ធានាថាប្លែក! Galaxy ត្រៀម​ផលិត​ MV ប្រភេទ Action ធំបំផុត​ជាលើកដំបូង

  • 2020-06-29 04:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra គ្រោង​ចេញ​បទ​ចម្រៀង MV ប្រភេទ Action ដំបូង​របស់​ខ្លួន​នៅ​ដើម​ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ ក្រោយ​ពី​ចេញ​ MV និងបទចម្រៀងល្បីៗ​ស្ទើរ​រាប់​មិន​អស់​នៅ​ក្នុង​ឆ្នាំ​២០២០។

លោក យឹម តាស្រង់

កវី​និពន្ធ​បទចម្រៀង និង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra​ លោក យឹម តាស្រង់ និយាយ​ថា MV ធំ​ដំបូង​គេ​ដែល​ផលិតកម្ម​មិន​ធ្លាប់​ធ្វើ​នេះ នឹង​ត្រូវ​ចំណាយ​ពេល​ថត​បី​ថ្ងៃ ហើយ​មាន​តួ​អង្គ​សំខាន់​ជា​ច្រើន​រូប។ ប៉ុន្តែ​តា​ស្រង់ មិន​ទាន់​ចង់​បញ្ចេញ​ឈ្មោះ​តារា​ចម្រៀង​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់យ៉ាង​ខ្លី​ថា អ្នក​ចម្រៀងនោះ គឺ​ជា​តារា​ប្រុស​ចំណូល​ថ្មីរបស់ផលិតកម្ម។

MV ដែល​នឹង​ចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ មាន​ចំណង​ជើង​ថា "ជូន​អូន​ឡើង​ផ្លូវ​ហាយវ៉េ”។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ គឺ​បង្ហាញ​ពី​បេសកកម្ម​ពិសេស​មួយ​របស់​ក្រុម​បង្ក្រាប ប្រយុទ្ធ​ជាមួយ​នឹងជន​សង្គម​ងងឹត ហើយ​តួអង្គ​ឯក​ស្រី​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹងក្រុម​សង្គម​ងងឹត​នោះដែរ។

បើ​តាម​អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ Galaxy Navatra បទ​ចម្រៀង​នេះ​ត្រូវ​ចំណាយ​លុយ​ជាង​ ៣​ម៉ឺន​ដុល្លារ ហើយ​គេ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សាធារណជន​ ព្រោះមានតួអង្គ​ល្បីៗសម្ដែង ក្នុង​នោះ​ ក៏​មាន​តារា​សម្ដែង​ជើង​ចាស់​លោក សាវិន ហ្វីលីប និង​តារា​និយម​ថត​រឿង​ប្រភេទ​Action ជា​ច្រើន​រូប​ទៀត​ដែរ៕

រូបថត៖​​ ហ្វេសប៊ុក សាវិន ហ្វីលីប

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ