iOS 14 ចាប់បាន TikTok លួចអានព័ត៌មានអ្នកប្រើ

  • 2020-06-29 02:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​អាប់ដេត​ឡើង​ទៅ​កាន់ iOS 14 ប្រភេទ Beta (សាក​ល្បង) រួច​មក មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទទួល​បាន​សារ​ឥត​ឈប់ឈរ​ដែល​បង្ហាញ​ថា​កម្មវិធី TikTok បាន​ចូល​ទៅ​កាន់​ Clipboard របស់​អ្នក​ប្រើ​ប្រាស់។

មាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អំពី​សកម្មភាព​នេះ ដែល​ iOS 14 បាន​ប្រាប់​ថា TikTok បាន​ចូល​ទៅ​កាន់​ Clipboard។ វីដេអូ​អាច​ទាក់ទាញ​ចំនួន​ទស្សនា​បាន​ច្រើន​សន្ធឹក ហើយ​មាន​ភាគ​ច្រើន​សរសេរ​ Comment សរសើរ Apple ដែល​ការពារ​ភាព​ជា​​ឯកជន​របស់​អ្នក​ប្រើ​ផង​ដែរ។

​​​​​​​បើ​ផ្អែក​តាម Telegraph បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​​គេ​ដឹង​រឿង​នេះ TikTok បាន​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​លើ App Store ដើម្បី​បំបាត់​បញ្ហា​នេះ។ ក្រុមហ៊ុន​បាន​បក​ស្រាយ​ថា​ កម្មវិធី TikTok ចូល​ទៅ​កាន់ Clipboard ដើម្បី​វិភាគ និង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​​សរសេរ Comment Spam (​សរសេរ​ពាក្យ​រំខាន​ដដែលៗ) ដោយ​មិន​មាន​ចេតនា​បំពាន​ភាព​ឯកជន​របស់​អ្នក​ប្រើ​នោះ​ទេ។ យ៉ាងណាក្ដី ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា​​បាន​លុប​មុខងារ​នេះ​​ចេញ​ពី​កម្មវិធី​សម្រាប់ Android ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

លើ​ស្មាតហ្វូន នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ Copy ពាក្យ​ឬ​ឃ្លា វា​នឹង​​ត្រូវ​រក្សា​ទុក​លើ Clipboard ហើយ​នឹង​លុប​ចេញ​វិញ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​បាន Paste វា​ទៅ​កាន់​កន្លែង​ណា​ផ្សេង។ ចាប់​តាំង​ពី​ខែ​មីនា អ្នក​ជំនាញ​សុវត្ថិភាព​បាន​​រក​ឃើញ​ថា​នៅ​លើ iPhone និង Android មាន​កម្មវិធី​មួយ​ចំនួន​ បាន​អាន​ទិន្នន័យ​លើ Clipboard របស់​អ្នក​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត។ កម្មវិធី​ទាំង​នោះ​​មាន TikTok, Weibo និង Accuweather ជា​ដើម។

កម្មវិធី​ទាំង​នោះ​គ្រាន់​តែ​អាន (Read) មិន​ប្រមូល​យក​ទិន្នន័យ​នោះ​ឡើយ ប៉ុន្តែ Developer នៅ​តែ​បារម្ភ​ថា​នា​ថ្ងៃ​ខាង​មុខ​ ​​ទម្លាប់​មួយ​នេះ​អាច​ធ្វើ​ឲ្យ​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើ​ត្រូវ​លេច​ធ្លាយ ព្រោះ​ថា​មាន​អ្នក​ប្រើ​​ខ្លះ​បាន​ Copy លេខ​សម្ងាត់, អាសយដ្ឋាន​អ៊ីមែល​ ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ។

កាល​ពី​ខែ​មីនា TikTok បាន​​បញ្ជាក់​ដល់​សារព័ត៌មាន Telegraph ថា​ខ្លួន​នឹង​ដក​ចេញ​មុខងារ​ដែល​អាន Clipboard នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ យ៉ាងណាក្ដី ការ​​ដែល iOS 14 លោត​សារ​បញ្ជាក់​បែប​នេះ មាន​ន័យ​ថា​ TikTok មិន​បាន​គោរព​តាម​ពាក្យ​សន្យា​នោះ​ទេ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី