អ្នក​អត់​ឈ្មោះ​ធ្វើតេស្ត​ជម្រើស​ជាតិ U19 កុំ​ទាន់​អស់សង្ឃឹម!

  • 2020-07-15 07:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​ប្រកាស​ឱ្យ​បណ្ដា​ក្លឹប​ទាំងអស់​បញ្ជូន​កីឡាករ​​​​ល្អៗរបស់​ខ្លួន​​ ទៅធ្វើតេស្ត​ជម្រើស​ជាតិ​កម្ពុជា U19 ដើម្បី​ត្រៀមជម្រុះពានរង្វាន់ AFC U-19 Championship 2020​ ហើយ​ក្នុង​នោះ​មាន​ក្លឹប​ភ្នំពេញ​ក្រោន ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា សាលាបាល់ទាត់ជាតិបាទី អគ្គិសនី​កម្ពុជា និង​នគរបាល​ជាតិ បាន​ញ្ជូន​យុវជន​របស់​ពួកគេ​សរុប​ជាង​៣០​នាក់។

លោក​គ្រូបង្វឹក​ Koji Gyotoku

យ៉ាងសម្រាប់​អ្នក​មិន​មាន​ឈ្មោះកុំ​​ទាន់​អស់​សង្ឃឹម ព្រោះ​​​កីឡាករ​ទាំង​អស់​ដែល​មាន​ឈ្មោះទាំងនេះ ​មិន​ប្រាកដ​​អាច​នឹង​​ជាប់​រហូត​ដែរ ដ្បិត​ត្រូវ​ឆ្លងកាត់​ការធ្វើតេស្ត​សមត្ថភាពតាម​ដំណាក់​កាល រហូត​រក​ឃើញ​បញ្ជីឈ្មោះ ២៣នាក់​ចុងក្រោយ។

ឆ្លើយសំណួរ​របស់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ការ​ធ្វើតេស្ត​​លើក​ទី​១​នៅ​ពហុកីឡាដ្ឋាន​ជាតិ នា​ល្ងាច​ម្សិលមិញ លោក​គ្រូ​ Koji Gyotoku បានឱ្យ​ដឹង​ថា ៖«កីឡាករ​ដែល​គាត់​នៅ​ទី​ហ្នឹង យើង​មិន​ប្រាកដ​ថា​គាត់​មាន​ឈ្មោះ​មក​រហូត​ទេ ព្រោះ​អំឡុង​ពេល​ឥឡូវ​រហូត​ដល់​ការ​ប្រកួត​នៅ​​ចុង​ខែ​១០ ខែ​១១ AFC ហ្នឹង​គឺ​នៅ​រយៈ​ពេល​ពីរ​បី​ខែ​ទៀត អ៊ីចឹង​អំឡុង​ពេល​ហ្នឹង​អាច​មាន​កីឡា​ខ្លះ​គាត់​អាច​នឹង​របួស កីឡាករ​ខ្លះ​ក៏​អាច​ធ្លាក់​កម្លាំង កីឡាករ​ខ្លះ​ទៀត​គាត់​មាន​ការ​លេង​ពេញ​លេញ គាត់ក៏​មាន​ឈ្មោះ​មក​រហូត​​មក អ៊ីចឹង​អាច​នឹង​មាន​កីឡាករ​ថ្មី​ចូល ឬ​អាច​មាន​កីឡាករ​នៅ​ទី​នេះ​​ចេញ​ក៏​ថា​បាន​អំឡុង​ពេក​នេះ»។

ពេល​សួរ​ថា​អំឡុង​ពេល​កូវីដ១៩ កីឡា​ករ​ខ្លះ​អាច​នឹង​ធ្លាក់ទម្រង់លេង និង​កម្លាំង​ជា​ដើម​ តើ​លោក​គ្រូ​យល់​យ៉ាងណា ចំពោះ​ពួកគេ​ក្នុង​ការ​ប្រមូល​ផ្ដុំ​លើក​នេះ?

លោក​គ្រូ​បង្វឹក​​ក​ជប៉ុន​ឆ្លើយ​តប​ថា កីឡាករ​មួយ​ចំនួន​រក្សា​ខ្លួន​បាន​ល្អ ខ្លះ​មិន​​បាន​ល្អ កីឡាករ​មួយ​ចំនួន​លេង​តាម​ចិត្ត​ខ្លួន​ឯង និង​មួយ​ចំនួន​ទៀត​ធ្វើ​បាន​ល្អ ដូច្នេះ​ការ​វាយ​តម្លៃ​ អំពី​ការ​អភិវឌ្ឍ​របស់​កីឡាករ នឹងត្រូវ​ធ្វើ​បន្ត​ទៀត ដើម្បី​ពង្រឹង​គុណភាពឱ្យ​កាន់​តែ​ល្អ។

ចំណែក​រឿង​កោះ​ហៅ​កីឡាករ​កូន​កាត់ ​មក​ចូល​រួម​ក្រុមជម្រើស​ជាតិ U19 ដូច​ប្រទេស​មួយ​ចំនួនោះ ក៏​អាច​នឹង​កើត​មាន​ដែរ ប៉ុន្តែ​ត្រូវ​មើល​តាម​ស្ថានភាព​ជាក់​ស្ដែង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី