ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ដល់ខេត្តកំពង់ចាម នឹងពង្រីកពី ២គន្លងទៅ ៤គន្លង ក្នុងពេលឆាប់ៗនេះ

  • 2020-06-11 01:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ទៅខេត្តកំពង់ចាមកំពុងសិក្សាពង្រីកពី ពីរគន្លងទៅបួនគន្លង” ។ នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានថ្លែងក្នុងពិធីជួបសំណេះសំណាល មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង តំណាងឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានជូនអង្គពិធីរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីរគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ពូកគាត់នូវពាក្យស្លោកពីរឃ្លាថា៖ «សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា និងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង»។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន