វ៉ាំង ដាវីន មាន​អារម្មណ៍យ៉ាងណា ពេល​មកធ្វើតេស្តជម្រើស U19 លើកទី១?

  • 2020-07-15 02:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយជាប់ឈុតយុវជន U18 របស់បឹងកេត វ៉ាង ដាវីន ត្រូវបាន​លោកគ្រូបង្វឹក ឈុត សុធារ័ត្ន បង្ហើបថាគេអាច​នឹងក្លាយ​ជា​គ្រាប់ពូជដ៏​ល្អ​មួយ​សម្រាប់​ក្លឹប និង​ជម្រើសជាតិ​កម្ពុជា ដ្បិត​គេ​មាន​ទេពកោសល្យ និង​ការ​ខំប្រឹងប្រែង ហើយ​​ក្នុង​ចំណោម​យុវជនជាង៣០​នាក់ នៅពហុកីឡដ្ឋានជាតិកាល​ពី​ម្សិលមិញ​​ ដាវីនក៏​មាន​ឈ្មោះ​ធ្វើ​តេស្ត​​ជម្រើស​ជាតិ​កម្ពុជា U19 ដើម្បី​ត្រៀម​ជម្រុះ AFC U-19 Championship 2020​ ​ដែរ។

វ៉ាំង ដាវីន កំពុងធ្វើតេស្តជម្រើសជាតិកម្ពុជា U19 ម្សិលមិញ

យុវជន​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ពេល​បាន​មក​ចូលរួម​ជាមួយ​យុវជន​មក​ពី​ក្លឹប​ផ្សេងៗ ហើយ​គេ​អរគុណដល់​ក្លឹប​ និង​សហព័ន្ធ​បាល់​ទាត់​កម្ពុជា ដែល​​​ផ្ដល់​ឱកាស​មួយ​នេះ។ យ៉ាងណា​ដាវីន​ទទួល​ស្គាល់​ថា ក្នុង​ការ​ធ្វើតេស្ត​ដំណាក់កាលដំបូង​នេះ រូប​គេនៅ​មាន​អារម្មណ៍​ភ័យនិងប្លែក ដ្បិត​ធ្លាប់​តែ​លេង​បាល់​ទាត់តាម​ភូមិ មិន​សូវ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​បែប​នេះ។

យុវជន​វ័យ១៨​ឆ្នាំ​បញ្ជាក់​ថា ៖«...ប្រហែល​១០នាទី​ដំបូង​រៀង​ភ័យ​ ពិបាក​លេង​ពិបាក​គ្រប់គ្រង​បាល់ ​ចុង​ក្រោយ​មក​ក៏​សម្រួល​អារម្មណ៍​បាន​វិញ....[សម្រាប់​តេស្ត​ថ្ងៃ​នេះ​ខ្ញុំ] ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ពី​បងៗ គាត់​អ្នក​លេង​ពី​មុន...»។

ក្រោយ​ក្រសោប​បាន​ឱកាស​មាស​ពី​ក្លឹប និង​សហព័ន្ធ​បាល់ទាត់​​កម្ពុជា ដាវីន បាន​ប្ដេជ្ញា​នឹង​ខំប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​បាន​លេង​​នៅ​ជម្រើស​ឈុត​យុវជន និង​​ឈុត​ធំ​ក្លឹប ជាពិសេស​ប្រឹងប្រែង​ឱ្យ​ជាប់​ក្នុង​បញ្ចី​ឈ្មោះ​២៥​នាក់​ចុងក្រោយ U19 របស់​ជម្រើស​ជាតិ​កម្ពុជា។

គួរបញ្ជាក់ថា វ៉ាំង ដាវីន ជាប់​ឈុត​យុវជន​ U18 របស់​បឹងកេត​មិន​ទាន់​បាន​កន្លះខែ​ស្រួលបួល​ផង ត្រូវ​បាន​ក្លឹប​បញ្ជូន​ឈ្មោះ​មក​ធ្វើតេស្ត ជម្រើសជាតិ​កម្ពុជា U19 កាល​ពីថ្ងៃទិ​១៤ ខែ​កក្ដដា ឆ្នាំ​២០២០ នៅពហុកីឡដ្ឋានជាតិ។ លទ្ធផល​យ៉ាងណា គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 បាន​ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី នៅ​ពូ​ល A សម្រាប់​ការប្រកួត​ពានរង្វាន់ AFC U-19 Championship 2020​។ សម្រាប់​ជំនួប​បើកឆាក​U19 កម្ពុជា នឹង​ត្រួវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន នៅ​៣​ថ្ងៃ​បន្ទាប់​។ សម្រាប់​ជំនួប​ចុងក្រោយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku នឹងត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី