អតីតថៅកែ KH Promotion បានចាប់ផ្ដើមការងារថ្មីមួយ ទទួលបានមានចំណូល ១០-២០ដុល្លារក្នុង១ខែ
- 2020-06-30 07:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតថៅកែ KH Promotion បានចាប់ផ្ដើមការងារថ្មីមួយ ទទួលបានមានចំណូល ១០-២០ដុល្លារក្នុង១ខែ
ចន្លោះមិនឃើញ
ដំណើរជីវិតរបស់អតីតថៅកែផលិតកម្ម KH Promotion បានផ្លាស់ប្ដូរគ្មាននរណាស្មានដល់ ដែលក្រោយពីដកខ្លួនពីជីវិតហ៊ឺហាទៅធ្វើចម្ការ ចុងក្រោយភរិយាប្ដឹងសុំលែងលះ ឥឡូវមានដំណឹងថា លោក គឹម ហេង បានវិលមករកការងារថ្មីមួយដោយការងារនេះ អាចផ្ដល់ឲ្យលោកនូវកម្រៃត្រឹមតែ ១០-២០ដុល្លារប៉ុណ្ណោះក្នុង១ខែ។
លោក គឹមហេង បានបញ្ចេញព័ត៌មាននេះនៅលើហ្វេសប៊ុកលោក ជាទីកន្លែងដែលលោករមែងបង្ហោះសារលើកទឹកចិត្តខ្លួនឯងជារឿយៗ ក្រោយជីវិតជួបរឿងនឹកស្មានមិនដល់ម្ដងហើយម្ដងទៀត។ លោកបានសរសេរថា លោកទើបបានចុះកុងត្រាការងារជាមួយក្រុមហ៊ុនមួយដែលធានាចំណូលលោកប្រចាំខែតូចតួលេខខាងលើ។ “ដើរលើវិថីជីវិតថ្មីចាប់ផ្ដើម ថ្ងៃនេះខ្ញុំបានទៅចុះកិច្ចសន្យាធ្វើការដែលទទួលបានប្រាក់កំរ៉ៃចន្លោះពីដប់ដុល្លារទៅម្ភៃដុល្លារក្នុង១ខែនៃខែដំបូង ខ្ញុំពេញចិត្តអ្វីដែលជាគំនិត កម្លាំង ញើសឈាមខ្ញុំទទួលបាន”។ លោក គឹមហេង ថ្លែង។
ឃើញសារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ប្រិយមិត្តអ្នករាប់អានលោកជាច្រើនបានចូលសរសេរសារលើកទឹកចិត្ត និងអបអរសាទរជាមួយការចាប់ផ្ដើមជាថ្មីរបស់លោក។ ប៉ុន្តែអ្នកខ្លះក៏បានឆ្ងល់ថាតើលោកធ្វើការងារអ្វី ទើបបានប្រាក់ខែ
តាមការបញ្ជាក់ប្រាប់តាមសារអេឡិចត្រូនិក លោក តាំង គឹមហេង បានទៅចូលបម្រើការងារនៅផលិតកម្មក្នុងស្រុកទើបបើកថ្មីមួយ ហើយលោកមានតួនាទីជាទីប្រឹក្សា ពិគ្រោះយោបល់ផ្សេងៗ ហើយចំពោះប្រាក់ចំណូល គឺលោកបានដូចប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមនោះមែន។ ប៉ុន្តែយ៉ាងណាលោកថា នេះជាប្រាក់ខែសម្រាប់ខែដំបូងប៉ុណ្ណោះ សម្រាប់ខែបន្តបន្ទាប់លោកទទួលបានចំនួនផ្សេង តែលោកមិនបានបង្ហើបឡើយ។
អតីតថៅកែ KH Promotion បញ្ជាក់បន្ថែមថា តាមពិតការវិលមកធ្វើការងារខាងលើ មិនមែនលោកធ្វើដើម្បីរកកម្រៃធ្វើមានបាននោះទេ គឺលោកធ្វើគ្រាន់តែកំដរជីវិតចុងក្រោយរបស់លោកប៉ុណ្ណោះ។ ដូច្នេះហើយ លោកបានប្រាប់បន្ថែមថា ចំណូលពីការងារផ្សេងៗមួយចំនួនដែលលោករកបានពីពេលនេះទៅ គឺលោកយកទៅបរិច្ចាគជូនទៅដល់ជនទីទ័លក្រ ដើម្បីបានជាកុសល សន្សំបុណ្យទុកជូនកូនប្រុសស្រីរបស់លោកឲ្យជួបតែរឿងល្អៗប៉ុណ្ណោះ។
តាមការបញ្ជាក់របស់លោក គឹមហេង ដដែល ក្រៅពីការងារជាទីប្រឹក្សាផលិតកម្មទើបបើកថ្មីមួយខាងលើ គឺលោកក៏មានការងារផ្សេងទៀតដែរ ដោយលោកបានចូលបម្រើការងារផ្នែកកសិកម្មជូនដល់ស្ថាប័នមួយ តែលោកសុំមិនបញ្ចេញ។ ទាំងនេះ គឺការងារដែលលោកធ្វើដើម្បីកំដរជីវិតចុងក្រោយ ហើយដូចប្រាប់ពីខាងលើ លោកបញ្ជាក់ថា លោកមិនចង់រស់ធ្វើអ្នកមានអីទៀតទេ លោកគ្រាន់តែចង់ប្រើជីវិតចុងក្រោយ បានចែករំលែកចំណេះដឹងបទពិសោធន៍ រួមទាំងធនធានខ្លះៗដែលលោកមានលទ្ធភាព ជូនទៅជនទាំងឡាយណាដែលមានតម្រូវការចាំបាច់ប៉ុណ្ណោះ។
លោក គឹម ហេង គឺជាអតីតថៅកែផលិតកម្ម KH Promotion ជាផលិតកម្មវ័យចំណាស់មួយ និងបានបណ្ដុះបណ្ដាលធនធានសិល្បៈចម្រៀងជាច្រើន ក្នុងនោះដូចជា សុខ ស្រីនាង សុខ ពិសី ហ្សូណូ ជាដើម។ យ៉ាងណាក្រោយមក ផលិតកម្មនេះក៏បានបិទទ្វារ ដោយមិនដឹងមូលហេតុច្បាស់លាស់កាលពីជាង១០ឆ្នាំមុន ហើយលោក គឹម ហេង ក៏បាន លោកបានវិលត្រឡប់ទៅរស់នៅខេត្តបន្ទាយមានជ័យស្រុកកំណើតវិញ។
លោកបានទៅធ្វើចម្ការលើដីជាច្រើនហិកតាររបស់លោក ក្នុងជីវភាពជាកសិករយ៉ាងសាមញ្ញ ឈប់រវីរវល់នឹងរឿងនៅទីក្រុងបន្តទៀត។ ចម្ការរបស់លោកមានដំណាំជាច្រើនដូចជា ទ្រាប់ពុតលំញង ម្ទេស ល្ពៅ និងល្ហុង ជាដើម ដែលទាំងនេះ បានចាប់ផ្ដើមឲ្យផលហូរហែមកហើយ ក្រោយលោកបានតស៊ូមិនខ្លាចនឿយហត់ជាច្រើនឆ្នាំ។
ក្រោយពីចម្ការឲ្យផ្លែផ្កា ងាកមកជីវិតគ្រួសារលោកឯណេះបែរជាស្វិតស្រពោនទៅវិញ។ លោក គឹមហេង ត្រូវភរិយាបានដាក់ពាក្យបណ្ដឹងប្ដឹងសុំលែងលះ ទាំងដែលលោកមិនដឹងថាខ្លួនឯងមានកំហុសអ្វី។ យ៉ាងណា ត្បិតមិនបានត្រៀមខ្លួន អ្វីៗបានទៅហួសអស់ហើយ ដោយលោក និងភរិយាបានបែកគ្នាតាមអំណាចតុលាការហើយ។
ទោះឈឺចាប់យ៉ាងណា អតីតថៅកែផលិតកម្មកម្សត់ នៅតែពង្រឹងខ្លួនឯងដើម្បីរស់នៅលើផែនដីនេះតទៅទៀត រង់ចាំមើលមនុស្សល្អរបស់លោក ពិសេសគឺកូនប្រុសស្រីរបស់លោកមានអនាគតល្អ។ នេះជាអ្វីដែលគេឃើញលោក បង្ហោះរឿយៗ លើហ្វេសប៊ុករបស់លោក៕