មិនបាច់ចាំក្រុមហ៊ុនប្រកាសទេ ឥឡូវលក្ខណៈសម្បត្តិ OnePlus Nord ធ្លាយមកអស់ហើយ!

  • 2020-07-10 08:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ Evan Blass បាន​បញ្ចេញ​រូបភាព​លេច​ធ្លាយ​ប៉ុន្មាន​សន្លឹក​ ដែល​អាច​ឲ្យ​គេ​បាន​ឃើញ​ច្បាស់ៗ​នូវ​​ស្មាតហ្វូន​ OnePlus Nord ដែល​​ក្រុមហ៊ុន​ត្រៀម​ប្រកាស​នា​ថ្ងៃ​ទី​២១ ខែ​កក្កដា។ ពេល​នេះ​​ Evan Blass បាន​បន្ត​ទម្លាយ​ចេញ​លក្ខណៈ​សម្បត្តិ​របស់​វា​​វិញ​ម្ដង ដែល​បង្ហាញ​ច្បាស់ៗ​មិន​បាច់​ចាំ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ។

OnePlus ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ស្មាតហ្វូន Nord នឹង​ដំណើរ​ការ​ដោយ​ឈីប Snapdragon 765G ប៉ុន្តែ​ពេល​នេះ​គេ​ដឹង​ថា​វា​មាន​ជម្រើស RAM ទំហំ 8GB និង 12GB ជា​មួយ​អង្គ​ផ្ទុក 128GB និង 256GB។ ស្មាតហ្វូន​នេះ​ប្រើ​ប្រាស់ OxygenOS 10 ចេញ​ពី​ប្រអប់​មក​ស្រាប់ ដែល​ទំនង​ជា​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10។

OnePlus ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា​ Nord នឹង​បំពាក់​អេក្រង់​ប្រភេទ AMOLED ដែល​មាន​ Refresh Rate 90Hz ហើយ​បើ​តាម​លក្ខណៈ​សម្បត្តិ​ទើប​លេច​ធ្លាយ​បង្ហាញ​ថា​​វា​មាន​អេក្រង់​ទំហំ ៦,៤៤អ៊ីញ និង​មាន​ដង់ស៊ីតេ​ 408PPI។ អេក្រង់​នេះ​ដែរ​នឹង​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ពី​ក្រោម​ផង​ដែរ។

​​ដំណឹង​លេច​ធ្លាយ​កន្លង​មក បាន​លើក​ឡើង​ថា​ OnePlus Nord នឹង​មាន​កាមេរ៉ា​សរុប​ ៦​គ្រាប់ ដោយ​មាន​ពីរ​គ្រាប់​នៅ​ខាង​មុខ និង​បួន​គ្រាប់​ខាង​ក្រោយ។ ​បើ​តាម​​លក្ខណៈ​សម្បត្តិ​ដែល​​គេ​ទម្លាយ​ពេល​នេះ​គឺ​ដូច​គ្នា​នឹង​ដំណឹង​កន្លង​មក​ដែរ ប៉ុន្តែ​ខុស​ត្រង់​កាមេរ៉ា​ក្រោយ​បន្តិច។ ដំណឹង​ពី​មុន​ថា​កាមេរ៉ា​បួន​គ្រាប់ នឹង​មាន​កាមេរ៉ា​មេ ៤៨MP, កាមេរ៉ា Ultra ៨MP, កាមេរ៉ា Macro ៥MP និង​កាមេរ៉ា​វាស់​ជម្រៅ ២MP។ ប៉ុន្តែ​ដំណឹង​ថ្មី​បង្ហាញ​ថា ៥MP នឹង​ជា​កាមេរ៉ា​វាស់​ជម្រៅ ហើយ​កាមេរ៉ា​ Macro មាន​ទំហំ ២MP វិញ។

OnePlus Nord នឹង​មាន​បំពាក់​ថ្ម​ទំហំ ៤១១៥ mAh ដែល​មាន​ល្បឿន​សាក 30W, មាន​ទម្ងន់ ១៨៥​ក្រាម, មាន​ជម្រើស​ពណ៌​ចំនួន​បី និង​មាន​ប្រើ​ប្រាស់ Bluetooth 5.1, NFC និង Wi-Fi 2x2 MIMO។ ចំពោះ​តម្លៃ​លក់​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ OnePlus ធ្លាប់​បញ្ជាក់​ថា​តម្លៃ​លក់​របស់ OnePlus Nord នឹង​មិន​ដល់ ៥០០​ដុល្លារ​ឡើយ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង