មក​ដឹង​ស្នាដៃ​ធំៗ​​អតីត​កីឡាករ​បាល់ទះ​ល្បី​រន្ទឺ សោម ចំណាប់​ និង​ដៃគូ​

  • 2020-08-03 02:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​​លោក សោម ចំណាប់ ត្រូវ​បាន​គណៈកម្មាធិការ​​សហព័ន្ធ​កីឡា​​បាល់ទះ​កម្ពុជា​​ប្រកាស​តែង​តាំង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​សម្រាប់​ឆ្នាំ​២០២០។

លោក សោម ចំណាប់ កាល​ឈ្នះ​មេដាយ​សំរឹទ្ធ

​​ក្នុង​ការ​​បង្ហាញ​ខ្លួន​​ជា​គ្រូ​បង្វឹក​​បាល់ទះ​កម្រិត​ខ្ពស់​នេះ​ ​​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​​បាន​ដឹង​ទេ​​ថា តើ​លោក សោម ចំណាប់ មាន​ស្នាដៃ​អ្វី​ខ្លះ​​កាល​លោក​នៅ​ជា​កីឡាករ​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​?

ឆ្នាំ​២០០៧ លោក​ សោម ចំណាប់ មាន​ដៃ​គូ​​​​លេង​យ៉ាង​ស៊ីចង្វាក់​គ្នា​​ខ្លាំង​មែន​ទែន​គឺ លោក សោម ណារិទ្ធ ​ដែល​ជា​បង​ប្រុស​បង្កើត​ ហើយ​ពេល​នោះ​លោក​ និង​បង​​ប្រុស​​​បាន​ចេញ​ទៅ​លេង​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ជូន​កម្ពុជា​។

​ក្រោយ​​មក​ទៀត​ដល់​ឆ្នាំ​២០០៨ លោក​ក៏​បាន​ជាប់​​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​ជា​ថ្មី និង​បាន​លេង​តំណាង​ឲ្យ​កម្ពុជា​ព្រឹត្តិការណ៍​អន្តរជាតិ​ក្នុង​ស្រុក​មួយ ដែល​មាន​ ៣ ប្រទេស​ចូល​រួម ពេល​នោះ​​ក៏​ឈ្នះ​មេដាយ​សំរឹទ្ធ​ដូច​គ្នា។

​ស្នា​ដៃ​មួយ​ទៀត​ក្នុង​ឆ្នាំ​២០០៨-២០០៩ ​លោក សោម ចំណាប់ និង​ដៃ​គូ​ដែល​ជា​​បង​ប្រុស​​ដដែល​ បាន​ចេញ​ទៅ​លេង​ក្នុង​​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់ទះ​ឆ្នេរខ្សាច់​ជើង​​ឯក​ទ្វីប​អាស៊ី​​នៅ​ប្រទេស​កាតា​ ពេល​​នោះ​មាន​ជាង ៥០ ប្រទេស​ចូល​រួម។ ក្នុង​​ព្រឹត្តិការណ៍​នោះ​លោក​មិន​បាន​ឈ្នះ​មេដាយ​ពិត​មែន​​ ប៉ុន្តែ​​​លោក​​ និង​បង​ប្រុស​បាន​​យក​ឈ្នះ​ទៅ​លើ​​ប្រទេស​ជា​ច្រើន ហើយ​ឡើង​ដល់​វគ្គ ១២ ក្រុម​ចុង​ក្រោយ ដែល​ជា​រឿង​ដ៏​កម្រ​មួយ​​​ផង​ដែរ។

លោក សោម ចំណាប់ (ទី១ រាប់​ពី​ស្ដាំ) និង​បង​ប្រុស (ទី២ រាប់​ពី​ស្ដាំ )

​បច្ចុប្បន្ន​លោក សោម ចំណាប់ និង​បង​ប្រុស​លោក សោម ណារិទ្ធ ​ក៏​មាន​តួនាទី​​ជា​គ្រូ​បង្ហាត់​បាល់ទះ​លើ​ក្ដារ​នៅ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ​ជា​មួយ​គ្នា​នោះ​លោក សោម ចំណាប់ ក៏​ត្រូវ​បាន​ចាត់តាំង​​ជា​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើស​ជាតិ ដែល​មាន​សិស្ស​បច្ចុប្បន្ន ៦ រូប​ក្នុង​នោះ​ ៣ រូប​មក​ពី​ក្លឹប​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ និង ៣ រូប​មក​ពី​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ ៣ ៕ ​​​​

សកម្មភាព​បង្វាត់​សិស្ស​​នៅ​ពហុកីឡដ្ឋានជាតិ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​