ឯកឧត្តម សាយ សំអាល់៖ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់

  • 2020-07-01 00:01:03
  • ចំនួនមតិ 2 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

«ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា»។ នេះគឺជាគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នៅសាលាខេត្តរតនគិរី ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពីសមាជិកនៃគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធរួមមានអភិបាលក្រុងស្រុកនិងមេឃុំ ចៅសង្កាត់ក្រោមចំណុះរដ្ឋបាលខេត្តរតនគិរីជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានព្រមានថា៖ «អាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ»

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះដូចជាមេភូមិមេឃុំជាដើមដែលនៅបន្តបំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។ ការណ៍នេះ ចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការរំលោភ បំពាននេះ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋតែងតែត្រូវបានប្រឈមមុខច្បាប់ ហើយបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់»

សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតាក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។ ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តបាននិងកំពុងពង្រឹងបន្ថែមតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននេះ ខេត្តរតនគិរីមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៥៥៧នាក់ និងមានជនជាតិភាគតិចចំនួន ៦០%នៃចំនួនពលរដ្ឋសរុប ហើយមានជនជាតិភាគតិចចំនួន ៨៕

ប្រភព៖ ក្រសួងបរិស្ថាន