មិន​គួរ​ឱ្យ​ជឿ កីឡាករថៃ ជាអ្នកបំបែក​កំណត់ត្រា​មិន​ដែល​ចាញ់​៥០​ប្រកួតរបស់ Floyd

  • 2020-06-22 07:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Floyd Mayweather ​ជា​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក ដែល​មាន​កំណត់ត្រា​៥០-០ ​និង​បាន​ប្រកាស​ចូល​និវត្តន៍​បាត់​ទៅ​ហើយ។ ​

តែ​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ ​ត្រូវ​បាន​គេ​បំបែក​បាន​ទៅ​ហើយ ​ដោយ​កីឡាករ​ជនជាតិ​ថៃ​ឈ្មោះ​ថា​Wanheng Menayothin ​មាន​រហស្សនាម​ថា "Dwarf Giant"។ ​អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្ត​ធំ​នៅ​ជាប់​របង​កម្ពុជា​នេះ ​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ពេល​កន្លង​ទៅ​នេះ ដោយ​បញ្ចប់​ត្រឹម​កំណត់ត្រា​៥៤​ប្រកួត ឈ្នះ​ទាំង​៥៤​ប្រកួត។ ​ហើយ ៥៤-០ ​នេះ​ដែរ ក៏​បាន​បំបែក​កំណត់ត្រា​របស់ Floyd ​បាត់​ទៅ​ហើយ ​ក្នុង​នាម​ជា​អ្នក​មិន​ដែល​ចាញ់​បាន​ច្រើន​ប្រកួត។

​ការ​ពិត​ទៅ​ Menayothin ​បាន​បំបែក​កំណត់ត្រា​របស់ Floyd ​បាន​តាំង​ពី​រូបគេ​វៃ​ឈ្នះ​ប្រកួត​ទី​៥១​មក​ម្ល៉េះ​នៅ​ឆ្នាំ​២០១៨ ​ប៉ុន្តែ​គ្រា​នោះ​មិន​ទាន់​ចូល​និវត្តន៍។ ​ខណៈ​ដែល​ការ​ប្រកាស​ចូល​និវត្តន៍​កន្លង​ទៅ ​ដែល​មាន​កំណត់ត្រា​ឈ្នះ​៥៤​ប្រកួត​នេះ គឺ​ល្មម​សម្រាប់​បញ្ចប់​ភាព​អស្ចារ្យ​របស់​អ្នក​ប្រដាល់​អាមេរិក​បាន​ហើយ។

Menayothin ​ទើប​តែ​វ័យ​៣៤​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​ដោយសារ​តែ​សាមី​ខ្លួន​បញ្ជាក់​ថា​កាយ​សម្បទា​លែង​អំណោយ​ផល​ហើយ​នោះ ​ទើប​រូបគេ​សម្រេច​ចិត្ត​ចូល​និវត្តន៍​តែ​ម្ដង​។ សាមី​ខ្លួន​ថែម​ទាំង​និយាយ​ទៀត​ថា ​លុយ​ពិត​ជា​សំខាន់ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​លើស​លុយ​ទៀត​នោះ គឺ​សុខភាព​របស់​គេ​តែ​ម្ដង៕

ប្រភព៖ The Sun   អត្ថបទ៖ ប្រុស យុទ្ធ