កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ធំជាងគេស្រុកខ្មែរ មានចំណុចពិសេស៥ ដែលគ្រប់គ្នាមិនធ្លាប់ដឹង

  • 2020-07-28 08:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«គោរបស់យើងត្រូវការសប្បាយចិត្ត ដើម្បីមានសុខភាពល្អ ហើយមានទឹកដោះច្រើន»។ នេះជាការលើកឡើងរបស់ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋានគិរីសួគ៌ បានប្រាប់ក្រុមការងារ Sabay កាលពីពេលថ្មីៗនេះ។

ការរក្សាសីតុណ្ហភាព ការថែទាំ ដូចជាងូតទឹក ចាក់ភ្លេង ការផ្ដល់ចំណី និងដាក់ប្រព័ន្ធតាមដានសុខភាពដើម្បីដឹងអំពីការវិវឌ្ឈសុខភាពរបស់គោប្រសិនបើសុខភាពខ្សោយមិនទាន់ឈឺក៏ដោយ តែរៀបនឹងឈឺ គឺគោទាំងនោះត្រូវបញ្ជូនទៅព្យាបាលជំងឺភ្លាមៗ។ ទាំងនេះគ្រាន់តែជាចំណុចពិសេសត្រួសៗ នៅកសិដ្ឋានគិរីសួគ៌ ខេត្តតាកែវ។

តើចំណុចនិមួយៗ គេត្រូវធ្វើដូចម្ដេចខ្លះ លោក ឈរ រិទ្ធី បានពន្យល់លម្អិតអំពីការចិញ្ចឹមគោយកទឹក ទាំង៥ចណុចដូចខាងក្រោម៖

- ១. ការរក្សាសីតុណ្ហភាព៖ ស្ទើរគ្រប់កន្លែងនៅក្នុងកសិដ្ឋានគិរីសួគ៌ បានបំពាក់កង្ហារ ដើម្បីធ្វើឲ្យគោទទួលបាននូវសីតុណ្ហភាព និងខ្យល់គ្រប់គ្រាន់ ព្រោះគោអូស្រ្តាលីទាមទារនៅសីតុណ្ហភាពត្រជាក់។ កង្ហារដែលបំពាក់ឡើងធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល ដោយកង្ហារប្រែប្រួលតាមអាកាសធាតុ នៅពេលអាកាសធាតុក្ដៅខ្លាំង កង្ហារវិលខ្លាំង នៅពេលអាកាសធាតុចុះត្រជាក់ កង្ហារវិលតិចវិញ។

- ២. ការងូតទឹក៖ គោចិញ្ចឹមយកទឹកដោះ ដែលជិះយន្តហោះមកពីអូស្រ្តាលី បានមកដល់កសិដ្ឋានគិរីសួគ៌នៅភ្នំតាម៉ៅ ខេត្តតាកែវ គឺទទួលបានការងូតទឹក ២ ទៅ ៣ដង ក្នុងមួយថ្ងៃមុននឹងយកទៅកន្លែងយកទឹកដោះ។ ទន្ទឹមនឹងបំពាក់នូវឧបករណ៍បាញ់ទឹកឲ្យគោ ក៏មានកង្ហារបាញ់សម្ងួតផងដែរ ដែលធ្វើឲ្យគោត្រជាក់ខ្លួនផង និងស្ងួតផង។

- ៣. ការចាក់ភ្លេង៖ ដើម្បីឲ្យគោសប្បាយចិត្តសំបូរទឹកដោះ គឺមានការចាក់ភ្លេងឲ្យគោស្ដាប់ ដើម្បីឲ្យគោទទួលបានអារម្មណ៍ល្អផងដែរ។

- ៤. ការផ្ដល់ចំណី៖ ការផ្ដល់ចំណីគឺសំខាន់ណាស់ នៅក្នុងកសិដ្ឋានគិរីសួគ៌ បានធ្វើឡើងដោយអនាម័យខ្ពស់ រាប់ទាំងកន្លែងទុកដាក់ចំណី ហើយចំណីសល់ត្រូវសម្អាតចេញ។ មួយទៀតគិរីសួគ៌ ក៏មានដីសម្រាប់ដាំស្មៅផ្ទាល់ខ្លួន។ និយាយរួម គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។

- ៥. បន្ទះឈីប៖ គ្រប់គោចិញ្ចឹមយកទឹកដោះ គឺមានដាក់បន្ទះឈី ចងភ្ជាប់ជើងគោ ដើម្បីតាមសកម្មភាពរបស់គោ ដូចជា តាមដានជំហ៊ានរបស់គោ ក្នុង១ថ្ងៃ ដើរប៉ុន្មានជំហាន ដេកប៉ុន្មានម៉ោង និង អាចបញ្ចេញទឹកដោះប៉ុន្មានលីត្រ នៅក្នុង១ថ្ងៃ។ បន្ទះឈីបនេះ ក៏អាចចាប់លេខរៀងគោ ដែលបង្ហាញនៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីដឹងអំពីអត្តសញ្ញាណគោ ផងដែរ។ ការតាមដានសុខភាពតាមបន្ទះឈីបនេះ គឺមានសារៈសំខាន់ណាស់ ប្រសិនបើគោចុះខ្សោយ មិនទាន់ឈឺក្ដី ក៏ក្រុមអ្នកជំនាញនឹងបញ្ជូនទៅពេទ្យ ដើម្បីព្យាបាលសុខភាព កុំឲ្យឈឺទាន់។

សូមចុចអាន៖ ទំនើបមែន! គោចិញ្ចឹមយកទឹកដោះនៅតាកែវ មានបន្ទះឈីបតាមដានសុខភាព រៀបឈឺក៏ដឹងមុន

គួរបញ្ជាក់ថា កសិដ្ឋានគិរីសួគ៌ បាននាំចូលពូជគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ពីប្រទេសអូស្រ្តាលី មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នប្រភេទគោញីយកទឹកដោះដែលល្បីបំផុតក្នុងលោកនេះ កំពុងបន្សុំាខ្លួនយ៉ាងល្អ ទៅនឹងបរិយាកាសថ្មី នៅក្នុងកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ដែលត្រូវបានសាងសង់តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ក្នុងខេត្តតាកែវ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា