ម៉េង កែវ​ពេជ្ជតា បង្ហាញ​ជា​ថ្មីវីដេអូ​ដែល​ធ្វើ​ឲ្យ ទូច ស៊ុននិច នៅ​មិន​សុខ​ប៉ុន្មាន​ថ្ងៃ​មុននេះ

  • 2020-05-29 02:57:36
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


ទូច ស៊ុននិច បាន​រស់​នៅ​ស្ងប់ស្ងាត់​តែ​ម្នាក់​ឯង​ជិត​២០​ឆ្នាំ​មក​ហើយ តាំង​ពី​នាង​ជួប​គ្រោះ​អាក្រក់​កាល​ពី​ឆ្នាំ ២០០៣។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុន នាង​បាន​ចេញ​មក​តាម​រយៈ​វីដេអូ​ឃ្លីប​មួយ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​រៀម​ច្បង ម៉េង កែវ​ពេជ្ជតា ហើយ​នៅ​ថ្ងៃ​នេះ វីដេអូ​នេះ ត្រូវ​បាន​បញ្ចេញ​សារ​ជា​ថ្មី។

"នេះជាសម្លេងពិតរបស់ខ្ញុំ​ ដែលនិយាយក្នុងវីដេអូឡាយ​ នៅវត្ត​ ពេលទៅមេីលក្លោងទ្វាវត្ត​ដែលខ្ញុំ​ និងគ្រួសារបានចូលរួមកសាង​ ។ អ្វីដែលខ្ញុំនិយាយគ្មានប៉ះពាល់នរណាទេ​សូម្បីបន្តិច...”។ ម៉េង កែវ​ពេជ្ជតា ថ្លែង។

វីដេអូ​នេះ អ្នក​នាង ម៉េង កែវ​ពេជ្ជតា បាន​​ធ្វើ​ការ Live នៅ​វត្ត​មួយ​វេលា​ដែល​អ្នក​នាង​ទៅ​មើល​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​វត្ត ហើយ​បាន​ក្លាយ​ជា​កម្លាំង​ជំរុញ ទូច ស៊ុន​និច ដែល​រស់​នៅ​ស្ងប់​ស្ងាត់​ម្នាក់​ឯង​ជិត ២ទសវត្សរ៍​ហើយ​នោះ បាន​ចេញ​មុខ មក​ឆ្លើយ​តប​យ៉ាង​កម្រ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​របស់​ខ្លួន​ចេញ​លើយូធូប​ប៉ុន្មាន​ថ្ងៃ​មុន ស៊ុននិច បាន​បញ្ជាក់​ថា រៀម​ច្បង​បាន​លើក​ឡើង​ថា តាំង​ពី​ដើម​មក​ខ្លួន​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្បី​ដូច​រៀម​ច្បង ដោយ​ការ​យក​បទ​របស់​រៀម​ច្បង គឺ​អ្នក​នាង ម៉េវ កែវ​ពេជ្ជតា មក​ច្រៀង។ ស៊ុននិច អះអាង​ថា នេះ​ជា​អ្វី​ដែល​រៀម​ច្បង​បាន​និយាយ​ក្នុង​ការ live កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ យ៉ាង​ណា សាច់​រឿង​នេះ បាន​កើត​ឡើង​តាំង​ពី​នាង​ខ្លួន​ឯង(ស៊ុននិច) នៅ​ជា​កុមារភាព​ឯណោះ។

“បង​ដា គាត់​បាន​លើក​ឡើង​តាំង​ពី​ខ្ញុំ​ទើប​អាយុ​បាន ៨-៩​ឆ្នាំ ទើប​តែ​ប៉ិច​ពន្លក​ឡើង​ច្រៀង​ដំបូង គាត់​ថា​ខ្ញុំ​ក៏​ច្រៀង​តាម​គាត់ ច្រៀង​លំនាំ​តាម​បទ​គាត់ ហើយ​ចង់​ល្បី​តាម​គាត់...!”។ ជុំវិញ​បញ្ហា​នេះ អ្នក​នាង ម៉េង កែវ​ពេជ្ជតា មិន​បាន​ចេញ​វីដេអូ​ឆ្លើយ​តប​វិញ​ទេ ក្រៅ​តែ​ពី​បញ្ចេញ​វីដេអូ​ដែល ទូច ស៊ុននិច ប្រតិកម្ម។ យ៉ាង​ណា អ្នក​នាង​បាន​ពន្យល់​​ថា បញ្ហា​ដែល​កើត​ឡើង គឺ​ដោយ​សារ​បុគ្គល​ទី​៣​មួយ​ក្រុម ដែល​បាន​ចូល​មក​ចោទ​ថា អ្នក​នាង បាន​យក​បទ ទូច ស៊ុននិច មក​ច្រៀង​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ចេតនា​ឲ្យ​នាង​ក្ដៅ​ចិត្ត។

តប​នឹង​ការ​ចោទ​នោះ តារា​ចម្រៀង​រៀម​ច្បង បញ្ជាក់​ថា នាង​ក៏​បាន​បក​ស្រាយ​ទៅ​វិញ​ដោយ​សម​គួរ។​ "ខ្ញុំ​ក៏​បក​ស្រាយ​ធម្មតា​ និង​ពាក្យ​ល្អ​ៗ​ តែ​អាខោន​នេះ​នៅ​តែ​ដុត​កម្ដៅ​ចិត្ត​យេីង​បន្ថែម​ទៀត​ ក្នុង​ចេតនា​ទម្លាក់​កំហុស​អោយ​យេីង​ ។ សូម​អ្នក​ដែល​បាន​ស្តាប់​សម្លេង​របស់​នាង​ ទូច​ ស៊ុននិច​ ដែល​បាន​មុសា​មក​លេី​ខ្ញុំ​ជា​ច្រេីន​ ចូល​រួម​ពិចារណា​"។

ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​របស់ តារា​ចម្រៀង​ជើង​ចាស់​ទាំង​ពីរ គឺ​ពាក់​ព័ន្ធ​នឹង​រឿង​ដែល​ថា ម្នាក់​ៗ​បាន​​យក​បទ​ចម្រៀង​ម្នាក់​មក​ច្រៀង។ នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ម៉េង កែវ​ពេជ្ជតា បាន​និយាយ​ដោយ​តប​ទៅ​អ្នក​ចោទ​អ្នក​នាង​ថា តាម​ពិត គឺ​ទូច ស៊ុននិច ទេ ដែល​យក​បទ​អ្នក​នាង​ច្រៀង​ជា​ច្រើន​បទ ហើយ​ចំណុច​នេះ​អ្នក​ជឿ​ថា សាមី​ខ្លួន​សិស្ស​ប្អូន​ដឹង​ខ្លួន​ឯង​ហើយ។ បែប​នេះ​ក្ដី រៀម​ច្បង ក៏​ទទួល​ស្គាល់​ថា ខ្លួន​ក៏​ធ្លាប់​យក​បទ​ចម្រៀង​របស់​សិស្ស​ប្អូន​មក​ច្រៀង​មួយ​បទ​ដែរ ខណៈ​ដែល​សិស្ស​ប្អូន​យក​បទ​ខ្លួន​ទៅ​ច្រៀង​ច្រើន​ជាង។​

“ បទ ទូច ស៊ុននិច ដែល​ខ្ញុំ​យក គឺ​មាន​តែ​១​បទ​ទៀត គឺ​បទ "សិលា​ចាំ​ប្ដី"...មូល​ហេតុ​អី​បាន​ខ្ញុំ​ច្រៀង?...គឺ​ដោយ​សារ​បទ​ហ្នឹង គេ​ធ្វើ​រូប​ភាព​រួច​ហើយ តែ​អត់​មាន​ម្ចាស់​សំឡេង គឺ​ម្ចាស់​សំឡេង​គាត់​មាន​បញ្ហា...ខ្ញុំ​មិន​ចង់​ច្រៀង​ផង ប៉ុន្តែ​គាត់(បុគ្គល​ទី​៣)​សំណូម​ពរ​ពេក...គាត់​ចង់​បាន​រូបភាព...ខ្ញុំ​ព្រម...ខ្ញុំ​មិន​ចង់​ផង...តែ​គាត់​ថា អាណិច​យក​បទ​អូន​ឯង​រាប់​រយ​បទ អូន​យក​តែ​១​ក៏​អត់​បញ្ហា​ដែរ...អីចឹង​ក៏​អីចឹង​ទៅ តែ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ ខ្ញុំ​អត់​ចង់​ស៊ី​កម្អែល​អ្នក​ណា​ទេ...មួយ​ទៀត ខ្ញុំ​ចង់​រក្សា​តម្លៃ​ឲ្យ​ម្ចាស់​បទ...!”។

អ្នក​នាង ពេជ្ជតា បញ្ជាក់​ថា សម្រាប់​របស់​អ្នក​ច្រៀង​ជំនាន់​ជាមួយ​គ្នា អ្នក​នាង​មិន​ចង់​យក​មក​ច្រៀង​ទេ លើក​លែង​បទ​ពី​ដើម​មួយ​ចំនួន នាង​បាន​យក​មក​ច្រៀង​មែន ព្រោះ​តែ​ចង់​លើក​តម្កើង និង​គាស់​រំលើង​មក​វិញ​ក្នុង​បំណង​ឲ្យ​ប្រិយមិត្ត​បាន​ចេះ​ចាំ ថា​បទ​នេះ​ជា​បទ​អ្នក​ណា។ ដូច្នេះ​ហើយ រាល់​ពេល​ច្រៀង​នាង​រមែង​ដាក់​បញ្ជាក់​ថា បទ​នេះ ​បទ​ដើម​ជា​របស់​អ្នក​ណា មិន​ដែល​រំលង​ឡើយ៕

អត្ថបទ៖ ទារិកា