ទូច បញ្ចរ៉ុង៖ ខ្ញុំមិនសប្បាយចិត្តនឹងការអង្គុយមើលមិត្តរួមក្រុមលេងទេ
- 2020-06-16 03:15:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច បញ្ចរ៉ុង៖ ខ្ញុំមិនសប្បាយចិត្តនឹងការអង្គុយមើលមិត្តរួមក្រុមលេងទេ
ចន្លោះមិនឃើញ
ការប្រកួតប្រជែងដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩-២០២០ អតីតខ្សែការពារជម្រើសជាតិ ទូច បញ្ចរ៉ុង មិនទាន់បានលេងឱ្យបឹងកេតមួយប្រកួតឡើយ។ ត្រង់ចំណុចនេះបញ្ញារ៉ុងបានបង្ហើបថា គេក៏មិនសប្បាយចិត្តនឹងការអង្គុយមើល មិត្តរួមក្រុមលេងដែរ ព្រោះកន្លងមកគេធ្លាប់តែបង្ហាញសមត្ថភាពលើទីលាន។
ទូច បញ្ចរ៉ុង បញ្ជាក់ ៖«និយាយរួមទៅខ្ញុំក៏មានអារម្មណថា មិនសប្បាយចិត្តនឹងការអង្គុយមើលមិត្តរួមក្រុមលេង ព្រោះខ្ញុំធ្លាប់តែចូលលេង ហើយរាល់ថ្ងៃខំប្រឹងហាត់ ដើម្បីចង់ចូលលេងវិញដែរ តែសំខាន់លើគ្រូ គាត់ជាអ្នកសម្រេចចិត្តដាក់កីឡាករណា ដែលគាត់គិតថាលេងត្រូវទម្រង់របស់គាត់ ហើយណាមួយវ័យរបស់ខ្ញុំក៏ជ្រេដែរ កម្លាំងក៏ធ្លាក់ចុះមិនដូចមុន»។
ទោះបីជាយ៉ាងណា កីឡាករមានដើមកំណើតមកពីខេត្តកោះកុង នៅតែគោរពការសម្រេចចិត្តរបស់គ្រូបង្គោល ដ្បិតបាល់ទាត់តែងមានការផ្លាស់ប្ដូរ ហើយគ្រប់គ្នាសុទ្ធតែបានដឹង។
ពេលសួរថា បើខានលេងយូរបែបនេះ ហើយមានឱកាសចូលលេងវិញ តើបញ្ចរ៉ុងទុកចិត្តលើសមត្ថភាពខ្លួនឯងដែរឬទេ? បញ្ចរ៉ុងតបថា គេនៅទុកចិត្តលើសមត្ថភាព និងគិតនៅតែអាចធ្វើបានល្អ ព្រោះគេប្រឹងហ្វឹកហាត់យ៉ាងខ្លាំងដូចជាកីឡាករផ្សេងៗដែរ។
អតីតកីឡាករ Dolphin FC, ភ្នំពេញក្រោន និងនគរបាលជាតិ បានបន្តបែបនេះ ៖«សម្រាប់ខ្លួនឯងខ្ញុំគិតថានៅតែធ្វើបាន ព្រោះខ្ញុំហាត់រាល់ថ្ងៃ គឺខំប្រឹងខ្លាំងណាស់ ហើយណាមួយយើងធ្លាប់លេង អ៊ីចឹងគិតថាមិនជាបញ្ហាទេ»។
ទូច បញ្ចរ៉ុង ជាខ្សែការពាររឹងមាំមួយរូប ធ្លាប់ជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជាបីរដូវកាល (២០១២, ២០១៦, ២០១៧) និងពានរង្វាន់សម្ដេច ហ៊ុន សែន ក្នុងឆ្នាំ២០១៩៕