ស្អាតកប់! កន្លែងមុជទឹកមើលជីវៈចម្រុះបាតសមុទ្រ មិនធ្លាប់មាននៅកម្ពុជា (មានវីដេអូ)

  • 2020-05-29 03:55:41
  • ចំនួនមតិ 3 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ


កន្លែងមុជទឹកមួយកន្លែងស្រស់ស្អាតស្ទើរមិនគួរឲ្យជឿ ដែលសម្បូរដោយជីវៈចម្រុះ ផ្កាថ្មទន់ និងរឹង រួមទាំងត្រីសមុទ្រច្រើនប្រភេទ ដែលជាទីទាក់ទាញដល់ភ្ញៀវទេសចរ និយមចូលចិត្តទេសចរបែបផ្សងព្រេង និងការមុជទឹក។ កន្លែងមុជទឹកនេះ ស្ថិតនៅប្រជុំកោះឆ្លាម ខេត្តកោះកុង ដែលឋិតនៅខាងលិចកោះរ៉ុង ប្រមាណជា ៧០គីឡូម៉ែត្រ។

ក្រៅពីកន្លែងមុជទឹកមើលជីវៈចម្រុះ នៅទីនេះមានអាថ៍កំបាំងមួយដ៏គួរឲ្យទាក់ទាញ? តើជាអាថ៍កំបាំងអ្វីទៅ? នៅក្នុងបាតសមុទ្រ នៃកោះឆ្លាមនេះ ត្រូវបានរកឃើញទូកទឹកទំនិញលិចចូលបាតសមុទ្រប្រមាណជាង ៤០ឆ្នាំមុន ដែលទូកដឹកទំនិញចេញចូល រវាងកម្ពុជា និងថៃនេះ មានប្រវែងប្រមាណជា ៣០ម៉ែត្រ បានក្លាយជាទីតាំងដ៏ល្អមួយទៀតសម្រាប់អ្នក ដែលមុជទឹកក្នុងបាតសមុទ្រ អាចមើលឃើញយ៉ាងច្បាស់ ហើយកាន់តែពិសេសទូកមួយនេះបានដុះនៅផ្កាថ្ម​ និងក្លាយជាជង្រុកត្រី និងជីវៈចម្រុះផ្សេងៗ ក្លាយជាផ្ទាំងទស្សនិយភាពដ៏ស្រស់ស្អាតសម្រាប់អ្នកទេសចរ។

លោក សាន់ ភារៈ គ្រូបង្វឹកជ្រមុជទឹកបាតសមុទ្រ របស់ក្រុមហ៊ុន Khmer Dive Group បានប្រាប់ Sabay ថា ទីតាំងខាងលើនេះ គឺក្រុមមុជទឹកបាតសមុទ្របានរុករកនិងស្រាវជ្រាវឃើញនៅអំឡុងឆ្នាំ ២០១៦ ហើយបានបើកជាផ្លូវការឲ្យភ្ញៀវទេសចរចូលទស្សនាបាតសមុទ្រនៅកន្លែងនេះនៅអំឡុងឆ្នាំ២០១៩។ រហូតមកទល់នឹងពេលនេះ មានភ្ញៀវជាតិ និងអន្ដរជាតិប្រមាណជា ៥០នាក់ហើយដែលបានជ្រមុជទឹកមើលបាតសមុទ្រ ដែលមានជម្រៅចាប់ពី ៤ម៉ែត្រ ដល់១២ម៉ែត្រ និងកន្លែងខ្លះចាប់ពី ២០ ទៅ ៣០ម៉ែត្រ។

តើធ្វើដូចម្ដេចដើម្បីអាចជ្រមុជទឹកហែលមើលបាតសមុទ្របាន? ឆ្លើយតបនឹងសំណួរនេះ លោកគ្រូបង្វឹកជ្រមុជទឹក បាននិយាយថា ដំបូងអតិថិជនត្រូវចេះហែលទឹកជាបឋម (មិនចាំបាច់ជំនាញហែលទឹកក៏បាន) បន្ទាប់មកអាចជ្រើសរើសសេវាកម្ម ដែលមាន២ប្រភេទគឺ៖

  • ១. ការហ្វឹកហ្វឺនរយៈពេល៤ថ្ងៃ ចំណាយប្រាក់ ៤៥០ដុល្លារ៖ កញ្ចប់នេះនឹងមានការបង្ហាត់បង្រៀនអំពីទ្រឹស្ដី និងការប្រើប្រាស់ឧបករណ៍ជ្រមុជទឹក និងវិធីហែលទឹក ដែលអាចហ្វឹកហាត់នៅភ្នំពេញក៏បាន ដែលមានទីតាំងនៅម្ដុំទួលគោក។ បន្ទាប់ពីហ្វឹកហាត់ទ្រឹស្ដី និងការប្រើប្រាស់ឧបករណ៍មុជទឹករួច នឹងមានការអនុវត្តផ្ទាល់នៅអាងទឹក ហើយនៅសល់១ថ្ងៃ គឺទៅអនុវត្តផ្ទាល់ នៅកន្លែងប្រជុំកោះឆ្លាម ជាទីជ្រមុជទឹកមើលជីវៈចម្រុះ នៅបាតសមុទ្រ។ ប៉ុន្ដែបញ្ចប់រយៈពេលវឹកហ្វឺននេះ នឹងមានវិញ្ញាបណ្ណបត្របញ្ជាក់អំពីសមត្ថភាពជ្រមុជទឹកនៅបាតសមុទ្រ ដែលទទួលស្គាល់ជាសាកល។

  • ២. ការហ្វឹកហ្វែនរយៈពេល១ថ្ងៃ ចំណាយថវិកា ៩៥ដុល្លារ៖ សេវាកម្មនេះ គឺវឹកហាត់តែមួយព្រឹកប៉ុណ្ណោះ ហើយនៅសល់កន្លះថ្ងៃទៀត គឺទៅជ្រមុជមើលផ្ទាល់តែម្ដង ប៉ុន្ដែមិនមានវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូននោះទេ។

លោកបានឲ្យដឹងថា ប្រទេសកម្ពុជាមានកន្លែងជ្រមុជមើលបានសមុទ្រច្រើនដូចជានៅប្រជុំកោះរ៉ុង កោះស្ដេច កោះឆ្លាម និងកោះមួយចំនួនទៀត ប៉ុន្ដែកោះឆ្លាមមានលក្ខណៈពិសេសជាងគេ ដែលទើបរកឃើញ ហើយមានជីវៈចម្រុះច្រើនឥតគណនា ដែលមានពណ៌ស្រស់ស្អាត ដែលជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមបំផុត មិនចាញ់បណ្ដាប្រទេសមួយចំនួននោះទេ។ «ខ្ញុំចង់ឲ្យកូនខ្មែរមកសាកល្បងនៅទីនេះ ដើម្បីចូលរួមគាំទ្រដល់វិស័យទេសចរណ៍របស់យើងផង និងស្វែងយល់អំពីធនធានជីវៈចម្រុះរបស់ខ្មែរ ហើយជាចំណែកមួយសំខាន់នៅក្នុងការចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរយើង»៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា