អាថ៌កំបាំងត្រូវទម្លាយហើយ! មូលហេតុដែល អ៊ុំ សក្ខណា មានឱកាសដើរជាតួឯកម្ដងគត់ក្នុង១ជីវិត

  • 2020-07-29 03:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើងចាស់ អ៊ុំ សក្ខណា បាន​ទម្លាយ​អាថ៌កំបាំង​ក្នុង​អាជីព​សម្ដែង​ជាង​៣០​ឆ្នាំ​របស់​ខ្លួន​ដែល​មាន​ឱកាស​បាន​សម្ដែង​ជា​តួអង្គ​ឯក​ស្រី​តែ​មួយ​ដង​គត់​បើ​គិត​ពី​ឆ្នាំ​១៩៨៩ រហូត​មក​ដល់​ឆ្នាំ​២០២០ នេះ។

គេ​អាច​និយាយ​បាន​ថា ក្នុង​មួយ​ជីវិត​របស់​តារា​សម្ដែង​រូប​នេះ មាន​ឱកាស​បាន​ដើរ​ជា​តួ​អង្គ​ឯក​តែ​ម្ដង​គត់ ព្រោះ​ចូល​មក​ដល់​ឆ្នាំ​២០២០ នេះ អ្នកស្រី អ៊ុំ សក្ខណា មាន​វ័យ​៥៩​ឆ្នាំ​ហើយ ខណៈដែលតួអង្គឯកភាគច្រើនគេតម្រូវទៅលើតួស្រីវ័យក្មេង និងមានរូបសម្ភស្សស្អាត។

ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី នៅ​តែ​មាន​ឱកាស​បាន​ដើរ​ជា​តួ​អង្គ​សំខាន់ៗ ក្នុង​ចំណោម​រឿង​ប្រមាណ​១០០​រឿង ដែល​អ្នកស្រី​បាន​ថត​ជាមួយ​អង្គ​ល្បីៗ​តាំង​ពី​ទស្សវត្ស​៩០ រហូត​មក​ដល់​បច្ចុប្បន្ន​រួមមាន​៖ លោក ទេព រិនដារ៉ូ លោក ខៃ ពិសិដ្ឋ និង​សម តារា។ រីឯតារាសម្ដែងជំនាន់ថ្មីនេះ គឺមានដូចជាលោក នូ ឧសភា ឈិន មុន្នីនាថ និងសន ពិសិដ្ឋ ជាដើម។

អ្នកស្រី អ៊ុំ សក្ខណា រំលឹក​ថា រឿង​មួយ​ដែល​អ្នកស្រី​ទទួល​បាន​ឱកាស​ដើរ​ជា​តួ​អង្គ​ឯក ជាមួយ​លោក ខៃ ពិសិដ្ឋ នោះ​ គឺ​រឿង"បេះដូង​រហែក" ថត​នៅ​ក្នុង​ឆ្នាំ​១៩៨៩៖"ហេតុផល​ដែល​កាល​ណោះ​ខ្ញុំ​មាន​ឱកាស​ដើរ​ជា​តួ​អង្គ​ឯក​តិចតួច ព្រោះ​ខ្ញុំ​សម្ដែង​មិន​សូវ​បាន​ល្អ​ដូច​ឥឡូវ​នេះទេ តែ​ក៏​បាន​ដើរជា​តួ​រង និង​តួ​អង្គ​សំខាន់​ៗ​ក្នុង​រឿង​ដែរ"។

រស់នៅ​ដោយ​ពឹងផ្អែក​លើ​អាជីព​សម្ដែង​ជាង​៣០​ឆ្នាំ អ្នកស្រី អ៊ុំ សក្ខណា មិន​ដែល​ជិនណាយ​នឹង​ការ​សម្ដែង​ម្ដង​ណា​ឡើយ ពោល​គឺគាត់​នៅ​តែ​ទទួល​ថត​គ្រប់​សាច់​រឿង​ទាំងអស់រហូតដល់ចាស់ឲ្យ​តែ​មាន​ផលិតកម្ម​ណា​ហៅ​។ បច្ចុប្បន្ន​អ្នកស្រី កំពុង​ជាប់​ថត​ឲ្យ​ផលិតកម្ម អិល ឌី ក្នុង​រឿង​"អ្នក​ម៉ាក់​វ័យ​ក្មេង​វគ្គ​២" និង​រឿង​មួយ​ទៀត​ថត​ឲ្យ​ផលិតកម្ម​សាស្ដ្រា ក្នុង​រឿង"ភ្លើង​ស្នេហ៍​ភ្លើង​ចិត្ដ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ