សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ត

  • 2020-07-14 08:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

សម្តេច ស ខេង អញ្ជើញដឹកនាំ កិច្ចការត្រួតពិនិត្យលទ្ធផលការងារ ចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ អង្គារ ឆ្នាំ២០២០។

ក្រោមអធិបតីភាព សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្តាប់នូវរបាយការណ៌ ទាក់ទងទៅនឹងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ក្នុងក្របខណ្ឌក្រសួងទទួលខុសត្រូវ ពិសេសការផ្តល់សេវានានាជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដោយសារតែបញ្ហាកូវីដ១៩ បានធ្វើអោយក្លាយជាឧបសគ្គរារាំងការដឺកជញ្ជូនសំភារៈមួយចំនួន សម្រាប់បំពាក់នៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវាចុះបញ្ជីទោចក្រយានយន្តជូនពលរដ្ឋ ហើយបញ្ហានេះបានធ្វើអោយការដាក់ដំណើរការក៏ត្រូវពន្យាពេលរហូតដល់បំណាច់ឆ្នាំ២០២០។ ឯកឧត្តម បានបន្តថា នៅក្នុងដំណាក់កាលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារ ប្រជុំពិភាក្សាគ្នា រៀបចំនិតិវិធី និងបែបបទ ដើម្បីចេញសេចក្តីណែនាំពាក់ព័ន្ធ នឹងដំណើរការផ្តល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើរអោយក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ក្លែងបន្លំឯកសារ។

ឯកឧត្តមបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំចុះបញ្ជី ពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញ ហើយមន្រ្តីក៏ជួបការលំបាក ដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។

សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយមានចំនួន៥២ការិយាល័យ។ គិតចាប់ពីខែមករាឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណបណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម។

ពាក់ព័ន្ធនឹងការស្នើសុំពន្យាពេលដល់ដំណាច់ឆ្នាំ២០២០ សម្រាប់ការបំពាក់សម្ភារៈបំរើឱ្យការផ្ដល់សេវាចុះបញ្ជីយានយន្តដោយសារបញ្ហាកូវីដ១៩នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឯកភាពតាមសំណើ និងបានផ្ដល់ការណែនាំកិច្ចការសំខាន់ៗមួយចំនួនទៀតសម្រាប់ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន៕

ប្រភព ៖ ផេកហ្វេសប៊ុកផ្លូវការសម្តេចក្រឡាហោម ស ខេង

អត្ថបទ ៖ Art