អតីត​ចាងហ្វាង KH Promotion គ្រោង​ចូល​រៀន​សាកលវិទ្យាល័យ​កំដរ​ជីវិត​ចុង​ក្រោយ

  • 2020-07-08 03:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តាំង គឹម​ហេង ដែល​ស្គាល់​ថា​ជា​អតីត​ចាងហ្វាង​ផលិតកម្ម KH Promotion នោះ បាន​ព្រលយ​ឲ្យ​ដឹង​ថា លោក​មាន​បំណង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ឆាប់​ៗ សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​លោក។

បំណង​នេះ បាន​កើត​មាន​ក្រោយ​ជីវិត​របស់​លោក​ហាក់​បាន​ចាប់​ផ្ដើម​សារ​ជា​ថ្មី ក្រោយ​ពី​លោក​បាន​ជួប​រឿង​រ៉ាវ​បែក​បាក់​គ្រួសារ​ដែល​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ប្រមាណ ២៥​ឆ្នាំ​ហើយ​នោះ។ លោក គឹមហេង លើក​ឡើង​ជា​រឿយ​ៗ​ថា ពី​ពេល​នេះ​ទៅ លោក​នឹង​ញញឹម​ទទួល​យក​ជីវិត​ថ្មី ហើយ​នឹង​ធ្វើ​រឿង​ទាំង​ឡាយ​ដែល​ខ្លួន​ពេញ​ចិត្ត មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង សហគមន៍ រួម​ទាំង​សង្គម។

កិច្ចការ​ទាំង​នោះ មាន​ទាំង​សកម្មភាព​រួម​ចំណែក​ផ្សេង​ៗ ការងារ​សប្បុរសធម៌ និង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​បន្ថែម។ និយាយ​ដល់​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​បន្ថែម ចាងហ្វាង​ផលិតកម្ម​ដែល​បាន​បណ្ដុះ​តារា​ចម្រៀង​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​នាក់ បង្ហើប​ថា លោក​គ្រោង​នឹង​ចូល​រៀន​សាកលវិទ្យាល័យ​សម្រាប់​ជីវិត​ចុង​ក្រោយ​នេះ។

មក​ទល់​បច្ចុប្បន្ន លោក គឹមហេង មាន​វ័យ​ជាង ៥០​ឆ្នាំ​ហើយ ហើយ​វ័យ​នេះ លោក​ដឹង​ច្បាស់​ថា ទំនង​មិន​បាន​ចំណេះ​ជំនាញ​ពី​ការ​វិល​ចូល​សាលា​ថ្មី​នេះ មក​ប្រើ​ជា​ប្រយោជន៍​បាន​ច្រើន​នោះ​ទេ ខណៈ​លោក​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ។ ប៉ុន្តែ​សំខាន់ នេះ​ជា​អ្វី​ដែល​លោក​ចង់​ធ្វើ និង​ជា​អ្វី​ដែល​លោក​ស្រឡាញ់។ លោក​លើក​ឡើង​បន្ថែម​ថា លោក​បាន​រសាត់​បាត់​ឆ្ងាយ​ពី​ការ​រៀន​សូត្រ​ប្រមាណ ៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចិត្ត​លោក​នៅ​តែ​ស្រឡាញ់​ការ​រៀន ទើប​សម្រេច​ថា​នឹង​ចូល​រៀន​ម្ដង​ទៀត ចាត់​ជា​ការងារ​កំដរ​ជីវិត​ចុង​ក្រោយ​របស់​លោក ម្យ៉ាង​នោះ ជា​បំណង​របស់​ម្ដាយ​លោក​កាល​នៅ​រស់​ផង។

"ពី​មុន​បង​គ្មាន​ពេល​រៀន តែ​ឥឡូវ​បង​មិន​ចង់​ទុក​ពេល​មាន​ឱកាស​ចោល​អត់​ប្រយោជន៍ ទើប​សម្រេច​ថា​រៀន...វា​ប្រហែល​មិន​បាន​ប្រើ​បាន​យូរ​ទេ តែ​គ្រាន់​បាន​កំដរ​ជីវិត និង​បាន​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន ឬ​ក៏​បាន​ចែក​រំលែក​បទ​ពិសោធន៍​ខ្លះ​ដល់​ក្មេង​ជំនាន់​ក្រោយ​តិចតួច យ៉ាង​ណា​ក៏​ប្រហែល​ជា​អស់​ជម្រើស លែង​ចង់​ធ្វើ​អ្នក​មាន​ទៀត​ហើយ!”។ លោក គឹមហេង។

​បច្ចុប្បន្ន​លោក តាំង គឹមហេង បាន និង​កំពុង​គិត​ពី​ការ​ជ្រើសរើស​សាលា និង​មុខ​ជំនាញ ដោយ​ក្នុង​នោះ​លោក​បាន​កំពុង​ពិចារណា​ជំនាញ​មួយ​ក្នុង​ចំណោម៤​គឺ ភាសា​អង់គ្លេស ជំនាញ​តែង​និពន្ធ គ្រប់​គ្រង​គម្រោង និង​កសិកម្ម។ លោក​លើក​ឡើង​ថា ប្រសិន​បើក​ខូវីដ​ចប់​ពេល​ណា ក៏​ដូច​ជា​សាលា​បើក​ពេល​ណា​លោក​នឹង​ចូល​រៀន ហើយ​នឹង​រៀន​ឲ្យ​បាន​ចប់ ប្រសិន​បើ​សុខភាព​មិន​រំខាន​ទេ​នោះ។

ក្រៅ​ពី​គម្រោង​រៀន​សូត្រ​ម្ដង​ទៀត លោក គឹមហេង គឺ​លោក​នឹង​ចូល​រួម​ការងារ​សប្បុរសធម៌ ក្នុង​នោះ​ចុង​ឆ្នាំ​នេះ លោក​នឹង​ចុះ​ទៅ​ចែក​អំណោយ​សម្ភារៈ​សិក្សា​នៅ​សាលា​រៀន​មួយ​កន្លែង ហើយ​ក្រៅ​ពី​ចំណូល​របស់​លោក​ពី​ការងារ​មួយ​ចំនួន​ដែល​លោក​បាន និង​កំពុង​ធ្វើ ដូច​ជា​ទីប្រឹក្សា​ផលិតកម្ម​ថ្មី​មួយ និង​ជា​បុគ្គលិក​ផ្នែក​កសិកម្ម​របស់​ស្ថាប័ន​មួយ​ផង គឺ​លោក​នឹង​កាត់​មួយ​ចំណែក​ទុក​ចែក​ជូន​ជន​ទីទ័ល​ក្រ ហើយ​នេះ​ជា​ការងារ​កំដរ​ជីវិត​ចុង​ក្រោយ​របស់​លោក៕

អត្ថបទ៖ ទារិកា