ដោយសារ​បច្ចេកវិទ្យាទំនើបម្លឹងៗ ទើបអ៊ីស្រាអែលឈានមុខគេខាងឧស្សាហកម្មចិញ្ចឹមគោយកទឹកដោះ

  • 2020-07-18 03:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​អ៊ីស្រាអែល​ជា​ប្រទេស​ដែល​មាន​លក្ខខណ្ឌ​មិន​សូវ​អំណោយផល​ដូច​ជា​​កត្តា​អាកាសធាតុ​ស្ងួត​ និង​​មាន​កង្វះ​ខាត​ទឹក​ ប៉ុន្តែ​ទិន្នផល​នៃ​ការ​ផលិត​ទឹក​ដោះ​គោ​ពី​គោ​មួយ​ក្បាល​មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ​ចាប់​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៥០ ដែល​កើន​ឡើង​ពី ៤​ពាន់​គីឡូ​​ក្រាម​/មួយ​ឆ្នាំ ដល់​ជាង​ ១២០០០​គីឡូក្រាម/មួយ​ឆ្នាំ ក្នុង​ឆ្នាំ ២០១៨។ នេះ​ក៏​ដោយ​សារ​​​​​ឧស្សាហកម្ម​ផលិត​ទឹក​ដោះ​នៅ​អ៊ីស្រាអែល​មាន​លក្ខណៈ​ទំនើប​ឈាន​មុខ។

បច្ចេកវិទ្យា​ទំនើបៗ​ដែល​គេ​បាន​ប្រើ​ក្នុង​ឧស្សាហកម្ម​ផលិត​ទឹក​ដោះ​គោ​នៅ​អ៊ីស្រាអែល មាន​ដូច​ជា​​ការ​ច្របាច់​យក​ទឹក​ដោះ​​ដែល​បញ្ជា​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ និង​ប្រព័ន្ធ​ដាក់​ចំណី, ប្រព័ន្ធ​ជួយ​បញ្ចុះ​កម្ដៅ​ឲ្យ​សត្វ​គោ, ​ឧបករណ៍​​​ចម្រាញ់​​ទឹក​ដោះ​គោ គួប​ផ្សំ​ជា​មួយ​នឹង​បច្ចេកទេស​គ្រប់គ្រង​កសិដ្ឋាន​ដែល​ប្លែក​ពី​គេ បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ផលិត​ទឹកដោះ​គោ​របស់​អ៊ីស្រាអែល​ឈាន​មុខ​គេ​​ទាំង​លើ​ប្រសិទ្ធភាព និង​ទំហំ​ផលិត។

​​​​​​​​​​​បន្ថែម​ពី​នេះ​ដែរ គេ​បាន​បំពាក់​នូវ​ Sensor ពិសេស​លើ​សត្វ​គោ ដែល​អាច​វាស់​ទម្ងន់​សត្វ​គោ​ជា​ប្រចាំ​​ថ្ងៃ និង​វាស់​លើ​សមាសភាព​ផ្សំ​នៃ​​ទឹក​ដោះ​របស់​គោ​អំពី​ចំនួន​ប្រូតេអ៊ីន ខ្លាញ់ ជាតិ​ស្ករ​ និង​សារធាតុ​ផ្សេង​ទៀត ហើយ​គេ​ក៏​អាច​ប្រើ​ Sensor នេះ​សម្រាប់​ត្រួតពិនិត្យ​លើ​ការ​ទំពា​​និង​ការ​​ស៊ី​ចំណី​របស់​សត្វ​គោ​ផង​ដែរ។ Sensor នេះ​បាន​ចូល​រួម​ចំណែក​ជួយ​ឲ្យ​សត្វ​គោ​មាន​សុខភាព​ល្អ និង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ឡើង​វិញ​របស់​សត្វ​គោ ក៏​ដូច​ជា​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ពេល​ចម្រាញ់​ទឹកដោះ​គោ​ផង​ដែរ។

បច្ចេកវិទ្យា​តាម​ដាន និង​​បច្ចេកវិទ្យា​ផ្នែក​ផលិតកម្ម​​ដែល​គេ​បាន​​ប្រើ​ប្រាស់​តាម​កសិដ្ឋាន​នៅ​អ៊ីស្រាអែល​គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល​ចំនួន​ពីរ មាន​ក្រុមហ៊ុន Afimilk និង​ក្រុមហ៊ុន SCR ដែល​ក្រុមហ៊ុន​ទាំង​ពីរ​​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​​ឧស្សាហកម្ម​ផលិត​ទឹក​ដោះ​គោ​​​បែប​ទំនើប​នៅ​អ៊ីស្រាអែល និង​បាន​នាំ​ចេញ​​បច្ចេកវិទ្យា​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។

គួរ​ដឹង​ដែរ​ថា​នៅ​ប្រទេស​កម្ពុជា​យើង ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​​ដ៏​ធំ​មួយ​ឈ្មោះ​ថា​គិរីសួគ៌ (Kirisu Farm)​ ក៏​បាន​​​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​របស់​​​​អ៊ីស្រាអែល ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Afimilk ​ផ្ទាល់​តែ​ម្ដង។ កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ត្រូវបានសាងសង់​តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅ​ជ្រលង​ភ្នំតាម៉ៅ ក្នុង​ខេត្ត​តាកែវ ដែល​ជា​កសិដ្ឋាន​របស់​ក្រុមហ៊ុន Khmer Fresh Milk។

កសិដ្ឋាន​គិរីសួគ៌ (Kirisu) នឹង​គ្រោង​ដាក់​លក់​ទឹកដោះ​សុទ្ធ​ធម្មជាតិ និង​យ៉ាអួរ​ស្រស់​របស់​ខ្លួន នៅ​តាមផ្សារ​ទំនើប មីនីម៉ាត ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​នានា នា​ពេល​ខ្លី​ខាង​មុខ​នេះ៕

ប្រភព៖ Dairy School   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី