លើកនេះមានទាំងរូបភាពច្បាស់ៗ និងលក្ខណៈសម្បត្តិពេញ Galaxy Note20 Ultra

  • 2020-07-22 02:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note20 Ultra នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ៥ ខែ​សីហា ប៉ុន្តែ​ពេល​នេះ​លក្ខណៈ​សម្បត្តិ​ពេញ (លក្ខណៈសម្បត្តិសម្រាប់លក់នៅអឺរ៉ុប) និង​រូបភាព​ច្បាស់ៗ​នៃ​ស្មាតហ្វូន​នេះ​បាន​លេច​ធ្លាយ ​បង្ហាញ​អំពី​ដំណឹង​មួយ​ចំនួន​ដែល​គេ​មិន​បាន​ដឹង​ពី​មុន​មក។

ផ្អែក​តាម​រូបភាព និង​​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​ WinFuture.de បាន​បង្ហាញ​​ថា​ Galaxy Note20 Ultra នឹង​មាន​អេក្រង់​ Super AMOLED ទំហំ ៦,៩អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត WQHD+ (3200x1440ភីកសែល) និង​មាន​ Refresh Rate 120Hz ដែល​គាំទ្រ HDR10+។ វា​នឹង​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​ដែល​មាន​អេក្រង់​ការពារ​ដោយ​កញ្ចក់ Gorilla Glass 7 ផង​ដែរ។

សមិទ្ធផល​មួយ​ទៀត​ដែល Samsung នាំ​យក​មក​ជា​មួយ Galaxy Note20 Ultra គឺ​ប៊ិច​ S-Pen ដែល​មាន​ Latency ទាប​បំផុត​ត្រឹម 9ms ប៉ុណ្ណោះ ប៉ុន​គ្នា​នឹង Apple Pencil ដែរ។ ស្មាតហ្វូន​នេះ​នឹង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 ជា​មួយ One UI 2.។ វា​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ និង​រន្ធ​បំពង​សំឡេង​បែប​ Stereo ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​មាន​ប្រើ​ប្រាស់​ឈីប​ Exynos 990 អម​ជា​មួយ RAM ទំហំ ១២GB និង​ជម្រើស​អង្គ​ផ្ទុក​ទំហំ ២៥៦GB/៥១២GB ជា​​ប្រភេទ UFS 3.1 ហើយ​មាន​រន្ធ​ដោត​មេមូរី​កាត​ទៀត​ផង។

ចំពោះ​កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​វិញ​គឺ​មាន​កាមេរ៉ា​ចំនួន​បី​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ១០៨MP មាន​ Dual-Pixel Autofocus, Laser Autofocus, មាន Aperture f/1.8 និង​អាច​​ថត​វីដេអូ 8K/30fps។ កាមេរ៉ា​បន្ទាប់​ជា​ Ultrawide ទំហំ ១២MP ដែល​មាន Aperture f/2.2។ ចុង​ក្រោយ​គឺ​កាមេរ៉ា​ Periscope ទំហំ ១២MP ដែល​អាច​ Zoom Optical 5x។ កាមេរ៉ា​លើ​ Galaxy Note20 Ultra នេះ អាច​ Zoom បាន​ឆ្ងាយ​បំផុត​ត្រឹម 50x មិន​ដល់ 100x ដូច S20 Ultra ឡើយ។

កាមេរ៉ា​ខាង​មុខ​វិញ​គឺ​មាន​ទំហំ ១០MP ដែល​មាន​ Dual-Pixel Autofocus និង​មាន​ Aperture f/2.2។ មុខងារ​មួយ​ចំនួន​ទៀត​មាន​ដូច​ជា​កន្លែង​ដាក់​ស៊ីម​ពីរ និង​មាន​​គាំទ្រ eSIM, មាន​ប្រព័ន្ធ 5G, LTE, Wi-Fi 6, Bluetooth 5.0, NFC និង​រន្ធ USB Type-C 3.2 ផង​ដែរ។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ Galaxy Note20 Ultra នឹង​មាន​នូវ​ Cloud Gaming ដែល​បង្កើត​ឡើង​ក្រោម​​ការ​សហការ​ជា​មួយ Microsoft។ លើ​ស្មាតហ្វូន​នេះ​នឹង​មាន​ហ្គេម​ល្បីៗ​ជាង ៩០ ដែល​អាច​ចូល​លេង​បាន​តាម​រយៈ Xbox Game Pass។

​ប្រភព​ខាង​លើ​បាន​លម្អិត​បន្ថែម​ថា​ Galaxy Note20 Ultra មាន​វិមាត្រ​ 164.8 x 77.2 x 8.1 ម.ម, ដំណើរ​ការ​ដោយ​ថ្ម​ទំហំ ៤៥០០ mAh, សាក​ថ្ម​កម្លាំង 45W, អាច​សាក​ថ្ម​ឥត​ប្រើ​ខ្សែ, មាន Reverse Wireless Charging, មាន​សមត្ថភាព​ការពារ​ទឹក​និង​ធូលី IP68 និង​មាន​ជម្រើស​ពណ៌​ពីរ ​គឺ​ពណ៌​​ខ្មៅ និង​ពណ៌​សំរឹទ្ធ​​៕​​​​​​​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង