យុវជន​​​​ក្លឹប​ធំៗ​ចតនៅ​បង់​​ច្រើន ជា​ក្ដី​កង្វល់​១​របស់​គ្រូ U-19 កម្ពុជា Koji Gyotoku

  • 2020-07-20 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​​ធ្លាប់​តែ​ជាប់ និង​បាន​លេង​ឱ្យ​​ជម្រើស​ជាតិ​កម្ពុជា U-19 មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​​ទ្រនំ​ចាស់ ទៅ​កាន់​​​ក្លឹប​​ថ្មី​ដែល​ជា​​ក្លឹប​​ធំៗ​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​លីគ​កំពូល​កម្ពុជា។ ទោះ​មាន​ឈ្មោះ​លេង​ឈុត​ធំ​ ប៉ុន្តែ​យុវជន​មួយ​ចំនួន​បាន​ត្រឹម​អង្គុយ​មើល​​ក្នុង​បង់​ប៉ុណ្ណោះ ហើយ​អ្នក​ខ្លះ​មិន​បាន​លេង​សូម្បី​តែមួយ​ប្រកួត។

លោកគ្រូបង្គោល Koji Gyotoku

ត្រង់​ចំណុច​នេះ​​​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ U-19 កម្ពុជា​សញ្ជាតិ​ជប៉ុន Koji Gyotoku បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​គុណភាព​លេង​របស់​ពួកគេ។

លោក Koji Gyotoku លើក​ឡើង​ថា ៖«នេះ​ជា​បញ្ហា​មួយ​ដែរ សម្រាប់​កីឡាករ​នៅ​ពេល​​ដែល​គាត់​អត់​បាន​លេង​​គឺ​គាត់​ធ្លាក់​ហើយ។ ការ​លេង​របស់​គាត់​គឺ​ធ្លាក់​ចុះ ហើយ​អឺ...សហព័ន្ធ​បាល់​ទាត់​ តាម​ដែល​​ខ្ញុំ​ឮ​មក គឺ​ដោយសារ​​តែ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ហើយ​ បាន​ជា​សហព័ន្ធ​បាល់​ទាត់​បង្កើត​លីគទី​២​ហ្នឹង​មក ដើម្បី​ឱ្យ​កីឡាករ​យុវជន​ហ្នឹង​មាន​ឱកាស​លេង​ច្រើន...។ សម្រាប់​ប្រទេស​ផ្សេង​ៗ​ក៏​​បារម្ភ​ពី​បញ្ហា​ហ្នឹង​​ដែរ...យុវជន​ចេញទៅ​លេង​ក្លឹប​ធំ​ៗ គឺ​ចត​នៅ​បង់​ច្រើន​ដែរ...ហើយ​គេ​ក៏​កំពុង​តែ​រក​ដំណោះស្រាយ​ទាក់ទង​យុវជន​ដែល​អត់​បាន​លេង​ហ្នឹង​ដែរ គេ​កំពុង​តែ​គិត​ដែរ»។

សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា(FFC) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២០ បានប្រកាសរៀបចំការប្រកួតជម្រើសជើងឯកជាតិលីគទី២ឡើងវិញ ក្រោយ​ខកខានរៀបចំរយៈពេល ២ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០១៨-២០១៩។ នេះ​បើ​តាម​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Fresh NewsAsia។

លីគលំដាប់ទី២ ឆ្នាំ២០២០ ​នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី៣ ខែតុលារហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ចំណែក​ការ​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរួម​មានរយៈពេល១ខែកន្លះ គិត​ចាប់​បី​ថ្ងៃ​ប្រកាស​រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០ខាងមុខ។

គួរ​បញ្ជាក់​ថា លីគលំដាប់ទី២​របស់​កម្ពុជា បាន​ចាប់​ផ្ដើម​ដំបូង​តាំង​ពី​ឆ្នាំ​២០១៦ និង​ដំណើរការ​បាន​តែ​ពី​រដូវ​កាល​ប៉ុណ្ណោះ គឺ​ឆ្នាំ​២០១៦ និង២០១៧ ហើយ​ត្រូវ​បាន​ផ្អាក​វិញ។ លីគទី២​នេះត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលបំណងស្វែង​រកក្រុមជើងឯក និងក្រុមជើងឯករង ឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ជំនួសក្រុមដែលឈរបាតតារាង ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី