លក្ខខណ្ឌ​១ ឆាយ នីតា ប្រើ​សម្រាប់​ការ​ទទួល​ថត​ភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍

  • 2020-06-04 03:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការងារ​ចេះ​តែ​រីក​ចម្រើន តារា​ស្រី​ស្រស់ ឆាយ នីតា ដែល​បាន និង​កំពុង​ឡើង​កូដ បាន​បង្ហើប​ថា នាង​មាន​លក្ខខណ្ឌ​១​ផ្ទាល់​ខ្លួន សម្រាប់​ការ​ទទួល​ថត​ភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍​នានា។

លក្ខខណ្ឌ គឺ​នាង​បង្កើត​ឡើង​ផ្ទាល់​ខ្លួន សម្រាប់​សម្រួល​ដល់​ការងារ​របស់​នាង តែ​មិន​មែន​ជា​លក្ខខណ្ឌ​កំណត់​សម្រាប់​ឲ្យ​បណ្ដា​ផលិតករ​ទទួល​យក​នោះ​ទេ។ នាង​បង្កើត​លក្ខខណ្ឌ​ឬ​នេះ សម្រាប់​វាស់វែង​ពី​លទ្ធភាព​ការងារ​ដែល​នាង​អាច​ធ្វើ​បាន ពោល​គឺ នាង​នឹង​មិន​ទទួល​ថត​ភាពយន្ត​ភាគ​ទូរទស្សន៍​ច្រើន​ក្នុង​ពេល​តំណាល​គ្នា​នោះ​ទេ។ "និយាយ​ទៅ សម្រាប់​ភាគ ខ្ញុំ​ទទួល​ថត​តែ​មួយ​ៗ​ទេ​បង ខ្ញុំ​អត់​ចង់​ទទួល​២-៣ ហើយ​ធ្វើ​អត់​បាន​ទេ!”។ នីតា ថ្លែង។

បច្ចុប្បន្ន ឆាយ នីតា បាន និង​កំពុង​សម្ងំ​ថត​ភាពយន្ត​ភាគ​រឿង "ចំណង​អាពាហ៍ពិពាហ៍" របស់​ទូរទស្សន៍ PNN ដែល​ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​មាន​ផលិតករ​ខ្លះ​បាន​ក៏​បាន​ទាក់​ទង​មក​ដូច​គ្នា។ យ៉ាង​ណា នាង​សុំ​អធ្យាស្រ័យ ដោយ​សុំ​មិន​ទទួល​ក្នុង​កាលៈទេសៈ​នេះ​ទេ។ ស្រី​ស្រស់ ​លើក​ឡើង​ថា នាង​ចង់​ប្រើ​ពេលវេលា​មួយ​ដែល​ផ្ដោត​លើ​ការងារ​តែ​មួយ។

“ខ្ញុំ​មិន​ចង់​ទទួល​២-៣​ក្នុង​ពេល​តែ​មួយ រត់​ទៅ​នេះ​ផង ទៅ​នោះ​ផង​ទេ...ទី​១​ខ្លាច​ខ្លួន​ឯង​រត់​មិន​រួច ទី​២​ក៏​មិន​ចង់​ឲ្យ​បង​ៗ​អ្នក​ដឹក គាត់​លំបាក​ដោយ​សារ​តែ​យើង​ដែរ!”។

ឆាយ នីតា គឺ​ជា​អតីត​ជយលាភី​លេខ​៣​ក្នុង​កម្មវិធី Miss Cambodia 2016។ ក្រោយ​មក​នាង​បាន​ធ្វើ​ជា​តារា​ម៉ូដែល ហើយ​ចុង​ក្រោយ​បាន​វិវត្ត​មក​ជា​តារា​សម្ដែង​ទៀត ដោយ​នាង​​បាន​លេច​មុខ​ដំបូង​ក្នុង​រឿង "កុំ​ងាក​ក្រោយ" ក្នុង​តំណែង​ជា​តួឯក​តែ​ម្ដង។ បន្ត​បន្ទាប់​នាង ក៏​បាន​មាន​វត្តមាន​ក្នុង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​ទូរទស្សន៍​បន្តបន្ទាប់ ដោយ​ពេល​នេះ នាង​កំពុង​សម្ដែង​ក្នុង​រឿង "ចំណង​អាពាហ៍ពិពាហ៍" របស់​ភីអិនអិន ក្នុង​តំណែង​ជា​តួឯក។

វិល​មក​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ដែល​នាង​ប្រើ​សម្រាប់​ការ​ទទួល​ថត​ភាពយន្ត​ភាគ​នេះ នីតា បញ្ជាក់​ថា គឺ​សម្រាប់​តែ​រឿង​ភាគ​ប៉ុណ្ណោះ ពោល​គឺ​នាង​មិន​ទទួល​ថត​រឿង​ភាគ​ក្នុង​ពេល​តំណាល​គ្នា​នោះ​ទេ។ ដោយ​ឡែក​ការ​ថត​ភាពយន្ត​ខ្នាត​ធំ ឬ​ភាពយន្ត​មួយ​រឿង​ចប់ បូក​រួម​ទាំង​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ផង​នោះ គឺ​នាង​នៅ​តែ​ទទួល​ថត​ធម្មតា។

ចំពោះ​ហេតុផល ភាពយន្ត​ដុំ និង​ស្ប៉ត​ពាណិជ្ជកម្ម គឺ​ប្រើ​ពេល​តិច​ជាង​ក្នុង​ការ​ថត ដូច្នេះ​ហើយ មិន​ជា​បញ្ហា និង​មិន​លើស​ពី​លទ្ធភាព​ដែល​នាង​អាច​ធ្វើ​បាន​នោះ​ឡើយ។ ជាក់​ស្ដែង ក្រៅ​ពី​កំពុង​ថត​រឿង​ភាគ​ឲ្យ​ភីអិនអិន នាង​ក៏​បាន​ថត​ស្ប៉ត​ពាណិជ្ជ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ៕

អត្ថបទ៖ ទារិកា