នៅ​មិន​សុខ! ឪពុក​​ស្រី​ស្អាត​ពូកែ​រាំ តែ ស៊ុន​សុដាលីកា ចេញ​មុខ​ជម្រះ​រឿង​ចចាមអារ៉ាម​របស់​កូន​ស្រី

  • 2020-07-14 08:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


ទើប​ប្រមាណ ១ម៉ោង​មុន​នេះ​ប៉ុណ្ណោះ លោក តែ ស៊ុន​ណាង ជា​ឪពុក​បង្កើត​របស់​ស្រី​ស្អាត​ពូកែ​រាំ តែ ស៊ុន​សុដាលីកា ហៅ លីកា បាន​ចេញ​មក​ជម្រះ​រឿង​ចចាមអារ៉ាម​ដែល​បាន និង​កំពុង​កើត​មាន​លើ​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​លោក។

លោក តែ ស៊ុនណាង បាន​ចេញ​មក​ជម្រះ​ចំពោះ​ព័ត៌មាន​ចចាមអារ៉ាម​ដែល​ថា លីកា កូន​ស្រី​របស់​លោក​បាត់​មុខ ដោយ​សារ​តែ​ត្រូវ​មេ​ក្រុម​របស់ OMG បណ្ដេញ​ចេញពី​ក្រុម ដែល​បញ្ហា​កើត​ឡើង​នេះ ធ្វើ​ឲ្យ​លោក​ជា​ឪពុក​ម្នាក់​នៅ​មិន​សុខ។ លោក ថ្លែង​ថា "តាម​ពិត​ខ្ញុំ​មិន​ចង់​លូក​ដៃ និង​បកស្រាយ​អ្វី​ច្រើន​ដែរ តែ​វា​ប៉ះពាល់​ដល់​កិត្តិយស​កូន​ស្រី​ខ្ញុំ ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ខ្ញុំ​នឹង​បក​ស្រាយ​កុំ​អោយ​ពួក​គាត់​មាន​ការ​យល់​ច្រឡំ​មក​លើ​កូន​ស្រី​ខ្ញុំ​ទៀត!”។

លោក តែ ស៊ុនណាង ឪពុក​បង្កើត​របស់ លីកា(រូបភាព​ហ្វេសប៊ុក​៖ លោក ស៊ុនណាង)

អ្នក​មាន​គុណ​រូប​នេះ បាន​រៀបរាប់ មាន​បុគ្គល​ម្នាក់ ដែល​លោក​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ដើរ​និយាយ​ថា កូន​ស្រី​របស់​លោក លីកា ត្រូវ​មេ​ក្រុម​បណ្ដេញ​ចេញ​ពី​ក្រុម។ ប៉ុន្តែ​ចំពោះ​រឿង​នេះ លោក ស៊ុនណា បញ្ជាក់​ថា បុគ្គល​នោះ​មិន​បាន​ដឹង​អ្វី​ខ្លះ​សោះ​ពី​កូន​ស្រី​របស់​លោក ពោល​គឺ​មិន​ដឹង​ថា កូន​លោក​បាត់​ពី​ក្រុម​ដោយសារ​មូលហេតុ​អ្វី​ឡើយ បាន​ជា​រូប​គេ​និយាយ​ដូច្នេះ ព្រោះ​ថា កូន​ស្រី​របស់​លោក​បាត់​មុខ ដោយ​សារ​តែ​មាន​ជំងឺ​ប៉ុណ្ណោះ។

"បើ​ប្អូន​ៗ​មិន​ដឹង​អំពី​មូលហេតុ​អ្វី​ច្បាស់​ពី​កូន​ស្រី​ខ្ញុំ​សូម​មេត្តា​ប្អូន​ៗ និង​មិត្ត​ៗ​ទាំង​អស់ ទុក​អោយ​កូន​ស្រី​ខ្ញុំ​បាន​ព្យាបាល​ជំងឺ​ដោយ​ស្ងប់​ស្ងាត់​ផង!”។ តែ ស៊ុនណាង ថ្លែង។

ស្រី​ស្អាត តែ ស៊ុន​សូដាលីកា ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ធ្លាក់​ខ្លួន​ដោយ​សារ​ជំងឺ(សាមី​ខ្លួន​មិន​បញ្ជាក់)​មួយ​កាល​ពី​ដើម​ខែ​ឧសភា។ កាល​ណោះ នាង​ថា  "ថ្ងៃ​នេះ​ខ្ញុំ​មាន​រឿង​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា ស្ថានភាព​ខ្ញុំ​ឥលូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​អាការៈ​មិន​អាច​ធ្វើ​ចលនា​ច្រើន​បាន​ទេ"។ ដំណឹង​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ព្រួយ​បារម្ភ និង​ចូល​មក​ផ្ញើ​សារ​ជូន​ពរ​តារា​ស្រី​គ្រប់​គ្នា។

ក្រោយ​មក​ទៀត ប្រមាណ​ជា ១០​ថ្ងៃ​ក្រោយ ស្រី​ស្អាត​បាន​បញ្ចេញ​ថ្មី​ទៀត​ប្រាប់​ពី​ស្ថានភាព​របស់​នាង​ថា នាង​មាន​ជំងឺ​កើត​លើ​ឆ្អឹង​ខ្នង ដែល​ត្រូវ​ការ​វះកាត់​ជា​ចាំ​បាច់ ហើយ​ថា នាង​បាន​ឆ្លង​កាត់​ការ​វះកាត់​ដោយ​ជោគជ័យ​រួច​ហើយ។ យ៉ាង​ណា ក្រោយ​វះកាត់​បាន ៥ថ្ងៃ នាង​នៅ​តែ​មិន​ទាន់​អាច​ងើប​អង្គុយ និង​ដើរ​បាន​នៅ​ឡើយ។ វិល​មក​ស្ថានភាព​បច្ចុប្បន្ន​របស់ លីកា បាន​ប្រែ​ប្រួល​យ៉ាង​ណា​ហើយ នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ ខណៈ​ភាគី​ខាង​សាមី​ខ្លួន​នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន។

ទោះ​យ៉ាង​ណា លោក តែ ស៊ុនណាង ជា​ឪពុក បាន​សង្កត់​ធ្ងន់​ថា កូន​លោក នឹង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ នៅ​ពេល​នាង​បាន​ជា​ស្បើយ​ពី​អាការ​ជំងឺ​លើ​ឆ្អឹង​ខ្នង​នោះ​វិញ។ បែប​នេះ​ក្ដី លោក​នៅ​បាន​បង្ហើប​ថា ស្ថានភាព​នោះ ទំនង​អាច​ប្រើ​ក្នុង​រយៈ​ពេល​យូរ​តទៅ​ទៀត៕

អត្ថបទ៖ ទារិកា