កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦៖ កម្ពុជាលើកឡើងពីការគាំទ្រ ទីម័លចូលជាសមាជិកអាស៊ានពេញសិទ្ធិ

  • 2020-06-26 03:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យអាស៊ានទទួលស្គាល់ជាផ្លូវការ នៃប្រទេសទីម័លខាងកើត ក្លាយជាសមាជិកអាស៊ាន។ ការលើកឡើងនេះ នៅក្នុងប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលមានមេដឹកនាំអាស៊ានទាំង១០ចូលរួម ហើយផ្សាយចេញពីប្រទេសរៀងៗខ្លួន នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០។

«ខ្ញុំបញ្ញាក់ឡើងវិញ នូវការគាំទ្ររបស់កម្ពុជា និងការទន្ទឹងរង់ចាំការដាក់បញ្ចូលប្រទេសទីម័ល ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ។ ខ្ញុំមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័ល មិនមែនត្រឹមតែមានសារៈសំខាន់ជយុទ្ធសាស្រ្តសម្រាប់យើង នៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាការសម្រេចក្ដីសុបិនរបស់ បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងអាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ បន្ថែម។

សម្ដេចបានលើកឡើងទៀតថា «យើងគួរធ្វើការជិតស្និទ្ធិជាមួយទីម័ល ដើម្បីដោះស្រាយបញ្ហាធំៗ ដែលប្រទេសនេះ កំពុងជួបប្រទះសូមឲ្យជួយបំពេញរាល់នីតិវិធី លក្ខខណ្ឌ តម្រូវការចាំបាច់នានាឲ្យបានឆាប់»។

គួររំលឹកថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ហៅ​កាត់​ថា អាស៊ាន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៨ សីហា ១៩៦៧។ ប្រទេស​៥ គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​សិង្ហបុរី ​គឺ​ជា​ស្ថាបនិក​ នៃ​អង្គការ​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​មួយ​នេះ។ បច្ចុប្បន្ន​នេះ អាស៊ាន​មាន​សមាជិក​ចំនួន​១០ ប្រទេស ហើយ​ប្រទេស​ទីម័រ​ខាង​កើត​ក៏​កំពុង​តែ​ស្នើ​សុំ​ចូល​ជា​សមាជិក​ទី​១១​ នៃ​សមាគម​អាស៊ាន​នេះ​ ផង​ដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី