តើក្រសួងនឹងពន្យារពេលការសម្រួលនីតិវិធី ផ្ទេរកម្មសិទ្ធិយានជំនិះរកម្ចាស់ដើមមិនឃើញដែរទេ?

  • 2020-06-29 05:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចំពោះការពន្យាពេលទៀត ខាងក្រសួង មិនទាន់មានទេ»។ នេះជាការលើកឡើងរបស់ លោកស្រី ម៉ែន ច័ន្ទកុសល ប្រធាន នាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឆ្លើយតាមសារអេឡិចត្រូនិក Telegram ជាមួយ Sabay នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី ១២ ខែមីនា ២០២០ ដោយបានស្នើឲ្យម្ចាស់យានជំនិះមកកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធយានយន្ត ដែលទិញតៗគ្នា មិនស្គាល់ម្ចាស់ដើម និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

តាមសេចក្ដីជូនដំណឹងខាងលើនេះ គឺនៅសល់តែមួយថ្ងៃនេះទៀតទេ នឹងដល់ឱសានវាទ នៃសេចក្ដីជូនដំណឹងអំពីការសម្រួលនីតិវិធីធ្វើឯកសារផ្ទេរកម្មសិទ្ធិយានជំនិះ ដែលរកម្ចាស់ដើមមិនឃើញ។

បើទោះបីជាការផុតកំណត់នៃសេចក្ដីជូនដំណឹងខាងលើនេះក្ដី បើតាមប្រសាសន៍របស់ ឯកឧត្តម ឈួន វ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់និយាយប្រាប់ទូរទស្សន៍អប្សរា កាលពីពេលកន្លងទៅថា សេចក្ដីប្រកាសខាងលើនេះ គឺជាចេតនា នៃការជំរុញទឹកចិត្តឲ្យម្ចាស់យានជំនិះមកកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយានជំនិះ ដែលជានីតិវិធីសម្រួលពីនីតិវិធីចាស់ ដែលម្ចាស់យានជំនិះរកម្ចាស់ដើមមិនឃើញ តម្រូវឲ្យទៅដាក់ពាក្យបន្ដឹងនៅតុលាការ។

សំណួរសួរថា ប្រសិនបើម្ចាស់យានជំនិះនៅតែមិនបានផ្ទេរកម្មសិទ្ធិតើនឹងមានបញ្ហាអ្វីខ្លះចំពោះមុខច្បាប់? បើតាមច្បាប់យើងសព្វថ្ងៃនេះ គឺច្បាប់ទទួលស្គាល់ម្ចាស់កាន់កាប់ជាក់ស្ដែង មិនទាមទារឲ្យមានផ្ទេរកម្មសិទ្ធិនោះទេ ប៉ុន្ដែយើងលើកទឹកចិត្តឲ្យមានការផ្ទេរ ព្រោះនៅពេលមានបទល្មើសចរាចរណ៍ ឬគ្រោះថ្នាក់ចរាចរណ៍ នៅពេលមានបញ្ហា មានភាពលំបាក ហើយរំខានដល់ម្ចាស់ដើម ប្រសិនបើតុលាការកោះហៅ ហើយទម្រាំពន្យល់អំពីការទិញ លក់យានជំនិះ វាធ្វើឲ្យខាតពេលវេលា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឈួន វ៉ន ដែលបានឆ្លើយឆ្លងជាមួយអ្នកសារប័ត៌មាន ទូរទស្សន៍អប្សរា។

ឯកឧត្តមបានឲ្យដឹងបន្ថែមទៀតថា ដើម្បីលើកទឹកចិត្តឲ្យម្ចាស់យានជំនិះទាំងអស់មកកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ កាន់តែមានភាពងាយស្រួល គឺនៅពេលបន្ទាប់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច នឹងសម្រួលសេវាដល់ការផ្ទរកម្មសិទ្ធិយានជំនិះ ដោយធ្វើនៅកន្លែងតែមួយ ដោយមិនចាំបាច់ ត្រូវបំពេញសំណុំឯកសារស្នើសុំធ្វើនៅមន្ទីរសាធារណការ ខេត្ត ក្រុង ហើយទៅបង់ពន្ធប្រថាប់ត្រា ហើយបានមកមន្ទីរវិញ។ ឯកឧត្តម ឈួន វ៉ន បន្ថែម។

តាមប្រសាសន៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា ក្រោយពីនីតិវិធីសម្រួលឲ្យម្ចាស់យានជំនិះផ្ទេរកម្មសិទ្ធិ មិនចាំបាច់មានម្ចាស់ដើម គឺមានអ្នកមកផ្ទេរកម្មសិទ្ធិមានចំនួនកើនឡើងចំនួន ២០% ក្នុងរយៈពេល ៥ខែ ២០២០ ធៀបនឹងរយៈពេលដូចគ្នា ២០២០។ ៥ខែ ២០២០ នេះ គឺមានម្ចាស់យានជំនិះមកកាត់ឈ្មោះ និងផ្ទេរកម្មសិទ្ធិ មានចំនួន ៨ពាន់គ្រឿង ធៀបនឹងឆ្នាំ ២០១៩ គឺមានចំនួន ៥ពាន់គ្រឿង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា