តារាស្រីទាំងនេះត្រូវរងការអាម៉ាស ពេលធ្វើរឿងមួយចំនួនដែលជាទម្លាប់សាមញ្ញរបស់តារាប្រុស

  • 2020-06-04 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​មនុស្ស​មាន​សិទ្ធិ​ដូចគ្នា​ សមត្ថភាព​​ និង​ភាព​ក្លាហាន​ដូចគ្នា​ ប៉ុន្តែ​​នៅ​តែ​មាន​រឿង​ខ្លះ​តារា​ស្រី​របស់ K-Pop ​មិន​អាច​ធ្វើ​បានដូចតារា​ប្រុស​បានទេ។ ប្រសិន​បើ​ពួកគេ​ភ្លេច​ខ្លួន ឬ​ប្រហែស​ដោយ​ប្រការ​ណាមួយ​នោះ​ នោះ​ព្យុះភ្លៀង​នៃការ​រិះគន់​នឹង​មក​រក​ភ្លាម។ ដូច​តារា​ស្រី​ខាង​ក្រោម​ជា​ឧទាហរណ៍​បាន៖

១. HyunA

នាង​គឺ​ជា​តារា​ស្រី​ដែល​ស្ថិត​នៅ​លើ​តារាង​តារា​សិចស៊ី​ប្រចាំពិភព​ K-Pop។ ពេល​ឡើង​សម្ដែង​ម្ដងៗ​លើ​ឆាក អ្នក​គាំទ្រ​ពិត​ជា​ពេញ​ចិត្ត​នឹង​សម្លៀកបំពាក់គ្រប់ឈុត​ ពិសេស​ក្បាច់​រាំ​រស់រវើក​របស់​នាង សូម្បី​ Hater ភ្លេច​ខ្លួនជក់​ចិត្ត​ការ​សម្ដែង​របស់​នាង​ម្ដងម្កាលដែរ។ ប៉ុន្តែ​ថ្ងៃ​មួយ​ពេល​ឡើង​សម្ដែង​ក្នុង​កម្មវិធី​មួយ​ នាង​បាន​ជ្រើស​យក​ឈុត​សាមញ្ញមក​ស្លៀក ប៉ុន្តែ​នៅ​តែ​រក្សា​ Concet បែប​ Sexy។ ពេល​សម្ដែង​នាង​បាន​ស្ទាប​ទ្រូងបន្តិច​ រហូត​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត។

ដោយ​ឡែក​បើ​ក្រឡេក​ទៅ​មើល​តារា​ប្រុស​វិញ​ ទោះ​បី​ពួកគេ​រាំ​ដោះ​អាវ​ បង្ហាញ​សាច់ដុំ​ទាំង​កង់ៗ​ ឬ​ខំ​ស្ទាប​កន្លែង​ណា​ក៏បាន​ក៏​គ្មានបញ្ហា​ ឬ​មិន​ចាំបាច់​ត្រូវ​ឈឺក្បាល​ដោយ​​សារ​ពាក្យ​រិះគន់​ដែរ។

២. Irene

មេក្រុម Red Velvet រូបនេះ​ត្រូវ​គេ​រិះគន់​ខ្លាំង​ ពេល​នាង​ទម្លាយ​ថា​ នាង​បាន​អាន​សៀវភៅ​ «Kim Ji Young, Born 1982» សៀវភៅ​ដែល​និយាយពី​វឌ្ឍនភាពរបស់​ប្រទេស​កូរ៉េ​សម្រាប់​ទស្សនៈ​ស្ត្រី​និយម។ Hater បាន​យក​រូព​របស់​នាង​មក​កាត់កំទេច ខ្លះ​ទៀត​យក​ដុតក៏​មាន នេះ​ក៏​ព្រោះ​ពួកគេ​ខឹង​ដែល​នាង​អាច​សៀវភៅ​ ទស្សនៈនិយម ឬ​ Feminism​ នេះ​ឯង។

ករណី​ដូចគ្នា​នេះ​មិន​មែន​ Irene ម្នាក់ទេ​ដែល​ត្រូវ​ក្លាយ​ជា​ជន​រងគ្រោះ​ ព្រោះ​ Suzy, Seolhyun (ក្រុម AOA) និង​ Naeun (ក្រុម APINK) ក៏​ត្រូវ​រង​ភាព​អាម៉ាស និង​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ទៀតផង។

ខុសពី​ Irene ព្រោះ​បើ​ងាក​មើល RM វិញ ក៏​បាន​និយាយ​ថា​ លោកក៏ជា​អ្នក​អាន​សៀវភៅ «Kim Ji Young, Born 1982» ដែរ ប៉ុន្តែពេល​នោះ​ លោក​ត្រូវ​គេ​កោតសរសើរ ដែល​យក​ចិត្ត​ទុកដាក់​នឹង​បញ្ហា​សង្គម​ជាតិ​នាពេល​បច្ចុប្បន្ន។ បន្ថែម​ពី​លើ​នោះ​ អ្នក​គាំទ្រ​ថែម​ទាំង​លើក​ RM ជា​តារា​វៃឆ្លាត​ ដែល​ចូលចិត្ត​អាន​សៀវភៅ​របស់​អ្នក​និពន្ធ​ជា​ច្រើននាក់​ទៀតផង។

៣. Krystal

ពិត​ណាស់​ ការ​ឡើង​ទម្ងន់​ វា​មិន​មែន​ជា​កំហុស​នោះ​ទេសម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​វាបាន​ក្លាយ​ជា​ភាព​អាម៉ាស​របស់​តារា​ស្រី​របស់​ K-Pop ទៅវិញ។ ដូច​ Krystal មាន​ម្ដង​នោះ​ នាង​ត្រូវ​គេ​ប្រទះ​នៅ​ព្រលានយន្តហោះ ដោយ​សភាព​ពេល​នោះ​ គឺ​នាង​ធាត់​ខុសពីធម្មតា ហេតុ​នេះ​វា​ក្លាយ​ជាឱកាស​សម្រាប់​ Hater ដែល​និយាយ​មើល​ងាយ​នឹង​រូបរាង​របស់​នាង​ទៅវិញ។

ស្ថិត​ក្នុង​ករណី​ដដែល​ មិន​មែន​មាន​តែ​ Krystal ទេ សូម្បី​ Seulgi (ក្រុម Red Velvet), Chaeyeon, Eunji, Ailee, និង​ Uee ជាដើម​ក៏​ធ្លាប់ជួប​រឿង​បែប​នេះ​ដែរ។

ប៉ុន្តែ​បើ​សម្លឹង​ទៅ​មើល​តារា​ប្រុស​ តួ​យ៉ាង​ដូច​ Shindong (ក្រុម​ Super Junior) និង​ Loco ជា​ដើម​ ទោះ​បី​ធាត់​យ៉ាង​ណា​ក៏​គ្មាន​អ្នកណា​ថាអី​ដែរ ហើយ​ការងារ​ Promote បទ​ចម្រៀង​នៅ​តែ​ដំណើរ​ការ​ធម្មតា​ ដោយគ្មាន​ពាក្យ​រិះគន់។

៤. Hyejeong

អ្នក​ដែល​មិន​ចូល​ចិត្ត​នាង​បាន​ចម្អក​ដាក់​សមាជិក​ក្រុម AOA រូប​នេះ​ នៅពេល​ដៃនាង​កាន់​ស្លាបព្រា ដូច​កាន់បារីជក់។ តាំង​ពី​នោះ​មក​ ពាក្យ​ចចាមអារ៉ាម​ក៏​ផ្ទុះ​ជា​បន្តបន្ទាប់​ថា​នាង​ជា​មនុស្ស​ដែល​ជក់​បារី​សាហាវ តាំងពី​នៅរៀន។ ពាក្យ​មិន​ល្អ​ទាំង​នេះ ពិត​ជា​បាន​ប៉ះពាល់​ធ្ងន់​ខ្លាំង​ដល់​នាង​ និង​ក្រុមទាំង​ដែល​សាមី​ខ្លួន​គ្មាន​កំហុសសោះ។

សម្រាប់​តារា​ប្រុស​វិញ​ ក៏​ត្រូវ​គេ​ដឹង​ថា​ ជា​អ្នក​ចូល​ចិត្តជក់​បារី​ដែរ ប៉ុន្តែ​ផ្ទុយពី​ការ​មើល​ងាយ​ ឬ​រិះគន់​ អ្នកគាំទ្រ​បែរ​ជា​នាំគ្នា​បង្ហាញ​ពី​ក្ដីបារម្ភពី​សុខភាព​តារា​ទាំង​នោះ​ជំនួស​វិញ។

៥. Gyuri

មាន​ពេល​មួយ​នោះ​ Gyuri បាន​លើក​យក​ប្រធាន​បទ​មួយ​គឺ «សម្រស់ និង​ទំនុកចិត្ត» ហើយ​ពេល​នាង​ចូលរួម​កម្មវិធី​ផ្សេងៗ​របស់​ទូរទស្សន៍​ នាង​ក៏​បាន​ហៅ​ខ្លួន​ឯង​ថា​ ព្រះ​នាង​ស្រ់ស្អាត​ ពេលនោះ​ហើយ​ដែល​បណ្ដា​អ្នក​មិន​ចូល​ចិត្ត​បាន​នាំគ្នា​ថា​មួយ​មួយ​ចាស់​ដៃ សម្ដែង​ការមិនពេញ​ចិត្តថា​នាង​ ជឿជាក់​នឹង​សម្រស់​ខ្លួន​ឯងជ្រុល​ពេក។ ទោះ​ជា​យ៉ាង​ណា នេះ​ជា​​សិទ្ធិ​របស់​នាង​ក្នុង​ការ​បង្ហាញ​ទំនុក​ចិត្ត និង​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​ខ្លួន​ឯង តែ​បែរជា​ជួប​រឿង​បែប​នេះ​ទៅវិញ។

​ប្រធានបទ​ «ការជឿជាក់​ខ្ពស់​លើសម្រស់​ខ្លួនឯង» ដដែល​ ប៉ុន្តែនៅពេល​តារា​ប្រុស​យក​មក​និយាយ គ្មាន​អ្នកណា​រិះគន់​ឡើយ។ ដូច​ Hee Chul (ក្រុម Super Junior) តែង​សរសើរ​ខ្លួន​ឯង​ថា​ជា​ «Universe Biggest Star» ឯ Jin (ក្រុម BTS) តែង​បង្ហាញ​មុខ​ជាមួយ​នឹង​ឃ្លាប្រចាំ​ខ្លួន «Worldwide Handsome» ជានិច្ច។ អ្វី​ដែល​ពួកគេ​ទទួល​បាន​ត្រឡប់ទៅ​វិញ​គឺ ក្ដី​ស្រឡាញ់ និង​ការ​កោតសរសើរ​ដែល​តារា​ទាំង​នេះ​ចេះ​ជម្រុញ​ឲ្យ​គ្រប់​គ្នា​ស្រឡាញ់​ជឿជាក់​លើខ្លួនឯងបែប​នេះ៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី