មកដឹងតម្លៃឡាន Mazda3 ឆ្នាំ២០២១ ប្រើម៉ាស៊ីន Turbo ថ្មី ទើបចេញក្តៅៗ

  • 2020-08-05 03:11:55
  • ចំនួនមតិ 4 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

Mazda3 ស៊េរីឆ្នាំ២០២១ នឹងមានជម្រើសម៉ាស៊ីន Turbo ហើយឥឡូវនេះក្រុមហ៊ុន Mazda ក៏បានបង្ហាញតម្លៃរបស់វាដែរ គឺចាប់ពី ២៩ ៩០០ដុល្លារ សម្រាប់ប្រភេទ Sedan និង ៣០ ៩០០ដុល្លារ សម្រាប់ប្រភេទ Hatchback។

Mazda3 2.5 Turbo នេះមានតម្លៃថ្លៃជាង Mazda3 ធម្មតាជិត ១០ ០០០ដុល្លារឯណោះ ប៉ុន្តែវាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ បើប្រើសាំងស៊ុបពែ និង ២២៧សេះ បើប្រើសាំងធម្មតា។ វាដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ AWD មកស្តង់ដារ។

ថ្វីបើវាមានតម្លៃថ្លៃជាងមុនខ្លាំង ប៉ុន្តែ Mazda3 2.5 Turbo មានបំពាក់ការឌីហ្សាញផ្នែកខាងក្រៅរឹតតែស្ព័រជាងមុន ដូចជា ប៉ាណាមុខខ្មៅរលោង, កញ្ចក់ចំហៀងខ្មៅរលោង និងយ៉ាន់ Alloy ទំហំ ១៨អ៊ីញពណ៌ខ្មៅ ជាដើម។ មិនតែប៉ុណ្ណោះ វាក៏បំពាក់អំពូលបំភ្លឺពេលថ្ងៃ LED, ផ្លិតទឹកអូតូ និង បំពង់ស៊ីម៉ាំងធំជាងម៉ូដែលធម្មតា ទៀតផង។

រីឯផ្នែកខាងក្នុងវិញ កៅអីស្បែកខាងមុខសម្រាប់អ្នកបើកបរមានមុខងារកម្តៅ, ដំបូល Moonroof ចុច និង ដៃចង្កូតមានមុខងារកម្តៅ ហើយមានបន្ទះដាក់លេខ ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បំពាក់អេក្រង់កម្សាន្ត ៨,៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay, កុងទ័របាញ់លើកញ្ចក់ និងប្រព័ន្ធសំឡេង Bose ដែលមាន Speaker ចំនួន ១២គ្រាប់ ជាដើម។

ដោយឡែក ចំពោះមុខងារសុវត្ថិភាពវិញ មានដូចជា Mazda Radar Cruise Control with Stop and Go, Smart Brake Support, Blind Spot Monitoring with Rear Cross-Traffic Alert, Lane Departure Warning with Lane-Keep Assist, Adaptive Front-Lighting System with High Beam Control និង Driver Attention Alert៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង