អ៊ឹម ជីវ៉ា ​រៀប​ចំ​បុណ្យ ៧​ថ្ងៃ​របស់ Mr.Queen នៅ​វត្ត​យប់​មិញ មិន​មាន​មនុស្ស​សូម្បី​ម្នាក់

  • 2020-07-09 08:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​មិញ​នេះ លោក អ៊ឹម ជីវ៉ា បាន​ចេញ​មុខ​ទៅ​រៀប​ចំ​បុណ្យ​ខួប​គម្រប់ ៧​ថ្ងៃ​របស់​តារា​សម្ដែង​ភេទ​ទី​៣ វឌ្ឍនា ហៅ មីស្ទ័រ​ឃ្វីន ជា​ពេល​ដែល​លោក​អះអាង​ថា លោក​ផ្ដើម​ព្រឺ​រោម​ព្រោះ​ចំ​ពេល​ដែល​ពិធី​មិន​មាន​មនុស្ស​សូម្បី​ម្នាក់។

ខួប​គម្រប់ ៧ ថ្ងៃ​របស់​តារា​សម្ដែង​ភេទ​ទី​៣ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្តមាន​អង្គ​តាមិញ​ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​ល្ងាច​មិញ។ លោក អ៊ឹម ជីវ៉ា បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ដោយ​សារ​អាណិត ព្រោះ​ឃើញ​ពី​ស្ថានភាព​ទុរគត​របស់​គ្រួសារ​សព លោក​បាន​ចេញ​មុខ​ខ្នះខ្នែង ជួយ​រៀប​ចំ​ពិធី​បុណ្យ​ខួប ៧ ថ្ងៃ​ជូន​សិល្បករ​កម្សត់ យប់​មិញ​នៅ​វត្ត​អង្គ​តាមិញ ជា​ទី​ដែល​បុណ្យ​សព​ក៏​បាន​ធ្វើ​នៅ​ទី​នោះ​ដែរ។

វេលា​នោះ តាម​ត្រូវ គឺ​ពិធី​ចូល​រោង​សូត្រ​មន្ត​តាម​ប្រពៃណី ប៉ុន្តែ​ជាក់​ស្ដែង​អ្វី​ៗ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​សភាព​ស្ងប់​ស្ងាត់​បំផុត ក្នុង​នោះ​បើ​តាម​សិល្បករ​ដែល​តែ​តែង​ឈឺ​ឆ្អាល​លើ​សិល្បករ​ដូច​គ្នា​ដែល​ក្រ​ខ្សត់ គឺ​លោក​បាន​នៅ​ក្នុង​ពិធី​ដែល​មិន​មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​លោក​តែ​ម្ដង។ "ម៉ោង​១១​យប់​ហើយ​ខ្ញុំ​នៅ​ក្នុង​វត្ត​នៅ​ឡើយ ក្នុង​វត្ត​ស្ងាត់​ណាស់ គ្មាន​មនុស្ស​ដើរ​សូម្បី​តែ​ម្នាក់..! មាន​អារម្មណ៍​ថា​ព្រឺ តែ​ខ្ញុំ​មិន​ខ្លាច​ទេ...!"។

អ៊ឹម ជីវ៉ា បញ្ជាក់​ថា លោក​មិន​មាន​ជាប់​សាច់​ញាតិ​អ្វី​នឹង​សព​ក្រៅ​តែ​ពី​មិត្ត​រួម​អាជីព​នោះ​ទេ ប៉ុន្តែ​លោក​បាន​ខ្នះខ្នែង​រៀប​ចំ​ពិធី​ខាង​លើ​ទាំង​ស្រុង ព្រោះ​តែ​អាណិត​សព ដែល​មុន​ស្លាប់​បាន​ផ្ដាំ​លោក។ " អាណិត​គាត់​មុន​នឹង​ស្លាប់ គាត់​ប្រាប់​ថា​ជួយ​ធ្វើ​បុណ្យ​៧​ថ្ងៃ​អោយ​គាត់​ផង!"។ ដូច្នេះ​ហើយ លោក​ក៏​បាន​រៀប​ចំ​ធ្វើ​តាម​បណ្ដាំ​របស់​មិត្ត​រួម​អាជីព​ដ៏​កម្សត់ ដោយ​រៀប​ចំ​សង់​រោង​តាម​ទំនៀម ប៉ុន្តែ​ភ្លាម​ៗ​មិន​មាន​អ្នក​ណា​មក​ចូល​រួម ក្នុង​នោះ​រួម​ទាំង​សាច់​ញាតិ​ផង​ក៏​មិន​ឃើញ​ដែរ។

រហូត​មក​ដល់ ​ព្រឹក​ថ្ងៃ​ទី ៩ នេះ ទើប​ពិធី​ទាំង​មូល​អាច​ផ្ដើម​ទៅ​បាន ស្រប​ពេល​ម្ដាយ និង​បង​ប្អូន​ខាង​សព​តារា​សម្ដែង បាន​មក​ដល់ ហើយ​លោក​ក៏​បាន​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​ពិធី​សូត្រ​មន្ត​តាម​ប្រពៃណី។ នៅ​ល្ងាច​នេះ តាម ជីវ៉ា ថា​កម្មវិធី​ទាំង​មូល​នឹង​រៀប​ចំ​ទទួល​ភ្ញៀវ ក្នុង​នោះ លោក​រំពឹង​ថា សិល្បករ​ដូច​គ្នា​នឹង​មក​ចូល​រួម​ច្រើន។

ក្រៅ​ពី​ផ្ដួច​ផ្ដើម​រៀប​ចំ​ពិធី​បុណ្យ​ជូន​មិត្ត​រួម​អាជីព អ៊ឹម ជីវ៉ា បាន​ប្រមូល​បាន​ចូល​បុណ្យ​សប្បុរសជន និង​អ្នក​តូច​អ្នក​ធំ​មួយ​ចំនួន​មាន​លោក ហែម តារិទ្ធ អភិបាល​ខណ្ឌ​ពោធិសែនជ័យ លោក​ស្រី អភិបាលរង លោក ជំទាវ ហ៊ុន ស៊ីណាត និង​កូន​ៗ ជា​ដើម មក​ចូល​បុណ្យផង។

"គ្រប់​យ៉ាង​ខ្ញុំ​ចាត់​ចែង​ម្នាក់​ឯង...ហ៊ឺ... សង្ឃឹម​ថា​អំពើ​ល្អ​ដែល​ខ្ញុំ​ខំ​ធ្វើ​គ្រប់​បែប​យ៉ាង​នេះ សូម​តាម​ជួយ​ថែ​រក្សា​ការពារ​ខ្ញុំ​ផ្លូវ​ងងឹត​ផង...និង​សូម​អោយ​ខ្ញុំ​សុខ​សប្បាយ ព្រម​មនុស្ស​ដែល​ជួយ​បុណ្យ​សព មីស្ទើឃ្វីន​ទាំង​អស់​អោយ​បងប្អូន​ទាំង​នោះ មាន​សុខភាព​ល្អ រក​ស៊ី​មាន​បាន​រហូត​ផង!" អ៊ឹម ជីវ៉ា ថ្លែង។

លោក វឌ្ឍនា ហៅ មីស្ទ័រឃ្វីន បាន​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី ៣ កក្កដា ២០២០​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​រោគមហារីក​កូន​កណ្ដុរ។ លោក​បាន​បិទ​ភ្នែក​ទៅ​ក្នុង​សភាព​តោកយ៉ាក​បំផុត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម