នេះ​ហើយ​ជើង​ខ្លាំង​ PES​ ស្រុក​ខ្មែរ​ និយាយ​ពី​បទ​ពិសោធ​ឈ្នះ​ជើងឯក​ឆ្នាំ​២០២០

  • 2020-07-22 02:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភិន​ ប៉ូលីដែត​ ជា​ជើង​ខ្លាំង​ជាប់​លេខ១​ PES​ នៅ​ស្រុក​ខ្មែរ​ក្នុង​កម្មវិធី​ EFC CAFE PES 2020 ដែល​ជា​ការ​ប្រកួត​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨-១៩​ កក្កដា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

ប៉ូលីដែត(ឆ្វេង) រ៉ាវុធ(ស្ដាំ)

ប៉ូលីដែត​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ EFC CAFE PES 2020​ ខ្លួន​មិន​ស្មាន​ថា​អាច​ជាប់​លេខ១​ បែប​នេះ​ទេ​ ព្រោះ​មាន​កីឡាករ​ចូលរួម​ច្រើន​ និង​សុទ្ធតែ​មាន​ថ្វីដៃ​ទៀត​ផង។​ ប៉ុន្តែ​យ៉ាង​ណា​មាន​តែ​ការ​ខំប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ហើយ​ក៏​សម្រេច​បាន​ឡើង​ដល់​វគ្គ​សំខាន់ៗ​ដូច​ជា​ ៨​ក្រុម​ ឬ​៤ចុង​ក្រោយ​តែ​ម្ដង។​

ទិដ្ឋភាពថ្ងៃប្រកួត

ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ១​ វិញ​ជា​មួយ​ដៃគូ​ចាស់​ធ្លាប់​ចាញ់​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន​នោះ​ ភិន​ ប៉ូលីដែត​ ថា​ពិត​ជា​លំបាក់​ និង​ស្វិតស្វាញ​ណា​ទម្រាំ​អាច​ឈ្នះ។​ ដោយ​សារ​តែ​ វង្ស​ រ៉ាវុធ​ ជើងឯក​ឆ្នាំ​ចាស់​នោះ​ គឺ​មាន​សមត្ថភាព​ល្អ​ខ្លាំង​ និង​រីកចម្រើន​ជាង​មុន​ទៅ​ទៀត​ ប៉ុន្តែ​ដោយ​ភ្លាត់​ស្នៀត​បន្តិច​នៅ​តំបន់​អ្នក​ចាំ​ទី​ទើប​ចាញ់​ខ្លួន​នាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​

លេខ១(កណ្ដាល) លេខ២(ស្ដាំ) លេខ៣(ឆ្វេង)

កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ បើ​និយាយ​ពី​ការ​លេង​វិញ្ញាសា​បាល់ទាត់​អេឡិចត្រូនិក​នេះ​គិត​ទៅ​ប្រហែល​ ១៥​ឆ្នាំ​មក​ហើយ។​ ចំពោះ​ជ័យជម្នះ​ក្លាយ​ជា​ជើងឯក​ PES​ ២០២០​ នេះ​ដោយ​សារ​តែ​ខ្លួន​បាន​ពង្រឹង​សមត្ថភាព​ច្រើន​ អនុវត្ត​បាន​ច្រើន​ និង​ស្វែង​យល់ពី​បច្ចេកទេស​ថ្មីៗ​ជា​ពិសេស​បាន​បទ​ពិសោធ​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ ដែល​សហព័ន្ធ​បញ្ជូន​ទៅ​តែ​ម្ដង។​

តំណាងសហព័ន្ធប្រគល់ប្រាក់រង្វាន់

រំលឹក​ដែរ​ថា​ ភិន​ ប៉ូលីដែត​ ជា​ជើងឯក​កម្មវិធី​ EFC CAFE PES 2020​ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី១៨-១៩ ​កក្កដា​ ២០២០។​ មួយ​វិញ​ទៀត​ ប៉ូលីដែត​ ក៏​បាន​សងសឹក​ដៃគូ​ចាស់​ វង្ស​ រ៉ាវុធ​ ដែល​ធ្លាប់​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៩​ វិញ​ទៀត​ផង៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​