ហេង ស្រីពេជ្រ សោកស្ដាយ និងពិបាកចិត្តខ្លាំង ក្រោយសម្ដែងចូលតួពេកក្នុងបទ "អ្នកព្រៃវែងអាក្រក់ត្រង់ណា” រហូតធ្វើឲ្យកក្រើក
- 2020-07-07 03:02:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ស្រីពេជ្រ សោកស្ដាយ និងពិបាកចិត្តខ្លាំង ក្រោយសម្ដែងចូលតួពេកក្នុងបទ "អ្នកព្រៃវែងអាក្រក់ត្រង់ណា” រហូតធ្វើឲ្យកក្រើក
ចន្លោះមិនឃើញ
តារាសម្ដែង ហេង ស្រីពេជ្រ ដែលជាតួអង្គសំខាន់ក្នុងបទ"អ្នកព្រៃវែងអាក្រក់ត្រង់ណា" សោកស្ដាយចំពោះរឿងរ៉ាវដែលបានកើតឡើងនឹកស្មានមិនដល់ ហើយនាងក៏សុំទោសដល់បងប្អូនអ្នកខេត្តព្រៃវែងគ្រប់គ្នាដែរ។
ហេង ស្រីពេជ្រ បានប្រាប់ Sabay នៅមុននេះបន្តិចថា ចិត្តអារម្មណ៍ពិតរបស់នាងមិនដែលហ៊ានសូម្បីតែគិតថាស្អប់អ្នកខេត្ដព្រៃវែង ប៉ុន្តែដើម្បីសម្ដែងបានល្អក្នុងតួអង្គអាក្រក់នៅក្នុងMV នោះ នាងត្រូវតែសម្ដែងឲ្យដល់ទៅតាមសាច់រឿងដែលផលិតកម្មបានដាក់ឲ្យសម្ដែងប៉ុណ្ណោះ។ ស្រីពេជ្រ យល់ថាសាច់រឿងទាំងមូលនៅក្នុង MV នេះ តាមពិតចង់លើកតម្កើងអ្នកខេត្តព្រៃវែងទៅវិញទេ ប៉ុន្តែមានឈុតខ្លះអាក្រក់ទើបធ្វើឲ្យមហាជនប្រតិកម្មបែបនេះ។
ស្រីពេជ្រ៖ "ចំពោះខ្លួនខ្ញុំមានអារម្មណ៍ខ្វាយខ្វល់ និងពិបាកចិត្ដខ្លាំងដល់ពេលមានរឿងអីចឹង ហើយសង្ឃឹមថាបងប្អូនអ្នកខេត្តព្រៃវែងទាំងអស់អធ្យាស្រ័យដល់រូបខ្ញុំ និងក្រុមការងាររបស់ផលិតកម្ម មរតកមេឌៀរទាំងអស់"។
ផលិតកម្មមរតក មេឌៀរ បានផលិត MV មួយដែលមានចំណងជើងថា"អ្នកខេត្ដព្រៃវែងអាក្រក់ត្រង់ណា" កាលពីពេលថ្មីៗ ហើយបានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន។ ក្រោយបង្ហោះភ្លាមៗ បទនេះ ត្រូវបានគេប្រតិកម្ម ហើយចែករំលែកគ្នាជាបន្ដបន្ទាប់តាមបណ្ដាញសង្គម។ ការណ៍នេះ បានធ្វើឲ្យអភិបាលខេត្តព្រៃវែងលោក ជា សុមេធី បានចេញលិខិតប្រតិកម្មដែរ ហើយស្នើសុំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការលើម្ចាស់ផលិតកម្ម។
នៅក្នុងលិខិតរបស់អភិបាលខេត្តរូបនេះ បានរិះគន់អ្នកនិពន្ធ និងដឹកនាំផលិតកម្មមរតកមេឌៀរ ថា MV នេះមានបង្កប់នូវសាច់រឿងអាក្រក់ដែលនាំអោយមានការរើសអើង និងបន្តុះបង្អាប់អ្នកខេត្តព្រៃវែង។ ភ្លាមៗ ក្រោយមានលិខិតរបស់អភិបាលខេត្តនេះ តំណាងផលិតកម្ម និងជាអ្នកនិពន្ធបទចម្រៀងនេះផ្ទាល់ គឺលោក សយ រតនា បានចេញមុខសុំទោសជាសាធារណៈនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចចំពោះកំហុសឆ្គងរបស់ខ្លួន៕