ពេលណាទើបម្ចាស់ iPhone អាចដំឡើង iOS 14 បាន?

  • 2020-06-25 03:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 14 ភ្លែត Apple បាន​បញ្ចេញ​នូវ iOS 14 ​ប្រភេទ Developer Beta សម្រាប់​ឲ្យ Developer ប្រើ​ប្រាស់​សាក​ល្បង​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​មាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី។

Apple បាន​និយាយ​ថា​ iOS 14 ប្រភេទ Public Beta នឹង​ត្រូវ​បញ្ចេញ​នា​ខែ​កក្កដា​ខាង​មុខ។ ពេល​ដែល​វា​ចេញ​មក អ្នក​ប្រើ​ប្រាស់​ធម្មតា​នឹង​អាច​ដំឡើង​វា​នៅ​លើ iPhone ដោយ​មិន​បាច់​ទាល់​តែ​ចុះ​ឈ្មោះ​ជា Developer នោះ​ទេ។ គួរ​ដឹង​ថា​ iOS 14 ប្រភេទ Public Beta ​នឹង​​នៅ​តែ​មាន​បញ្ហា​ខ្លះៗ​មិន​ខុស​ពី Developer Beta ប៉ុន្មាន​ឡើយ គ្រាន់​តែ​​មាន​បញ្ហា​តិច​ជាង អាច​ឲ្យ​អ្នក​ប្រើ​ធម្មតា​សាក​ល្បង​បាន។ Apple មិន​បាន​​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ខែ​កក្កដា​នោះ​ទេ វា​អាច​លឿន​បំផុត​ក្នុង​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ក៏​ទំនង​ជា​នឹង​ត្រូវ​ចាំ​ដល់​ពាក់​កណ្ដាល​ ឬ​​ដល់​ចុង​ខែ​កក្កដា​ឯណោះ។

​​​សម្រាប់​អ្នក​ដែល​មិន​ចង់​ប្រើ​ប្រាស់​ប្រភេទ Beta ទាំង​ពីរ នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​ពេល​នោះ Apple នឹង​បញ្ចេញ iOS 14 ប្រភេទ​ផ្លូវ​ការ។ ជា​ធម្មតា​ការ​បញ្ចេញ iOS ជំនាន់​ថ្មី​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​​គឺ​កើត​មាន​អំឡុង​ពេល​ខែ​កញ្ញា ស្រប​ពេល​នឹង​ការ​ចេញ​លក់ iPhone ជំនាន់​ថ្មី។

របាយការណ៍​ថ្មីៗ​​នេះ​បាន​សន្និដ្ឋាន​ថា iPhone 12 នឹង​ចេញ​លក់​យឺត​យ៉ាវ ដោយ​អាច​អូស​បន្លាយ​ដល់​ខែ​តុលា ប៉ុន្តែ​មិន​ច្បាស់​ថា​ iOS 14 នឹង​ត្រូវ​អូស​បន្លាយ​ដល់​ខែ​តុលា​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។ មក​ទល់​ពេល​នេះ "រដូវ​ស្លឹក​ឈើ​ជ្រុះ” ជា​តម្រុយ​តែ​មួយ​គត់​ដែល Apple បាន​ផ្ដល់​ឲ្យ​។ រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​អាមេរិក ជា​ទូទៅ​កើត​មាន​ចន្លោះ​ចុង​ខែ​កញ្ញា ដល់​ចុង​ខែ​ធ្នូ៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី