ករណីឆ្លងកូវីដ១៩ លើពិភពលោកកើនឡើងដល់ខ្ទង់ ១០ លាននាក់

  • 2020-06-29 01:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ពិភពលោកបានឈានដល់ព្រឹត្តិការណ៍គួរឱ្យបារម្ភចំនួន២អំពីកូវីដ១៩កាលពីថ្ងៃអាទិត្យគឺករណីស្លាប់ចំនួន ៥សែននាក់ និងករណីឆ្លងចំនួន ១០ លាននាក់ត្រូវបានបញ្ជាក់ ហើយបានឈានដល់កម្រិតខ្ពស់មួយទៀតនៃការឆ្លងថ្មីប្រចាំថ្ងៃខណៈរដ្ឋាភិបាលនានា ដែលព្យាយាមបើកទ្វារវិញនោះ បានបន្តបង្អង់ការបើកទ្វារ ហើយព្រមានថាអាចមានព័ត៌មានអាក្រក់កើតឡើងទៀត។

អភិបាលរដ្ឋតិចសាស់ លោក ក្រេក​ អាប់បុត ដែលបានអនុញ្ញាតឱ្យអាជីវកម្មចាប់ផ្តើមបើកដំណើរការវិញនៅដើមខែឧសភាប៉ុន្តែកាលពីថ្ងៃសុក្រទី២៦មិថុនាបានបិទទ្វារវិញនិងរឹតត្បិតការចេញញ៉ាំអាហារនៅខាងក្រៅ ចំពេលមានការកើនឡើងករណីកូវីដ១៩ បាននិយាយថា “កូវីដ១៩បានឈានដល់របត់គ្រោះថ្នាក់លឿនបំផុតក្នុងអំឡុងពេលតែប៉ុន្មានសប្តាហ៍មកនេះ”។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោកហ្គាវីន ញូសាំ បានដកចេញវិញនូវការបើកបារនៅក្នុងតំបន់ធំៗចំនួន៧រួមទាំងទីក្រុងឡូសអ៊ែនជេឡេស។ លោកបានបញ្ជាឱ្យបារទាំងនោះបិទទ្វារជាបន្ទាន់និងជំរុញឱ្យតំបន់ចំនួន ៨ ផ្សេងទៀតចេញបទបញ្ជាសុខភាពជាចាំបាច់ដូចគ្នា។

ឆ្នេរផ្លរីដាច្រើនទៀតនឹងត្រូវបិទម្តងទៀតដើម្បីចៀសវាងការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈក្រុមមន្រ្តីព្យាយាមកាត់បន្ថយការប្រមូលផ្តុំធំៗ ចំពេលមានការរីករាលដាលករណីកូវីដ១៩។ អភិបាលរដ្ឋផ្លរីដា លោក រ៉ូន ដេសាន់ទីស បាននិយាយថា ការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមយុវជនកំពុងជំរុញឱ្យមានការកើនឡើងករណីឆ្លងមេរោគ។

លោកដេសាន់ទីសនិយាយថា “ការប្រុងប្រយ័ត្នត្រូវបានគ្រវែងចោលទៅក្នុងខ្យល់ ហើយដូច្នេះយើងកំពុងស្ថិតនៅកន្លែងដែលយើងស្ថិតនៅ”។

ទិន្នន័យប្រមូលពីរដ្ឋាភិបាលទូទាំងពិភពលោក បង្ហាញថា មនុស្សចំនួន ១០.២៣៨.២៨៧ នាក់បានឆ្លងវីរុសនេះ និងស្លាប់សរុប ៥០៤.០៧៨ នាក់។

អាម៉េរិកមានអ្នកឆ្លងច្រើនជាងគេដោយសរុបគឺ ២,៥ លាននាក់ ខណៈប្រេស៊ីលតាមពីក្រោយនៅចំនួន ១,៣ លាននាក់ និងរុស្ស៊ី ៦៣៣.០០០ ករណី និងអង់គ្លេស ៣១១.០០០ ករណី៕

ប្រភព៖ រស្មីកម្ពុជា   ដោយ៖ កញ្ញាដាលីស