សមាជិកនៃ "2NE1 អនាគត” របស់ YG ទៅដល់ណាអស់ហើយ?
- 2020-06-17 07:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកនៃ "2NE1 អនាគត” របស់ YG ទៅដល់ណាអស់ហើយ?
ចន្លោះមិនឃើញ
ផលិតកម្ម YG Entertainment កាលពីឆ្នាំ ២០១២ បានបង្ហាញវីដេអូមួយឈ្មោះថា "Future 2NE1” ដែលពេលនោះទទួលបានការចាប់អារម្មណ៍ខ្លាំង។
អ្នកហាត់ការ (Trainee) បួននាក់ដែលបានបង្ហាញមុខក្នុងវីដេអូនាពេលនោះ ត្រូវបានគេសង្ស័យថានឹងអាចជាសមាជិកនៃក្រុមនារីនាពេលអនាគតរបស់ YG Entertainment ប៉ុន្តែវាមិនបានក្លាយជាការពិតនោះឡើយ ដោយពួកគេទាំងបួន សុទ្ធតែបានចាកចេញពីផលិតកម្ម YG។ គិតទៅ មានរយៈពេលជិត ៨ឆ្នាំហើយ ដែលអ្នកហាត់ការមានទេពកោសល្យទាំងបួនត្រូវបានផលិតកម្មបង្ហាញមុខ។ តទៅនេះមកដឹងថាអ្នកហាត់ការម្នាក់ៗរសាត់ទៅដល់ណាខ្លះ ៖
១. Lee Seoyeon
ក្រោយពីបានចាកចេញពីផលិតកម្ម YG អ្នកហាត់ការឈ្មោះ Lee Seoyeon បានចូលរួមប្រលងប្រជែងក្នុងកម្មវិធី Idol School។ តាមរយៈកម្មវិធីនេះ នាងអាចបង្ហាញចេញនូវសមត្ថភាពរបស់ខ្លួន និងទទួលបានការចាប់អារម្មណ៍ពីមហាជន ហើយអាចស្ថិតនៅលំដាប់ថ្នាក់ទី ៧ នៅវគ្គចុងបញ្ចប់នៃកម្មវិធី។ បែបនេះហើយទើបនាងអាចក្លាយជាសមាជិកម្នាក់នៃក្រុមចម្រៀង Fromis_9។ គួរដឹងថា Lee Seoyeon គឺជាសមាជិកនៃ "Future 2NE1” តែមួយគត់ដែលបច្ចុប្បន្នស្ថិតនៅជាមួយក្រុមចម្រៀង។
២. Park Seoyoung
ចាប់តាំងពីចែកផ្លូវជាមួយផលិតកម្ម YG មក Park Seoyong ហាក់ដូចជាមានសកម្មភាពច្រើន ក្នុងនោះមានដូចជាការបង្ហាញមុខក្នុងកម្មវិធី Produce 48 ជាកម្មវិធីដែលបង្កើតក្រុមចម្រៀង IZ*ONE។ យ៉ាងណាក្ដី Park Seoyoung មិនអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ ដោយចំណាត់ថ្នាក់ចុងក្រោយរបស់នាងគឺស្ថិតនៅលំដាប់ទី ៥៥។
នាងបានប្រើប្រាស់ឈ្មោះផ្សេងថា "Roya” ជាឈ្មោះក្នុងសិល្បៈ ហើយជាមួយឈ្មោះនេះនាងបានបញ្ចេញបទចម្រៀងទោលដំបូង មានចំណងជើងថា "Buterfly”។
៣. Moon Sua
Moon Sua បានស្ថិតនៅក្នុងផលិតកម្ម YG យូរឆ្នាំដែរ ដោយបានចាកចេញនាឆ្នាំ ២០១៩ ក្រោយពីធ្វើជាអ្នកហាត់ការអស់រយៈពេលប្រមាណ ១០ឆ្នាំ។ អ្នកគាំទ្រជាច្រើនបានខកចិត្តនឹងការចាកចេញរបស់នាង ដោយសារនាងធ្លាប់បានបង្ហាញទេពកោសល្យរបស់ខ្លួនជាច្រើនលើកមកហើយ។ បច្ចុប្បន្ននេះនាងធ្វើជាអ្នកហាត់ការនៅផលិតកម្ម MYSTIC Story។
៤. Im Suah
Im Suah ហាក់ដូចជារក្សាភាពស្ងប់ស្ងាត់បានល្អ ចាប់តាំងពីចេញពីផលិតកម្ម YG។ នាងមានសកម្មភាពច្រើនតែនៅលើបណ្ដាញទំនាក់ទំនងសង្គម និងបង្ហោះបទចម្រៀងច្រៀង Cover មួយចំនួនលើគណនី YouTube របស់ខ្លួន៕