វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ នឹងបើកសាខាភ្នំពេញដំបូងនៅកោះពេជ្រ

  • 2025-10-16 07:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតសាខាដំបូងរបស់ KIT នៅភ្នំពេញ ដែលមានទីតាំងក្នុង «Elite Cove» ទីក្រុងកោះពេជ្រ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC និងលោកឧកញ៉ា Kiran Kumar Reddy Churukanti ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងនាំយកការអប់រំតាមបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ទៅជិតនិស្សិត និងអ្នកជំនាញនៅកណ្តាលរាជធានីភ្នំពេញ ជំរុញឱកាសសម្រាប់ការសិក្សាជាក់ស្តែង និងការអភិវឌ្ឍអាជីពនៅក្នុងសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលបច្ចុប្បន្នដឹកនាំដោយលោកឧកញ៉ា Kiran Kumar Reddy Churukanti ផ្តល់ជូននូវគំរូសិក្សាតាមគម្រោងដែលត្រូវបានបំផុសគំនិតដោយ Silicon Valley។ ជាមួយនឹងនិស្សិតជាង ៣០០ នាក់ដែលបានចុះឈ្មោះនាពេលនេះ KIT ផ្តល់កម្មវិធីសិក្សាក្នុងផ្នែក វិស្វកម្មកម្មវិធី (Software Engineering), ការរចនាប្រព័ន្ធប្រើប្រាស់ UX/UI (UX/UI Design) និង វិទ្យាសាស្ត្រទិន្នន័យ (Data Science) ដោយរួមបញ្ចូលគ្នានូវការសិក្សាជាមួយនឹងបទពិសោធន៍ជាក់ស្តែង។

«ការស្វាគមន៍វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យមកកាន់ Elite Cove គឺមិនមែនត្រឹមតែជាការបើកទីតាំងថ្មីប៉ុណ្ណោះទេ ពោលនេះគឺជាការបង្កើតបរិយាកាសមួយដែលរួមគ្នាជាមួយនិងការអប់រំ និងភាពច្នៃប្រឌិត។ ជាមួយគ្នានេះ យើងសង្ឃឹមថាការនាំយកនូវវិទ្យាស្ថានអប់រំនេះនឹងកសាងផ្លូវសម្រាប់យុវជនកម្ពុជាឱ្យរីកចម្រើន និងរួមចំណែកដល់អនាគតឌីជីថលរបស់ប្រទេស។» លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍។

ទីតាំងសាខាកោះពេជ្រនេះ ត្រូវបានរំពឹងថានឹងបើកសម្រាប់ការចូលរៀនដំបូងរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយគាំទ្រដល់ការបន្តរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ KIT ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

មានទីតាំងនៅកោះពេជ្រ Elite Cove គឺជាផ្នែកមួយនៃផែនការទូលំទូលាយរបស់ OCIC ក្នុងការអភិវឌ្ឍសហគមន៍ដែលភ្ជាប់អាជីវកម្ម ការរៀនសូត្រ និងការរស់នៅក្នុងទីក្រុង។ តំបន់នេះក៏ផ្តល់នូវការចូលទៅកាន់មជ្ឈមណ្ឌលធុរកិច្ចថ្មី និងនវានុវត្តដូចជា Connexion និង Aquation ដែលផ្តល់ឱកាសសម្រាប់ការសហការ ការស្រាវជ្រាវ និងសហគ្រិនភាព។

ខណៈពេលដែលទីក្រុងកោះពេជ្ររីកចម្រើនទៅជាមជ្ឈមណ្ឌលអប់រំ ដ៏លេចធ្លោមួយរបស់រាជធានីភ្នំពេញ KIT ចូលរួមជាមួយបណ្តាញវិទ្យាស្ថានអប់រំដែលកំពុងរីកចម្រើនដូចជាសាកលវិទ្យាល័យ De Montfort Cambodia, DICHI Academy និង Above and Beyond Academy ព្រមទាំងសាលាអន្តរជាតិរួមមានសាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) សាលាអន្តរជាតិបារាំង និង វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA)។

អត្ថបទថ្មី