មជ្ឈមណ្ឌលបុប្ផាណា​រំឭកខួប ៥០ ឆ្នាំ នៃការចងចាំ ​ដោយ​រៀបចំពិព័រណ៍ដ៏ធំ​មួយសម្រាប់​ស្នាដៃ​ “រស់រាន” របស់ លោក គឹម ហាក់ ដោយ​មាន​ការ​ប្រឹក្សា​ជាមួយ លោក ប៉ាន់ រិទ្ធី

  • 2025-10-13 05:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីរំឭកខួប​ ៥០ ឆ្នាំនៃការដួលរលំ​ទីក្រុងភ្នំពេញ (ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥) ថ្ងៃនេះមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូម​ប្រកាសអំពីការសម្ពោធ​ពិព័រណ៍ដ៏សំខាន់​មួយ​មានឈ្មោះថា “រស់រាន” ដែលជាស្នាដៃដ៏លេចធ្លោ​​របស់លោក គឹម ហាក់ ជាសិល្បករ កម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ និង​ប្រឹក្សាដោយ​ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី រួមជាមួយអ្នករៀបចំពិព័រណ៍​ កញ្ញា ម៉ឹង មេត្តា។ ពិព័រណ៍នេះ នឹងបើក​ជូនទស្សនាជាសាធារណៈចាប់ពីថ្ងៃសៅរ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

លោក ប៉ាន់ រិទ្ធី សហស្ថាបនិកមជ្ឈមណ្ឌលបុប្ផាណា និងជា​ទីប្រឹក្សា​រៀបចំ​ពិព័រណ៍​នេះ​បាន​មានប្រសាសន៍ថា “ ឥដ្ឋគ្រប់ដុំ និងជញ្ជាំងគ្រប់​ផ្ទាំងនៅទីនេះ ជាការបង្ហាញពីការចងចាំដែលមិនបំភ្លេច។ ​ តាមរយៈការផ្តល់​ទីតាំងទាំងមូលដល់ពិព័រណ៍ “រស់រាន” ​យើង​​ក៏ចង់បញ្ជាក់ដែល​ថាការចងចាំមិនត្រឹមតែជាទង្វើនៃការតស៊ូ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យផងដែរ។”

ពិព័រណ៍នេះនឹងរៀបចំនៅ​​ជាន់ផ្ទាល់ដី និងជាន់ទីពីរនៃមជ្ឈមណ្ឌលបុប្ផាណា ដែល​ដាក់បង្ហាញ​ស្នាដៃជម្រើសយ៉ាងលម្អិតពីក្រុមការងារ ព្រមទាំង​តាំងបង្ហាញរូបខ្លះនៅជាន់ទីមួយ ដែលជាបណ្ណាល័យរបស់មជ្ឈមណ្ឌល ក្នុងគោលបំណង​ បង្ហាញពីលក្ខណសម្បត្តិរបស់មជ្ឈមណ្ឌលក្នុងការរៀបចំពិព័រណ៍បែបសហសម័យ និងប្រវត្តិសាស្ត្រសំខាន់ៗ។

កិច្ចសហការគ្នា​រវាង លោក គឹម ហាក់​ មជ្ឈមណ្ឌលបុប្ផាណា​ និង មូលនិធិ រៃ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចងចាំ ភាពធន់ និងអំណាចនៃការបរិយាយប្រវត្តិសាស្រ្តតាមរយៈសិល្បៈ។ តាមរយៈការផ្សាភ្ជាប់ប្រវត្តិសាស្ត្រ និងសិល្បៈ ពិព័រណ៍នេះផ្តល់ជូននូវភាសាសោតទស្សន៍ជាសកលមួយ ដែលអាចនាំសារអំពីការចងចាំ និងក្តីសង្ឃឹម ដោយបំប្លែងប្រវត្តិសាស្ត្រទៅជាកិច្ចសន្ទនា​រវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយ និងពី​សហគមន៍​មួយទៅសហគមន៍មួយ​។

អនុស្សាវរីយ៍វិល​មកកាន់មាតុភូមិវិញ

ពិព័រណ៍ “ រស់រាន​” បង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួន និងសមូហភាពយ៉ាងស៊ីជម្រៅ​ស្ដីពី​​ការរស់រានមានជីវិត និងនិរន្តរភាព​ជា​​បន្ត។ អស់​ពេលជាងមួយទសវត្សរ៍​មកនេះ លោក គឹម ហាក់ បានចងក្រងឯកសារអំពីវត្ថុផ្ទាល់ខ្លួន ដែលប្រជាជនខ្មែរបានលួចលាក់ទុក រក្សាទុក និងយកតាមខ្លួន នៅពេលដែលគាត់បានរួចជីវិតពីរបបខ្មែរក្រហម ពោលគឺ​ជា​​វត្ថុតូចៗ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ​ធម្មតា បានប្រែក្លាយជា “ឃ្លាំង​ផ្ទុកការចងចាំ”។ វត្ថុទាំងនោះ​រាប់​ចាប់ពីរូបថត កំសៀវ រហូតដល់សម្បត្តិគ្រួសារ និងសម្លៀកបំពាក់ វត្ថុខ្លះបានធ្វើដំណើរឆ្លងពិភពលោកជាមួយ​ជនភៀសខ្លួន ខណៈដែលវត្ថុខ្លះទៀត នៅតែស្ថិតនៅក្នុងប្រទេសកម្ពុជា និងត្រូវបានថែរក្សា​ការពារដោយអ្នករស់រានមានជីវិត​។ ការដាក់តាំងបង្ហាញរួមគ្នា​នៅ​រាជធានីភ្នំពេញនេះ ជា​ការ​បំពេញ​វដ្ដ​នៃការចងចាំ​ដ៏មានឥទ្ធិពលមួយ ពោលគឺ​ជា​ការ​នាំយក​បំណែកប្រវត្តិសាស្ត្រ​ដែលបានបែកខ្ញែកផ្សេងៗ​ឱ្យ​វិលមកជួបជុំ​ជា​មួយ​ប្រទេសជាតិកំណើតរបស់​ខ្លួនវិញ។

នេះជា​លើកទីមួយហើយ ដែល​បង្ហាញរួមគ្នានូវជំពូកទាំងបួននៃ​ “រស់រាន” ចាប់ផ្ដើមពីប្រទេស​កម្ពុជា (រស់រាន​​ ជំពូក ១)​ នៅប្រទេសអូស្ត្រាលី (រស់រាន​ ជំពូក ២)​ នៅប្រទេសនូវែលសេឡង់ (រស់រាន​​ ជំពូក ៣ )​ និងប្រទេសជប៉ុន (រស់រាន​ ជំពូក ៤ ) ​ដែលនឹងផ្តល់នូវតថភាពប្រវត្តិសាស្ត្រ​ប្រទាក់ក្រឡាគ្នារបស់កម្ពុជា រវាងការរស់រាន​ ការធ្វើចំណាកស្រុក និងការធ្វើមាតុភូមិនិវត្ត​។

លោក គឹម ហាក់ ជាសិល្បករ និងធ្វើការលើគម្រោង “រស់រាន” បាន​មាន​ប្រសាសន៍​ថា “ពិព័រណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពក្លាហាន​ដ៏ស្ងៀមស្ងាត់​ របស់ប្រជាជនកម្ពុជាដែលបាននាំ​យកបំណែកនៃប្រទេសកំណើតខ្លួនទៅជាមួយ ដោយ​ពេលខ្លះរបស់ទាំងនោះត្រូវបាន​លាក់ទុក ពេលខ្លះកប់ក្នុងដី ដើម្បីការពារពីការបំផ្លិចបំផ្លាញ ។ ​ការនាំយករឿងរ៉ាវទាំងនេះ មកមាតុភូមិ​វិញ​ គឺជាការវិលត្រឡប់ទាំងផ្នែកសិល្បៈ និងមនោសញ្ចេតនា ” ។

​ជំពូកថ្មីនៃបុប្ផាណា៖ ការចងចាំ ជាលំហសម្រាប់ប្រជាជាតិ

ការផ្តល់ទីតាំងក្នុងការរៀបចំ​ពិព័រណ៍ “ រស់រាន​” គឺជា​ជំហានដ៏ច្បាស់លាស់មួយសម្រាប់មជ្ឈមណ្ឌលបុប្ផាណា​។ ការបំប្លែងទីតាំងរបស់ខ្លួនទៅជាកន្លែង​តាំង​ពិព័រណ៍ដ៏ធំមួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលក្នុងការពង្រីកតួនាទីរបស់ខ្លួនពីបណ្ណសារដ្ឋាន​សោតទស្សន៍ ទៅជាមជ្ឈមណ្ឌលវប្បធម៌​សាធារណៈ។ ការ​វិវឌ្ឍនេះ​ជា​ការ​ស្ដែងចេញ​​នូវបេសកកម្មរបស់​​បុប្ផាណា ​ដើម្បីស្ដារការចងចាំឡើងវិញ​ក្នុងនាម​ជាពលរដ្ឋ ​និងអភិរក្សការចងចាំប្រវត្តិសាស្ត្ររបស់កម្ពុជា។

នៅពេលដែលមជ្ឈមណ្ឌលពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការតាំងពិព័រណ៍ “រស់រាន” នេះ បានក្លាយជានិមិត្តរូបដែលស្ថាប័នវប្បធម៌របស់កម្ពុជាកំពុង​ស្ដារការចងចាំ​​​​ប្រវត្តិសាស្ត្រមកវិញ តាមរយៈកិច្ចសន្ទនា ការអប់រំ និងសិល្បៈ។ ទីកន្លែងដែលត្រូវបានកែសម្រួលថ្មីនៅបុប្ផាណា បានបញ្ជាក់​ឱ្យឃើញ​ជា​ថ្មីម្ដងទៀត​​នូវតួនាទីរបស់ខ្លួនជាវេទិកាសម្រាប់ការចងចាំ ការផ្លាស់ប្តូរសិល្បៈ និងការឆ្លុះបញ្ចាំង​របស់​ជាតិ។

ភាពជាដៃគូដែលចាក់ឫសក្នុងការចងចាំ និងការអភិវឌ្ឍន៍

ពិព័រណ៍ “ រស់រាន​ ” នេះ អាចកើតឡើងដោយមានការសហការជាដៃគូរយៈពេលវែងជាមួយ មូលនិធិ រៃ ដែលជាអង្គការសប្បុរសធម៌ ប្តេជ្ញាចិត្ត​ចំពោះការផ្លាស់ប្តូរសង្គម តាមរយៈនវានុវត្តន៍។ មូលនិធិ រៃ បានគាំទ្រពិព័រណ៍ “រស់រាន” តាំងពីដំណាក់កាលដំបូងរបស់ខ្លួននៅប្រទេសនូវែលសេឡង់ និងជប៉ុន ហើយបន្តសហការជាមួយមជ្ឈមណ្ឌលបុប្ផាណា លើគំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធីសកម្មភាពនៃការចងចាំ (Acts of Memory) ដែលជាគម្រោងភាពយន្តឯកសារ​ស្ដីពីសក្ខីកម្ម​​របស់អ្នកនៅរស់រានមានជីវិត​ជា​​ជនភៀសខ្លួនកម្ពុជា​នៅតាមបណ្ដាប្រទេសនានា។

យោងតាមសម្ដី​លោកស្រី Reiko Fukutake នាយកប្រតិបត្តិ មូលនិធិ រៃ បានបញ្ជាក់​​ថា៖ “ យើងជឿជាក់ថាពិព័រណ៍​ “រស់រាន​” នឹង​​អនុញ្ញាតឱ្យអ្នកទស្សនាចូលរួមក្នុងកិច្ចសន្ទនាថ្មីៗ អំពីបទពិសោធន៍ក្នុងអំឡុងពេលរបបខ្មែរក្រហម និងក្រោយរបបនេះ ។ មូលនិធិ រៃ សង្ឃឹម​​ថាកិច្ចសន្ទនាទាំងនេះនឹងជួយយើងទាំងអស់គ្នាក្នុងការឆ្ពោះទៅរកពិភពលោកមួយដែលមានការយល់ដឹង និងការទទួលយក ឆ្លង​ព្រំដែនរូបវ័ន្ត និងវប្បធម៌” ។

​រៀបចំសម្រាប់ប្រជាជនកម្ពុជា ដោយប្រទេស​​កម្ពុជា

ក្នុងនាមជាទីប្រឹក្សានៃពិព័រណ៍នេះ លោក ប៉ាន់ រិទ្ធី បាន​បង្ហាញ​ពីទស្សនៈវិស័យ និងការអត្ថាធិប្បាយ​​បែបសោតទស្សន៍ ​ដោយផ្សារភ្ជាប់ការងារសិល្បៈរបស់ “រស់រាន” ជាមួយនឹងបេសកកម្មដ៏ទូលំទូលាយរបស់​មជ្ឈមណ្ឌល​បុប្ផាណា ក្នុងការបំប្លែងការចងចាំផ្ទាល់ខ្លួនទៅជាប្រវត្តិសាស្ត្ររួម។

ពិព័រណ៍នេះ រៀបចំដោយ​កញ្ញា ម៉ឹង​ មេត្តា តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនង និងផ្តោតសំខាន់​​ជាមួយ​​ទស្សនិកជន នឹង​ធានាថា​ពិព័រណ៍ “រស់រាន” គឺជាកិច្ចសន្ទនារវាងជំនាន់មួយទៅជំនាន់មួយទៀត ​។

កញ្ញា មេត្តា បានថ្លែងថា៖ “ គោលដៅរបស់យើង គឺដើម្បី​អនុញ្ញាតឱ្យវត្ថុទាំងនេះឆ្លុះបញ្ចាំងដោយផ្ទាល់​​ទៅកាន់យុវជនកម្ពុជា​ដែល​ជា​អ្នកជំនាន់ក្រោយ ​មិនធ្លាប់​ឆ្លងកាត់សម័យកាលនោះ​ ប៉ុន្តែពួកគេ​នៅតែបន្តទទួលឥទ្ធិពល​ពីអតីតកាល។ ពិព័រណ៍នេះ ​​គឺ​ជា​​ការនាំយក​​ប្រវត្តិសាស្ត្រមកបង្ហាញឡើងវិញ តាមរយៈការយល់ដឹងពីបទពិសោធន៍របស់អ្នកនៅរស់រាន។”​

កម្មវិធីសាធារណៈ

ពិព័រណ៍ ​រស់រាន​ នឹងត្រូវធ្វើឡើង​ដោយ​អម​មក​​ជាមួយនូវកម្មវិធីសាធារណៈប្រចាំសប្ដាហ៍ ដើម្បីលើកកម្ពស់ការរៀនសូត្រ ការឆ្លុះបញ្ចាំង និងកិច្ចសន្ទនាអន្តរ​ជំនាន់។ គំនិតផ្តួចផ្តើមទាំងនេះ ដឹកនាំដោយក្រុមការងាររៀបចំពិព័រណ៍ រួមមានសកម្មភាពសិក្សាសម្រាប់សិស្សានុសិស្ស ការគិត​យុទ្ធសាស្ត្រតាមរយ:រូបភាព​ និងកម្រង​​កិច្ចពិភាក្សាដែលមានការចូលរួមពីសិល្បករ សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងសំឡេងពីសហគមន៍។ ភាពយន្តឯកសារថ្មីអំពី លោក គឹម ហាក់ មានចំណងជើងថា រងើកភ្លើងក្រោមផេះ ដឹកនាំ និងកែសម្រួលដោយ លោក ប៉ាន់ រិទ្ធី និងផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ផ្តល់ជូនទស្សនិកជន​ឱ្យ​មើលឃើញ​កាន់តែច្បាស់ថែមទៀត​អំពី​សិល្បកររូបនេះ និងការឆ្លុះបញ្ចាំងរបស់លោកចំពោះប្រវត្តិសាស្ត្រ។ ការដើរទស្សនាពិព័រណ៍ជាមួយក្រុមរៀបចំពិព័រណ៍ ក៏នឹងមានធ្វើឡើង​សម្រាប់សាលារៀន សាកលវិទ្យាល័យ និងស្ថាប័នដែលចាប់អារម្មណ៍ផ្សេងទៀត ពេញមួយរយៈពេលនៃការតាំងពិព័រណ៍ទាំងមូល​ផងដែរ។

អំពីពិព័រណ៍

រស់រាន​ គឺជាគម្រោងថតរូបរយៈពេលវែង ដែលបានចាប់ផ្ដើមនៅខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៤ ហើយបានវិវឌ្ឍ​ជាបន្តបន្ទាប់តាមរយៈវគ្គ​​ផ្សេងៗ​នៅ​អន្តរជាតិតាម​បណ្ដាប្រទេសនានាដូចជាប្រទេស អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ វគ្គ​នីមួយៗ បានស្វែងយល់អំពីការចងចាំដែលបង្កប់នៅក្នុងវត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលបាន​រស់រានមានជីវិតសេសសល់​​ពីអតីតកាលដ៏វឹកវររបស់ប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នៅរាជធានីភ្នំពេញនេះ គឺជាការនាំយកនូវរឿងរ៉ាវទាំងនេះមករួម​ផ្ដុំ​​គ្នាជាលើកដំបូង ដោយបង្ហាញ​រូបថតទ្រង់ទ្រាយ​​ធំ និងវត្ថុដើមដែលត្រូវបានជ្រើសរើសមួយចំនួន ដែលវត្ថុទាំងនោះត្រូវបានលាក់ទុក រក្សាទុក ឬយកតាមខ្លួន​អស់ពេល​ជា​ច្រើន​ជំនាន់​។ ពិព័រណ៍នេះបានបំប្លែងសកម្មភាពនៃការរស់រានមានជីវិតរបស់​បុគ្គល​ជាឯកជន ទៅជារឿងរ៉ាវរួម​នៃភាព​រឹងមាំ និងការចងចាំរួមគ្នា។

អំពីមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

មជ្ឈមណ្ឌល​ធនធានសោតទស្សន៍បុប្ផាណាត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ លោក ប៉ាន់ រីទ្ធី និង លោក អៀវ ប៉ុណ្ណាការ ដើម្បី​ឧទ្ទិសដល់ការស្ដារឡើងវិញនូវបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា និងការអភិរក្សការចងចាំសមូហភាព។ មជ្ឈមណ្ឌលនេះ ​​បានយក​​ឈ្មោះ​តាម ​​ បុប្ផាណា ដែលគាត់ជាយុវតី​ម្នាក់ត្រូវបានគេសម្លាប់​​នៅមន្ទីរស-២១ ដោយសារ​​លិខិតស្នេហាដ៏ក្លាហាន និង​ការ​តស៊ូ​រើ បម្រះ​របស់គាត់ មជ្ឈមណ្ឌលនេះគឺជា​វិមាន​រស់មួយ​ដើម្បី​ជា​សក្ខីភាព​សម្រាប់​អំណាចនៃការចងចាំ។​ បុប្ផាណា គឺជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃបណ្ណសារទូរទស្សន៍ (FIAT) និងសហព័ន្ធអន្តរជាតិនៃបណ្ណសារភាពយន្ត (FIAF) ដែលធានាបាននូវស្តង់ដារអភិរក្ស និងពិព័រណ៍លំដាប់ពិភពលោក។​

អំពីមូលនិធិ រៃ

មូលនិធិ រៃ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ ២០១២ ជាមូលនិធិសប្បុរសធម៌ ដែល​មាន​ទស្សនៈវិស័យចង់ឃើញពិភពលោកមួយដែលលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប។ មូលនិធិ រៃ ផ្ដោតការ​យកចិត្តទុកដាក់​ក្នុង​ការគាំទ្រគម្រោងនានា ដែល​មាន​គោលដៅ​អភិវឌ្ឍសង្គម​ដែលប្រកបដោយទំនុកចិត្ត​ និងសហគមន៍ដែលគោរពភាពចម្រុះ និងទទួលស្គាល់ភាពចម្រុះរបស់បុគ្គល។ មូលនិធិ រៃ បានសហការជាមួយស្ថាប័នដៃគូនានាដែលមានទីតាំងនៅក្នុងប្រទេសនូវែលសេឡង់ ជប៉ុន តុងហ្គា ម៉ាឡាវី និងកម្ពុជា។

មូលនិធិ រៃ បាន​ឃើញ​ស្នាដៃរបស់ លោក គឹម ហាក់ ជាលើកដំបូង​​នៅក្នុង​មហោស្រព​​រូបថត​មួយ​ក្នុងប្រទេស នូវែលសេឡង់កាលពី​ឆ្នាំ ២០១៧។ កម្រង​ស្នាដៃ រស់រាន របស់លោក ត្រូវបានដាក់តាំងបង្ហាញជាផ្នែកមួយនៃ​មហោស្រព​នេះ ហើយសារនៃសា្នដៃនេះ​ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកទស្សនាដែលមានជាតិសាសន៍​ វប្បធម៌ និងទំនៀមទម្លាប់ខុសពីកម្ពុជា។ ឆ្នាំបន្ទាប់មក មូលនិធិ រៃ បានចាប់ផ្តើមសហការជាមួយ លោក គឹម ហាក់ លើ​ស្នាដៃ រស់រាន ជំពូក ៣ ជា​ស្នាដៃបង្ហាញពីសហគមន៍ខ្មែរ រស់នៅទីក្រុងអូកលែនដ៍។ បន្ទាប់មក ស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងអូកលែនដ៍​ និងរាជធានីភ្នំពេញ ក៏ដូចជាបោះពុម្ពជាសៀវភៅផងដែរ។ នៅទីបំផុត ​ស្នាដៃទាំងនោះត្រូវបានសារមន្ទីរសង្រ្គាមក្នុងទីក្រុងអូកលែនដ៍ (Auckland War Memorial Museum) បានរក្សាទុកជាធនធានដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋទីក្រុងអូកលែនដ៍ និងសម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់ពីការផលិត​ស្នាដៃ រស់រាន ជំពូក៤ នៅ​ប្រទេសជប៉ុនមូលនិធិ រៃ ក៏បានសហការជាមួយ លោក គឹម ហាក់ លើការតាំងពិព័រណ៍​ជំពូកនេះ​នៅក្នុងទីក្រុងតូក្យូ និងយ៉ូកូហាម៉ាក្នុងឆ្នាំ ២០២២ និង ២០២៣ ផងដែរ។​

ព័ត៌មាន​ទំនាក់ទំនងសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ

សម្រាប់ការសាកសួរព័ត៌មាន ការសម្ភាសន៍ និង​ការស្នើសុំរូបភាព សូមទំនាក់ទំនង​៖​

alive.kimhak@gmail.com

www.kimhak.com/works/alive

អត្ថបទថ្មី