មិត សាម៉ើយ នៅ​តែ​មាន​ជំនឿ​ចិត្ត​ជាប់​​​២៣​នាក់​ចុងក្រោយ​ជម្រើស​ជាតិ U19

  • 2020-07-16 02:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះមាន​យុវជន​ល្អ​ៗ​មក​ពី​ក្លឹប​ផ្សេង​គ្នា​ទៅធ្វើតេស្ត ក្រុម​ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំជា​ច្រើន​មែន​ ប៉ុន្តែ​ មិត សាម៉ើយ នៅ​តែ​មាន​ជំនឿ​ចិត្តនិង​រំពឹង​​ថា រូប​គេ​នឹងជាប់​ក្នុង​បញ្ជី​ឈ្មោះ២៣​នាក់​ចុង​ក្រោយ​ របស់​​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុនលោក Koji Gyotoku ។

មិត សាម៉ើយ អាវទឹកក្រូច

«ការ​ប្រកួត​ប្រជែង​យក​កៅអី​២៣​នាក់ បើ​ខ្ញុំ​មាន​ការ​រំពឹង​ទុក​ជា​មុន....​យើង​ឃើញ​​ហើយ​មាន​ការ​ប្រមូល​ផ្ដុំ​​ច្រើន​គ្នា​មែន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿជាក់​លើ​ខ្លួន​ឯង ថា​ខ្លួន​ឯង​ជាប់​២៣​នាក់​ទៅ​លេង​នៅ​អ៊ូបេគីស្ថាន»។ នេះ​ជា​សម្ដី​របស់យុវជន​ក្លឹប​នគរបាល​ជាតិ ក្រោយ​បញ្ចប់​ការ​ធ្វើតេស្ត​លើក​ដំបូងនៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២០។

​ការ​ប្រមូល​ផ្ដុំ​មាន​យុវជន​ដល់​៣៨​នាក់​នេះ ហើយ​អ្នក​ខ្លះ​​ជា​កីឡាករ​ថ្មី​ថ្មោងផង​នោះ សាម៉ើយ បាន​បង្ហាញ​អារម្មណ៍​រីករាយ ប៉ុន្តែ​គ្រាន់​​តែថាពួកគេ​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា និង​មិន​សូវ​មាន​តាក់​តិច​លេង ព្រោះ​​​ជា​ការ​ជួបជុំ​លើក​ដំបូង។

គួរ​បញ្ជាក់​ថា មិត សាម៉ើយ ជា​បេក្ខភាព​មួយ​រូប​ស៊ុត​បញ្ចូល​​ទី​​១​គ្រាប់ ជួយ​ឱ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ឈ្នះ​ថៃ​ ២-១ វគ្គជម្រុះ​តាម​ពូលឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់  AFC U-19 Championship 2020 នៅ​ប្រទេស​អ៊ូបេគីស្ថាន។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 បាន​ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី នៅ​ពូ​ល A សម្រាប់​ការប្រកួត​ពានរង្វាន់ AFC U-19 Championship 2020​។ សម្រាប់​ជំនួប​បើកឆាក​U19 កម្ពុជា នឹង​ត្រួវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន នៅ​៣​ថ្ងៃ​បន្ទាប់​។ សម្រាប់​ជំនួប​ចុងក្រោយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku នឹងត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី