យីអ៊ុនបន្ដដាក់លើ ហេង ស្រីពេជ្រ តាំងពីខែមុន រហូត​ដល់ខែកក្កដានេះ

  • 2020-07-13 03:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេង ស្រីពេជ្រ ដែល​ជា​តារា​សម្ដែង​ត្រូវ​ប៉ាន់​ខាង​ដើរ​តួ​ម្ដាយ និង​សេដ្ឋិនី​នោះ ហាក់​មាន​យីអ៊ុន​ដាក់​ខ្លាំង​ណាស់​ ចាប់​តាំង​ពី​ខែ​មិថុនា រហូត​មក​ដល់​ដើម​ខែ​កក្កដា នេះ ព្រោះ​នាង​បាន​ជួប​នឹង​រឿង​អកុសល​ចំនួន​បី​ផ្ទួនៗគ្នា។

ស្រីពេជ្រ និយាយ​ថា រឿង​ទី១ គឺមាន​អ្នក​លួច​យក​រូប​ថត និង​ឈ្មោះ​របស់​នាង​ទៅ​បង្កើត​ជា​គណនី​ហ្វេសប៊ុក​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ជាង ​២០​គណនី​ហើយ។ បញ្ហានេះ បានធ្វើឲ្យនាងពិបាកចិត្ដខ្លាចយកគណនីទាំងនោះទៅធ្វើអ្វីមិនល្អធ្វើឲ្យប៉ះពាល់ដល់រូបនាង។ រឿង​ទី២ គឺរូប​នាង​ត្រូវ​ទទួល​រង​នូវ​ការ​ស្ដីបន្ទោស និង​រិះគន់​ខ្លាំង​ពី​មហាជន​ទាក់ទង​នឹង​ការ​សម្ដែង​ជាតួ​ចិត្ត​អាក្រក់​នៅ​ក្នុង MV បទ "អ្នក​ព្រៃវែង​អាក្រក់​ត្រង់​ណា" និង​រឿង​ទី៣ គឺអ្នកម្ដាយ​ដែលជាអ្នកមានគុណ ហើយនាងស្រឡាញ់បំផុតនោះ មាន​ជំងឺ​ភ្នែក​ត្រូវ​វះកាត់​ជា​បន្ទាន់។

គិត​ត្រឹម​ឆ្នាំ​២០២០ នេះ តារា​សម្ដែង​មាឌ​ធំ​សាច់​ស​ទ្រលុកទ្រលន់ ហេង ស្រីពេជ្រ មាន​វ័យ​ ៣៥​ឆ្នាំ​ហើយ។ បើ​គិត​តាម​ជើង​លេខ ស្រីពេជ្រ ថា​នាង​មិន​ឈ​នៅ​គ្រោះ​កាច ឬ​យីអ៊ុន​ដាក់​នោះ​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ។ ដោយ​មិន​អស់​ចិត្ត នាង​ក៏​បាន​សុំ​ឲ្យ​ប៉ា-ម៉ាក់ ស្រោច​ទឹក​សុំ​សេចក្ដី​សុខ និង​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ផង​ដែរ ប៉ុន្តែ​នាង​នៅ​តែ​ខ្វល់ខ្វាយ​ចិត្ត និង​ជួប​រឿង​មិនសប្បាយ​ចិត្ត​ជា​ច្រើន​ក្នុង​រយៈ​ពេល​ថ្មីៗនេះ។

ទោះជា​យ៉ាង​ណា គេ​សង្កេត​ឃើញ​តារា​សម្ដែង​រូប​នេះ មិន​បាន​ផ្ដេកផ្ដួល ឬ​អស់កម្លាំង​ចិត្ត​ពេក​ទេ​ទៅ​នឹង​រឿងរ៉ាវ​អកុសល​ដែល​បាន​កើត​ឡើងចំពោះនាង ពោល​គឺ​នាង​នៅ​តែ​ខ្នះខ្នែង​ជម្នះ​គ្រប់​ឧបសគ្គ ដោយ​បន្ត​ចេញ​ថត​ជា​ហូរហែ ខណៈ​ដែល​វិស័យ​ថត​ភាពយន្ត និង​ស្ពត​ផ្សេងៗ ចាប់​ផ្ដើម​ងើប​ឡើង​វិញ​បន្តិច​ក្រោយ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ធូរស្រាល​បន្តិច​៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី