ស្រី​ស្អាត អាវីដា សល់​ឯកសារ​សំងាត់​ជា​ច្រើន​ ក្នុង​ទូរស័ព្ទ​ដែល​ត្រូវ​លួច​យក​ទៅ​បាត់!

  • 2020-07-15 08:26:20
  • ចំនួនមតិ 19 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ស្រី​ស្អាត​ដែល​ជា​ឌីជេ​ចាក់​ឌីស​នៅ​ក្លឹប​កម្សាន្ត គឺ Dj Avida បាន​ជួប​រឿង​ស៊យ​ដោយ​ត្រូវ​ចោរ​ចូល​លួច​យក​ទូរស័ព្ទ​ដៃ​របស់​នាង​បាត់ ដែល​ធ្វើ​ឲ្យ​នាង​សោក​ស្ដាយ​បំផុត​ពិសេស​បារម្ភ​ពី​ឯកសារ​សំងាត់​ជា​ច្រើន​ដែល​នាង​ទុក​នៅ​ក្នុង​នោះ។

ហេតុការណ៍​បាន​កើត​ឡើង​ថ្មី​ៗ​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង។ ដោយ​ឡែក​ទូរស័ព្ទ​ដែល​បាត់ គឺ​ម៉ាក iPhone Xs Max។ Avida បាន​ឆ្លើយ​ប្រាប់​ប្រិយមិត្ត​របស់​នាង​ថា ទូរស័ព្ទ​នោះ ត្រូវ​ចោរ​ចូល​ទៅ​លួច​ដល់​តូប​លក់​របស់​នាង​នៅ​ក្នុង​ផ្សារ​តែ​ម្ដង ហើយ​មក​ដល់​ឥឡូវ​នេះ មិន​ដឹង​ថា​បាន​ទៅ​ដល់​ទី​ណា​ផង។

របស់​ក៏​ស្ដាយ ប៉ុន្តែ​រឹត​តែ​ស្ដាយ​បំផុត​នោះ គឺ​រូប​ថត​របស់​នាង ដែល​នាង​សន្សំ​ទុក​នៅ​ក្នុង​នោះ​ប្រមាណ​ជាង ២ម៉ឺន​សន្លឹក​ឯណោះ។ កាន់​តែ​ពិសេស​ជាង​នេះ​ និង​ធ្វើ​ឲ្យ​នាង​កាន់​តែ​បារម្ភ​ថែម​ទៀត​នោះ គឺ​ថា ឯកសារ​សំងាត់​របស់​នាង​ជា​ច្រើន​ក៏​នៅ​ក្នុង​នោះ​ដែរ។ តែ​យ៉ាង​ណា តារា​ស្រី​មិន​បាន​បង្ហើប​ឡើយ​ថា ឯកសារ​ទាំង​នោះ​ជា​អ្វី​ខ្លួន​ខ្លះ។

ត្បិត​ថា របស់​បាន​ទៅ​បាត់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ស្រី​ស្រស់​នៅ​តែ​សោកស្ដាយ និង​ចង់​បាន​របស់​ទាំង​នោះ​មក​វិញ​ណាស់។ Avida បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ​ថា នាង​ចង់​ទិញ​យក​ទូរស័ព្ទ​របស់​នាង​មក​វិញ ប្រសិន​បើ​បង​ប្អូន​ណា​បាន​ឃើញ។ ឌីជេ​ស្រី បាន​បង្ហោះ​រូប​មួយ​សន្លឹក និង​បាន​បញ្ជាក់​ថា ទូរស័ព្ទ​ដែល​បាត់​ទៅ​នោះ គឺ​មាន​ដាក់​មួយ​សន្លឹក​នេះ​នៅ​លើ​អេក្រង់។

រូប​អាវីដា លើ​អេក្រង់ទូរស័ព្ទ​ដែល​បាត់

នាង​សរសេរ​ថា៖ "នៅ​លើ​អេក្រង់​ទូរស័ព្ទ​គឺ​មាន​រូប​នេះ​ បើ​បង​ប្អូន​បាន​ឃើញ​ចោរ​យក​ទៅ​លក់​ជួយ​ប្រាប់​ផង ខ្ញុំ​នឹង​ទិញ​មក​វិញ ព្រោះ​ក្នុង​ទូរស័ព្ទ​មាន​ឯកសារ​លេខ​សំងាត់​ច្រើន​ណាស់!”។ Avida បញ្ជាក់​ថា នាង​នៅ​តែ​មាន​អារម្មណ៍​សោក​ស្ដាយ​របស់​ដែល​បាត់ ពី​ព្រោះ​ក្នុង​នោះ​វា​មាន​បង្កប់​កម្លាំង​ញើស​ឈាម​របស់​នាង​ជា​ច្រើន។

ក្រោយ​ពី​បង្ហោះ​សារ​ពី​ការ​ជួប​រឿង​ស៊យ​ខាង​លើ ប្រមាណ​តែ​១​ម៉ោង​ប៉ុណ្ណោះ គេ​ស្រាប់​តែ​ឃើញ​នាង​បង្ហោះ​រូប​ទូរស័ព្ទ​មួយ​គ្រឿង ដែល​ភ្លាម​ៗ​ក៏​មាន​អ្នក​ជឿ ក៏​ដូច​ជា​សង្ស័យ​ថា នាង​ទំនង​រក​ឃើញ​ទូរស័ព្ទ​របស់​ខ្លួន​វិញ​ហើយ។ ប៉ុន្តែ​ភ្លាម​ៗ តារា​ស្រី​វ័យ​ក្មេង ក៏​បាន​បញ្ជាក់​ថា មិន​មែន​ទេ នេះ​គឺ​ជា​ទូរស័ព្ទ​ថ្មី​ដែល​នាង​ទើប​តែ​ទិញ ព្រោះ​តែ​ក្រោយ​បាត់​មួយ​នោះ​ហើយ​នាង​មិន​មាន​របស់​ប្រើ​សម្រាប់​ទំនាក់ទំនង​ក្នុង​ការ​រកស៊ី និង​ការងារ​របស់​នាង​ផង។

ទូរស័ព្ទ​ដែល អាវីដា ទើប​ទិញ​ថ្មី(រូបថត៖ ហ្វេសប៊ុក អាវីដា)

ដោយ​ឡែក​ទូរស័ព្ទ​ដែល​ត្រូវ​ចោរ​លួច នាង​នៅ​តែ​មិន​ទាន់​ទទួល​បាន​តម្រុយ​នៅ​ឡើយ និង​ទំនង​ជា​គ្មាន​សង្ឃឹម​ថា វា​អាច​នឹង​វិល​មក​វិញ​បាន​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា