កុំច្រឡំឱ្យសោះ! TikTok Pro គឺជាមេរោគ Malware ទេ

  • 2020-07-08 03:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្តាហ៍មុន មានព័ត៌មានដែលទាក់ទងទៅនឹងប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីទូរសព្ទប្រមាណជា ៥៩កម្មវិធី ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ពេញនិយមមួយផងដែរ។

កន្លងមកយើងសង្កេតឃើញថាប្រជាជនកម្ពុជាមួយចំនួនមានការមិនពេញចិត្ត និងបានរិះគន់ទៅលើកម្មវិធីនេះ ដោយសារតែមានក្មេងៗប្រើច្រើនដែលធ្វើឱ្យខាតបង់ពេលវេលា ក៏ដូចជាប្រាក់កាស ព្រមទាំងទាក់ទងទៅនឹងសីលធម៌របស់ពួកគេ។ មិនខុសគ្នាពីប្រជាជនឥណ្ឌាខ្លះក៏ មានការមិនពេញចិត្តចំពោះកម្មវិធីនេះដែរ តែក៏មានមួយចំនួនទៀតក៏ចូលចិត្ត និងបានប្រើប្រាស់កម្មវិធីនេះដើម្បីជាគ្រឿងកំសាន្ត ឬធ្វើជាប្រយោជន៍ក្នុងការរកលុយផងដែរ។

ដោយសារតែឃើញថាប្រជាជនឥណ្ឌាជាច្រើននៅតែចូលចិត្តនិងចង់ប្រើកម្មវិធីនេះ ជាហេតុនាំឱ្យក្រុមជនអនាមិកបានឆ្លៀតឱកាសបង្កើតកម្មវិធីដែលមានមេរោគ Malware ប៉ុន្តែបន្លំថាជាកម្មវិធី Tik-Tok Pro ដើម្បីឱ្យប្រជាជនឥណ្ឌាទាញយកមកប្រើប្រាស់តាមរយៈតំណភ្ជាប់ដែលពួកគេបានផ្សព្វផ្សាយនៅលើ Twitter និង WhatsApp។

ក្រោយពីបានទាញយក នឹងដំឡើងកម្មវិធីនេះរួចរាល់ហើយ កម្មវិធីនេះនឹងធ្វើការស្នើចូលក្នុងប្រព័ន្ធទូរសព្ទដើម្បីអាចទាញយកទិន្នន័យជាច្រើនដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើមនៅពេលដែលអ្នកប្រើប្រាស់ព្យាយាមបើកកម្មវិធីនេះ ប៉ុន្តែវាមិនបានដំណើរការអ្វីនោះទេ។ ទោះបីជាកម្មវិធីនេះមិនមានដំណើរការក៏ដោយ ក៏វាយឺតពេលទៅហើយ ព្រោះមេរោគ malware ត្រូវបានដំឡើងចូលក្នុងទូរសព្ទ ដែលអាចលួចទាញយកទិន្នន័យ និងបង្ហាញសារដដែលៗដើម្បីឱ្យដំឡើងកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ។

ដូចនេះ អ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះយើងមិនអាចបញ្ជាក់បានថាតើកម្មវិធីទាំងនោះជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា