នឹកឃើញអនុស្សាវរីយ៍មួយរបស់គ្រូភ្លេង អ៊ុំ ដារ៉ា និងអតីតភរិយាក្នុងឆ្នាំ១៩៧៩
- 2020-07-09 03:49:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកឃើញអនុស្សាវរីយ៍មួយរបស់គ្រូភ្លេង អ៊ុំ ដារ៉ា និងអតីតភរិយាក្នុងឆ្នាំ១៩៧៩
ចន្លោះមិនឃើញ
អាណិកជនខ្មែររស់នៅប្រទេសជប៉ុន ដែលគេឯងស្គាល់ច្រើនតាមរយៈបទ"សង្គ្រាមកូវីដ-១៩" គឺលោកស្រី ណាវី មីស៊ុស៊ីម៉ា បានអះអាងថាលោក អ៊ុំ ដារ៉ា គឺជាអតីតស្វាមី ហើយក៏ជាឪពុករបស់កូនៗដ៏គួរឲ្យគោរព ស្រឡាញ់បំផុត។
លោកស្រី ណាវី និយាយថា ក្នុងឆ្នាំ១៩៧៩ គ្រូភ្លេងចាស់វស្សារូបនេះ គឺជាអ្នកនិពន្ធបទចម្រៀង និងបង្រៀនឲ្យនាងច្រៀងដោយផ្ទាល់។ លោកស្រីរំលឹកគ្រាហ៍នោះថា ក្រោយបែករបបខ្មែរក្រហមភ្លាមៗ នាងក៏នឹកចង់ក្លាយជាអ្នកចម្រៀង រួចក៏ទៅសុំលោក អ៊ុំ ដារ៉ា ច្រៀង។ ពេលនោះលោក អ៊ុំ ដារ៉ា បានសួរនាងថា ចេះច្រៀងបទអីខ្លះ? ភ្លាមនោះនាងក៏ឆ្លើយថា ចេះច្រើនបទដែរ។ លោក អ៊ុំ ដារ៉ា ក៏ប្រាប់ឲ្យនាងច្រៀងដើម្បីគាត់ស្ដាប់ ហើយ បទដែលនាងច្រៀងនៅពេលនោះ គឺបទ"ឈប់ស្រឡាញ់អូនទៅ"។
ក្រោយមក លោក អ៊ុំ ដារ៉ា ក៏ស្ម័គចិត្ដទទួលបង្ហាត់បង្រៀននាង ហើយក៏ចាប់មានចិត្ដលើគ្នាតាំងពីពេលនោះមក។ លោកអ៊ុំ ដារ៉ា បានបង្រៀននាងរហូតដល់ចេះច្រៀងបានល្អ រួចក៏យករូបនាងចូលក្រុមតន្ដ្រីជាមួយលោកដែលជាក្រុមតន្ដ្រីប្រចាំនៅក្រសួងសុខាភិបាល។
ចាប់ពីពេលនោះហើយដែលតារាចម្រៀង និងគ្រូភ្លេងល្បីឈ្មោះកាលពីជំនាន់លោក ស៊ិន ស៊ីសាមុត រូបនេះបានចាប់ដៃគ្នារស់នៅក្នុងភាពជាប្ដី-ប្រពន្ធ រហូតទទួលបានកូនស្រីម្នាក់ជាចំណងដៃទៀតផង។
លោកស្រី ណាវី បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា នេះ ថា៖ "ថ្ងៃនេះខ្ញុំរីករាយណាស់ព្រោះបានសាសងជាមួយ មនុស្សជាទីស្រលាញ់របស់ខ្ញុំ លោកគ្រូ អ៊ុំ ដារ៉ា ជាគ្រូនិពន្ធ និងបង្វឹកច្រៀងរបស់ខ្ញុំ តាំងពីឆ្នាំ១៩៧៩ ហើយក៏ជាអតីតស្វាមី និងជាឪពុករបស់កូនស្រីខ្ញុំដែរ។ ឆ្នាំ2020នេះ លោកមានអាយុ៨៤ឆ្នាំ ដល់ជរាហើយ អាណិតណាស់ ខ្ញុំនៅតែគោរព ស្រឡាញ់ និងនឹកជានិច្ច"។
លោក អ៊ុំ ដារ៉ា និងលោកស្រី ណាវី បានបែកបាក់គ្នាជាច្រើនឆ្នាំហើយ ហើយបច្ចុប្បន្នលោក អ៊ុំ ដារ៉ា រស់នៅម្ដុំអូរបែកក្អម រាជធានីភ្នំពេញ រីឯលោកស្រី ណាវី កំពុងរស់នៅប្រទេសជប៉ុន។ ត្បិតថា អ្នកទាំងពីរស់នៅឆ្ងាយពីគ្នា និងលែងលះគ្នាទៅហើយក្ដី ក៏ប៉ុន្ដែអ្នកទាំងពីនៅនឹករលឹកគ្នាជានិច្ច ដោយយូៗម្ដង លោកស្រី ណាវី បានឡើងពីប្រទេសជប៉ុនមកលេងស្រុកខ្មែរ និងជួបសួរសុខទុក្ខលោកម្ដងម្កាលដែរ។
លោក អ៊ុំ ដារ៉ា គឺជាតន្ដ្រីករជើងចាស់ផ្នែកវីយូឡុង ហើយលោកក៏ជាកវីនិពន្ធបទចម្រៀង និពន្ធទំនុកភ្លេង និងសម្រួលតន្ដ្រីផងដែរ។ កេរ្ដិ៍ឈ្មោះរបស់លោកបានល្បីសុះសាយតាំងពីមុនឆ្នាំ១៩៧៩ ពោលគឺនៅស្រកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មកម្ល៉េះ។ ស្នាដៃនិពន្ធបទភ្លេងរបស់លោកបានបន្សល់ទុកមកដល់សព្វថ្ងៃជាច្រើនដូចជា៖ បទ"រូបអូនហ្នឹងហើយ" និងបទ"ចាស់ជូរអែម" ជាដើម៕