ឆាប់ៗនេះ ការផ្ទេរកម្មសិទ្ធិយានយន្ត នឹងលែងសូវស្មុគស្មាញហើយ
- 2020-06-29 23:31:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ៗនេះ ការផ្ទេរកម្មសិទ្ធិយានយន្ត នឹងលែងសូវស្មុគស្មាញហើយ
ចន្លោះមិនឃើញ
កិច្ចប្រជុំពិភាក្សាលើលំហូរនីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលាទទួលសេវា និងបង់ពន្ធប្រថាប់ត្រា។ នេះយោងតាមការចុះផ្សាយរបស់ផេក ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងនៅយប់ថ្ងៃទី ២៩ ខែមិថុនា ម្សិលមិញ។
កិច្ចប្រជុំបានប្រព្រឹត្តិទៅ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយកិច្ចប្រជុំបានផ្ដោតលើការត្រួតពិនិត្យ និងកែសម្រួលលើប្រកាសអន្តរក្រសួងស្តីពី “**បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត**” ក្រោមអធិបតីភាព ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយមានការចូលរួមពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើលំហូរនីតិវិធីក្នុងការផ្តល់ សេវាផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្តរួមគ្នា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ។ គំនិតផ្តួចផ្តើមនេះត្រូវ បានធ្វើឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យបានលឿនរហ័ស ក្រោមគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ៕
សូមចុចអាន៖ តើក្រសួងនឹងពន្យារពេលការសម្រួលនីតិវិធី ផ្ទេរកម្មសិទ្ធិយានជំនិះរកម្ចាស់ដើមមិនឃើញដែរទេ?
គួរបញ្ជាក់ថា ក្រសួងសាធារណការបានប្រកាសឲ្យម្ចាស់យានយន្ត មកកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដែលរកម្ចាស់មិនឃើញ ដោយបានសម្រួលនីតិវិធីមួយចំនួន ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិនៅមន្ទីរសាធារណការខេត្ត ក្រុង ហើយបង់ពន្ធប្រថាប់ត្រា និង មានលិខិតបញ្ជាក់ពីប៉ុស្ដិ៍នគរបាលអំពីសិទ្ធិកាន់កាប់យានយន្ត ដែលជានិតិវិធីសម្រួលងាយជាងមុន ដែលយានយន្តរកម្ចាស់មិនឃើញតម្រូវឲ្យមានការសម្រេចចេញពីតុលាការ។
ការសម្រួលនីតិវិធីរបស់ក្រសួងសាធារណការនេះ បានដាក់ឱសានវាទត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្ដែនីតិវិធីនេះនៅតែមានស្មុគស្មាញមួយចំនួន និងការចំណាយពេលវេលា ម៉្លោះហើយក្រសួងគ្រោងសម្រួលនីតិវិធីឲ្យកាន់តែងាយសម្រួលជាងបច្ចុប្បន្ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញផង និងពេលវេលាផង។
ជាក់ស្ដែងដោយមានការសម្រួលនីតិធីខាងលើ គិតត្រឹម ៥ ខែឆ្នាំ២០២០ មានអ្នកទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិសរុបចំនួន ៨ពាន់គ្រឿង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានអ្នកទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិមានត្រឹមតែ ៥ពាន់គ្រឿងប៉ុណ្ណោះ៕