អត្ថប្រយោជន៍នៃការនាំក្មេងៗហាត់កីឡាតាំងពីនៅតូច ហើយនេះជាអ្វីដែលគេគួរហាត់

  • 2020-06-10 02:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ការគិតថាកូនក្មេង នៅតូចនៅឡើយ ទន់ខ្សោយ មិនគួរហាត់ប្រាណ អាចនាំឲ្យគេដួល របួសរលាត់ដៃជើង គឺជាការយល់ខុសទាំងស្រុង។

លំហាត់ប្រាណ ឬការលេងកីឡា ជាកត្តាដ៏សំខាន់មួយក្នុងដំណើរនៃការវិឌ្ឍរបស់ក្មេងៗ ដើម្បីឲ្យរាងកាយ និងស្មារតីរបស់គេមាំមួន រក្សាបាននូវសុខភាពល្អ ប្រាជ្ញាឆ្លាតវាងវៃ បង្កើតទម្លាប់សកម្មដល់កុមារតាំងពីតូចៗ និងបណ្តុះស្មារតីតស៊ូប្រឹងប្រែងឲ្យគេពេញមួយជីវិត។

ឪពុកម្ដាយគួរនាំកូនៗ ហាត់កីឡាឲ្យបានច្រើន សមស្របតាមវ័យរបស់ពួកគេ ជាសកម្មភាពកីឡា បែបសប្បាយៗប្រៀបបាននឹងនាំគេលេងកម្សាន្តដូច្នេះដែរ ។

ដូច្នេះគួរលើកទឹកចិត្ត និងនាំកូនៗហាត់កីឡាស្របតាមវ័យរបស់ពួកគេ ឲ្យបានញឹកញាប់ ដូចជា៖

ក្មេងអាយុក្រោម ៥ឆ្នាំ សកម្មភាពដែលផ្ដល់អត្ថប្រយោជន៍ដល់កុមារក្នុងវ័យនេះ គឺគួរតែ៖

  • បង្កើតទីតាំងឲ្យកូនវាលេង និងអាចឈោងតោង
  • រត់លេងនៅក្នុងសួន
  • លេងចាប់បាល់ ឬទាត់បាល់ជាដើម។

ក្មេងចាប់ពីអាយុ ៥ ឆ្នាំ ទៅ ១៨ឆ្នាំ ក្នុងវ័យនេះ ការធ្វើលំហាត់ប្រាណជំនួយដល់រាងកាយឲ្យរឹងមាំ អាចធ្វើបានយ៉ាងហោចណាស់ ៦០នាទី ដើម្បីពង្រឹង​សាច់​ដុំ, ជំរុញភាពសកម្មនៃចលនារាងកាយ, បង្កើនចង្វាក់បេះដូង និងផ្លូវដង្ហើម ៖

  • ជិះកង់
  • រត់
  • ហែលទឹក
  • វាយសី
  • ឬ លេងកីឡាផ្សេងៗ ជាច្រើនទៅតាមចំណង់ចំណូលចិត្តរបស់ក្មេង។

អត្ថប្រយោជន៍ជាច្រើនទៀតដែលជំរុញដល់ការលូតលាស់ និងសុខភាពកាន់តែល្អ ប្រសិនបើក្មេងចូលចិត្តហាត់ ឬលេងកីឡា។ ប៉ាម៉ាក់គួរលើកទឹកចិត្ត ឬនាំកូនលេងកីឡា បើចង់ឲ្យកូនទទួលបានការលូតលាស់ប្រកបដោយគុណភាព ដូចខាងក្រោមនេះ ៖

១. រាងកាយមានភាពបត់បែនល្អ (flexibility)

រាងកាយមានភាពរហ័សរហួន ព្រមទាំងកម្លាំងបត់បែននៃសាច់ដុំកាន់តែល្អ ធ្វើឲ្យសុខភាពរាងកាយរបស់កុមារល្អជាងកុមារដែលមិនលេង​កីឡា។

២.ក្លាហាន និងចេះទំនាក់ទំនងក្នុងសង្គម

ការធ្វើលំហាត់ប្រាណជាក្រុម ជាពិសេសលេងកីឡាជាក្រុម គឺផ្ដល់ឱកាសឲ្យកុមារចេះបង្កើតមិត្តភ័ក្ដិ ការធ្វើការជាក្រុម និងហ៊ានទំនាក់ទំនងជាមួយអ្នកដ៏ទៃដោយមិនមានភាពអៀនខ្មាស ឬភ័យខ្លាច។ មួយវិញទៀត ការហាត់កីឡាជារឿយៗ ធ្វើឲ្យកុមារមានភាពជឿជាក់លើសមត្ថិភាពខ្លួនឯង និង ពង្រឹងជំនឿចិត្ត ។

៣. ប្រាជ្ញាឆ្លាតវាងវ័យ

ការចូលរួមជាទៀងទាត់របស់កុមារក្នុងសកម្មភាពកីឡា ធ្វើឲ្យមានលំហូរឈាម និងអុកស៊ីហ្សែន ទៅខួរក្បាលបានល្អ ព្រមទាំងផ្លាស់ប្ដូរឥរិយាបថ របស់កុមារឲ្យកាន់តែប្រសើរ បង្កើនកម្រិត និងផ្ដោតអារម្មណ៍លើការសិក្សាបានល្អ។

៤. ជួយការពារពី ជំងឺផ្សេងៗជាច្រើន

ជំងឺកាចសាហាវជាច្រើននឹងជៀសឆ្ងាយពីកូនតូចរបស់លោកអ្នកដូចជា៖ ជំងឺបេះដូង, សួត, លើសទម្ងន់, ឡើងជាតិស្ករ, និងការពារជំងឺមហារីក ។

៥. បង្កើតភាពរីករាយ (កាត់បន្ថយសម្ពាធ ឬ ភាពតានតឹង)

ឪពុកម្ដាយគួរបង្កើនភាពស្និតស្នាលជាមួយកូនៗ ដោយនាំកូនលេងកីឡា ជាជាងអង្គុយចុចទូរសព្ទ ឬនៅមុខកុំព្យូទ័រគ្រប់ពេលវេលា ដែលជាគំរូមិនល្អដល់កូនៗ។

ហេតុដូច្នេះហើយបានជាគ្រប់សាលារៀនតែងមានម៉ោង កីឡា សម្រាប់សិស្ស។ មួយវិញទៀតនៅតាមសាលាជាច្រើន តែងបង្កើតកម្មវិធីកីឡា ឲ្យឪពុកម្ដាយចូលរួមលេង​ជាមួយកូនៗ នៅចុងសប្តាហ៍ ។ មិនត្រឹមតែជួយឲ្យមានសុខភាពល្អនោះទេ តែក៏ផ្តល់​ភាពសប្បាយ​រីករាយ និងអនុស្សាវរីយជាច្រើនផងដែរ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភពដកស្រង់ និងកែសម្រួលចេញពី៖ superpharmacy

cardea-solution.com

newtimes

ប្រភព៖ healthline | kidshealth   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី