បាន​កុសល​​ណាស់ G-Devith មិន​ត្រឹម​បួស​ខ្លួន​ឯង នៅ​បបួល​បាន​មនុស្ស​ជិត​ស្និទ្ធ​ម្នាក់​ទៅ​ជាមួយ​គ្នា​ទៀត

  • 2020-07-31 08:12:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

តារា​ចម្រៀង G-Devith ឬ ងួន ច័ន្ទដេវីដ បាន​ថយ​ក្រោយ​មួយ​ជំហាន​ទៅ​បួស​នៅ​វត្ត​មួយ​មាន​ឈ្មោះ​ថា​វត្ត "ល្អាង​កង្កែប" ឯ​ខេត្ត​បាត់​ដំបង ដែល​ការ​ដក​ឃ្លា​ទៅ​ជ្រក​ក្រោម​ឱវាទ​ព្រះធម៌ តាម​ដំណឹង​គឺ​លោក​មិន​បាន​ទៅ​តែ​ម្នាក់​ឯង​ទេ ប៉ុន្តែ​នៅ​បាន​អូស​សណ្ដោង​មនុស្ស​ជិត​ស្និទ្ធ​របស់​លោក​ម្នាក់​ទៀត​ទៅ​បួស​ជាមួយ​គ្នា​ផង។

កាយ​វិការ​នេះ ត្រូវ​បាន​ប្រិយមិត្ត​អ្នក​គាំទ្រ​ដែល​ជា​អ្នក​គោរព ប្រណិបត្តិ​ព្រះ​ពុទ្ធសាសនា អះអាង​ថា ជា​កាយវិការ​គំរូ​នាំ​មក​នូវ​បុណ្យ​កោសល្យ​ច្រើន​ណាស់។ តាម​ដំណឹង មនុស្ស​ម្នាក់​ដែល​បាន​សម្រេច​ចិត្ត​ទៅ​បួស​ជាមួយ​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​នេះ បើ​តាម​ដឹង​គឺ​ជា​ក្រុម​ការងារ​ម្នាក់​​របស់​លោក​តែ​ម្ដង គឺ​លោក​មាន​ឈ្មោះ "គា"។

ទេព បូព្រឹក្ស ដែល​ដៃគូ​របស់​តារា​ចម្រៀង​ដែល​ពេល​នេះ បាន​ប្រែ​ក្លាយ​ជា​សាមណេរ បាន​បញ្ចេញ​រឿង​នេះ បន្ទាប់​ពី​គេ​សម្គាល់​ឃើញ​ថា មាន​សាមណេរ​ម្នាក់ ដែល​មុន​នេះ​គេ​មិន​ស្គាល់ រមែង​មាន​មុខ​ជាមួយ​លោក ដេវីដ នៅ​ក្នុង​រូប​ភាព​បួស​របស់​ពួក​គេ ស្ទើរ​គ្រប់​សន្លឹក ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​ទាំង​ពីរ។ នាង​ថា មាន​ប្រិយមិត្ត​ច្រើន​ណាស់ បាន​ដណ្ដឹង​សួរ​នាង​ពី​សាមណេរ​រូប​នោះ។

ដូច្នេះ​ហើយ ទើប​នាង បាន​បញ្ចេញ​ឲ្យ​ដឹង​បក​ទៅ​ការ​ដណ្ដឹង​សួរ​ទាំង​នោះ។ បូព្រឹក្ស ថា​តាម​ពិត​សាមណេរ​រូប​នោះ គឺ​ជា​សមាជិក​ក្រុម​រាំ​របស់​លោក ដេវីដ តែ​ម្ដង។ បូព្រឹក្ស ថ្លែង​ថា នៅ​មុន​ពេល​ដែល​ លោក ដេវីដ បាន​សម្រេច​ចិត្ត​បួស លោក​បាន​ទៅ​សាក​សួរ​សមាជិក​ក្រុម​រាំ​រូប​នោះ អំពី​បំណង​ទៅ​ជាមួយ​គ្នា ហើយ​លោក​ក៏​បាន​ចម្លើយ​វិជ្ជមាន​ភ្លាម​ៗ ព្រោះ​សមាជិក​ក្រុម​រាំ​លោក​រូប​នោះ បញ្ជាក់​ថា នោះ​ជា​បំណង​របស់​គេ​ដែរ។

“អ្នក​ទាំង​អស់​គ្នា​បាន​សួរ​ខ្ញុំ​ថា ចុះ​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ដែល​បួស​ជាមួយ​លោក​បង​នោះ​ជា​អ្នក​ណា? គឺ​ជា​អ្នក​រាំ​ផ្ទាល់​ខ្លួន​របស់​លោក​បង​ចាស មុន​ទៅ​បួស​លោក​បង​បាន​សួរ​លោក​ប្អូន គា ថា គា ចង់​ទៅ​បួស​ជាមួយ​លោក​បង​ទេ? លោក​ប្អូន​ឆ្លើយ​យ៉ាង​មិន​ស្ទាក់​ស្ទើរ​ថា "ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ព្រោះ នេះ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ជា​យូរ​មក​ហើយ"។ បូព្រឹក ថ្លែង​ពី​សាមណេរ​ទាំង​ពីរ។

ក្រោយ​ពី​បាន​ព្រម​ព្រៀង​គ្នា អ្នក​ទាំង​ពីរ​ក៏​បាន​ចូល​ខ្លួន​ទៅ​បួស​នៅ​វត្ត "ល្អាង​កង្កែប" ក្នុង​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី ២៣ កក្កដា ២០២០ ដែល​គិត​មក​ដល់​ថ្ងៃ​នេះ គឺ​មាន​រយៈ​ពេល ១សប្ដាហ៍​ហើយ។ ចំពោះ​ការ​សម្រេច​ចិត្ត​ទៅ​បួស ខណៈ​ពេល​អាជីព​សិល្បៈ​កំពុង​តែ​ដំណើរ​ការ​ល្អ​នេះ មិន​មាន​ការ​ពន្យល់​ក្បោះក្បាយ​នៅ​ឡើយ។ ប៉ុន្តែ​ក្នុង​វីដេអូ live នៅ​ពេល​កោរ​សក់​បួស បញ្ជាក់​ថា ដោយ​សារ​លោក​មួយ​រយៈ​ចុង​ក្រោយ​មាន​រឿង ប៉ះពាល់​ផ្លូវ​ចិត្ត​លោក​ច្រើន​ពេក។

យ៉ាង​ណា សាមី​ខ្លួន​មិនបាន​លម្អិត​ថា មាន​រឿង​អ្វី​ខ្លះ​នោះ​ទេ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​បញ្ជាក់​ថា ពេល​ណា នឹង​ចាក​ភ្នួស​វិញ​នោះ​ដែរ៕

អត្ថបទ៖ ទារិកា