ជា​មនុស្ស​ជិត​ស្និទ្ធ​របស់ខ្លួន ព្រោះ​តាំង​ពីពេល​​ប្ដូរ​មក​នៅ​ទីក្រុង​សេអ៊ូល​ លោកមាន​វ័យ​ក្មេង​ណាស់ ថែម​ទាំង​គ្មាន​មិត្តភ័ក្ដិ​ឯណា​ទៀត មាន​តែ​សមាជិក​ទាំង​ ៦​នាក់​នេះ​ហើយ​ដែល​តែង​នៅ​ក្បែរ និង​ជា​អ្នក​ដែល​លោក​ចំណាយ​ពេល​ច្រើន​ និង​យូរ​ជាងគេ​បង្អស់។ ពេល​រម្លឹក​ដល់​មិត្តភាព​នេះ​ លោក​តែង​អួល​ដើមកជានិច្ច។ ហេតុ​នេះ​វា​បញ្ជាក់​ច្បាស់​ពេក​ទៅ​ហើយ​ ថា​តើ Jungkook ស្រឡាញ់​បងៗ​ទាំង​ ៦​ក្នុង​ក្រុម​ខ្លាំង​កម្រិតណា?

មួយ​វិញ​ទៀត​ គ្រប់​តារាៗ​ទាំងអស់​​ នឹង​ត្រូវ​និយាយ​ពាក្យ​ថា​លា​អ្នក​គាំទ្រ​ទាំងអស់​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​ជីវិត​មិន​មែន​បញ្ចប់​ត្រឹម​នេះ​ទេ។ ដូច​ BTS ជា​ដើម​ មិត្តភាព​របស់​ពួកគេ​នឹង​បន្ត​ជា​ដរាប​ ហើយ​ក្ដី​ស្រឡាញ់​របស់​ ARMY ចំពោះ​ក្រុម​ក៏​ដូចគ្នា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី