សម្ដេច​សីហនុ ធ្លាប់​ប្រទាន​អំណោយ​ពិសេស​ដល់​ប្រធានាធិបតី​អាមេរិក

  • 2020-07-08 11:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ព្រះ​នរោត្ដម សីហនុ កាល​នៅ​សោយរាជ្យ​ជា​លើក​ទី១ ធ្លាប់​ប្រទាន​ដំរី​ស​ដ៏​កម្រ​មួយ​នៅ​កម្ពុជា ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Harry S. Truman កាល​ពី​ឆ្នាំ​១៩៥១។

លោក Harry S. Truman និង​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ

យោង​តាម​អ្នក​ស្រាវជ្រាវ​អាមេរិក Kenton Clymer បាន​ឲ្យ​ដឹង​ថា សម្ដេច​សីហនុ​បាន​ប្រទាន​ដំរី​ស​ដ៏​កម្រ​នេះ​ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា-សហរដ្ឋអាមេរិក ដោយ​ពេល​នោះ​សហរដ្ឋអាមេរិក​គាំទ្រ​ចលនា​ប្រឆាំង​អាណានិគមនិយម ខណៈ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង។

លោក​ Clymer បាន​សរសេរ​ក្នុង​សៀវភៅសហរដ្ឋអាមេរិក និង​កម្ពុជា ១៨៧០-១៩៦៩៖ ពី​ភាព​ងឿង​ឆ្ងល់ ទៅ​ភាព​ត​តាំង​គ្នា លោក Truman ចង់​បាន​សត្វ​ខ្លា​ទេ តែ​ដោយសារ​តែ​មាន​ការ​សរសេរ​សំបុត្រ​ពី​សំណាក់​សិស្ស​អនុវិទ្យាល័យ​មួយ​ក្រុម​ ទើប​លោក​ព្រម​ទទួល​សត្វ​ដំរី​ស​នេះ។

ដំរី​ស​នេះ​គ្រោង​នឹង​ដាក់​នៅ​ក្នុង​សួន​សត្វ​រដ្ឋធានី​វ៉ាស៊ីងតោន​ តែ​ជា​អកុសល សត្វ​ដំរី​នេះ​បាន​បាត់បង់​ជីវិត​នៅ​ទីក្រុង​ Cape Town អាហ្វ្រិក​ខាង​ត្បូង​។

សហរដ្ឋអាមេរិក ​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​កាល​ពី​ឆ្នាំ១៩៥០ ពោល​ក្នុង​រាជ្យ​សម្ដេច​នរោត្ដម សីហនុ និង​អាណត្តិ​ប្រធានាធិបតី​របស់​លោក Truman។ ក្នុង​ឆ្នាំ២០២០​នេះ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​រយៈពេល ៧០ឆ្នាំ​ហើយ៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម