ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់យុវជន
- 2020-06-02 02:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់យុវជន
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា ដែលតំណាងដោយទីភ្នាក់ងារចំនួនបួនរបស់អង្គការសហប្រជាជាតិ (រួមមាន ILO UNESCO UNICEF និងUNIDO) ដោយមានការគាំទ្រជាយុទ្ធសាស្រ្ត ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានប្រកាសចាប់ផ្ដើមអនុវត្តដំណាក់កាលទី ២ នៃគម្រោងរួមគ្នា ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់យុវជន និងកាត់បន្ថយបញ្ហាវិសមភាព នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែល Sabay ទទួលបានកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា គម្រោងនេះ ផ្ដល់ឱ្យយុវជនដែលបាត់បង់ ឱកាស និងងាយរងគ្រោះ នូវកញ្ចប់សិក្សាដែលមានលក្ខណៈនវានុវត្តន៍ និងផ្ដល់ ជំនាញបច្ចេកទេស ជំនាញសហគ្រិនភាព ជំនាញទន់ និងជំនាញសម្រាប់ប្រើប្រាស់ផ្ទាល់នៅកន្លែងធ្វើការ ក៏ដូចជា ការណែនាំអាជីព ស្របតាមតម្រូវការជាក់ស្ដែង ដើម្បីធានាយ៉ាងណាឱ្យយុវតី និងយុវជនទាំងនោះ អាចឆ្លើយតបចំពោះតម្រូវការទីផ្សារការងារ និងត្រៀមខ្លួន ដើម្បីទទួលបានការងារប្រកបដោយគុណភាព។ ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ គម្រោងនេះក៏គាំទ្រដល់គោលនយោបាយឆ្លើយតបចំពោះជំងឺកូវីដ-១៩ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដោយផ្ដោតលើការឆ្លើយតបចំពោះស្ថានភាពអាសន្ន ដែលកើតឡើងដោយសារវិបត្តិនេះ និងការស្ដារឡើងវិញ។
ជាសរុបយុវជនចំនួន ១៧០ ៩០០ នាក់ (ស្រី ៥០%) នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាព និងជំនាញជំរុញដោយឧស្សាហកម្ម កម្មវិធីសមភាពការអប់រំថ្នាក់មូលដ្ឋាន និងអក្ខរកម្មនៅក្នុងរោងចក្រ គំនិតផ្តួចផ្តើមគាំទ្រ និងបណ្តុះបណ្តាលសហគ្រិនភាព និងការអភិវឌ្ឍសហគ្រាស សេវាកម្មការងារ ព្រមទាំងកម្មវិធីលើកកម្ពស់ការយល់អំពីសិទ្ធិរបស់យុវជននៅកន្លែងធ្វើការផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា «នៅក្នុងពេលដែលមានភាពវឹកវរបែបនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលឃើញប្រទេសរបស់យើង ក៏ដូចជាអ្នកពាក់ព័ន្ធអន្តរជាតិរួមគ្នា គាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាវ័យក្មេងដែលងាយរងគ្រោះ ដើម្បីជម្នះបញ្ហាប្រឈមដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងកសាងអនាគតឱ្យកាន់តែត្រចះត្រចង់។»
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការឆ្លើយតប និងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា ពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម នៃជំងឺរាតត្បាតកូវីដ១៩ គឺជាឱកាសដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីលើកកំពស់ការអភិវឌ្ឍឌីជីថល ជាមួយនឹងចំនួនប្រជាជនវ័យក្មេងដែលមានជំនាញ សមត្ថភាពដ៏រឹងមាំ។ យុវតី និងយុវជនចំនួន ១៦០ ០០០ នាក់ កំពុងឈានជើងចូលទីផ្សារការងារជារៀងរាល់ឆ្នាំ ហើយពួកគេត្រូវការជំនាញ សមត្ថភាព និងផ្នត់គំនិតដើម្បីលូតលាស់ ទោះបីជានៅក្នុងបរិបទអនាគតដែលមិនប្រាកដប្រជាក៏ដោយ។»
គម្រោងនេះមានរយៈពេល ៤ ឆ្នាំទទួលបានការគាំទ្រវិភាគទានរួមគ្នា ដែលក្នុងនោះ ទឹកប្រាក់ ៤ លានដុល្លារពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង ៤,៨ លានដុល្លារ ពីទីភ្នាក់ងារសហប្រជាជាតិទាំង ៤ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ គម្រោងនេះ នឹងទទួលបានប្រយោជន៍ពីការចូលរួមពីវិស័យឯកជន រួមទាំង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្ម ដើម្បីជួយសម្រួលជាស្ពានអន្តរកាលផ្សាភ្ជាប់យុវជនពីសាលារៀនទៅកន្លែងធ្វើការ និងរួមចំណែកកាត់បន្ថយភាពមិនស៊ីគ្នានៃជំនាញនៅក្នុងប្រទេសកម្ពុជា។
លោកស្រី Carin Salerno ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) មានប្រសាសន៍ថា «ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ មានសេចក្ដីសោមនស្សរីករាយដែលបានចូលរួម និងបន្តភាពជាដៃគូរបស់យើងជាមួយនឹងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីជួយយុវជននៅក្នុងប្រទេសនេះ ជាពិសេសយុវជនដែលរងផលប៉ះពាល់ដោយសារការរាតត្បាតជាសកល ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះនៅក្នុងការងារបច្ចុប្បន្ននេះ ក៏ដូចជាត្រៀមខ្លួនដើម្បីឆ្លើយតបចំពោះតម្រូវការការងារក្រោយពេលដែលវិបត្តិនេះចប់។»